ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ស្ថាប​នា​ស្ពាន​អាកាស​៣​ ​និងផ្លូវ​ក្រោម​ដី​១​​​បន្ថែម​ទៀត ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាននៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​​នោះ​ ​អាជ្ញាធ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​១​​ខ្សែបន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាននៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​​នោះ​ ​អាជ្ញាធ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​១​​ខ្សែបន្ថែម​ទៀត ដើម្បី​កែ​​លម្អ និង​ដោះស្រាយ​បញ្ហា​​ការ​កក​​ស្ទះ​ចរាចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​​អ៊ីចឹងដែរ ។ ​គម្រោង​នេះ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ទៅ​នឹង​ប្រ​ព័​ន្ធ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​សាលា​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា ២០១៥ ​​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​​​រាជធានី​ភ្នំពេញ និង​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​​ពាក់​ព័ន្ធ​ក្រោម​​ឱ​វាទ​ជា​ច្រើន​រូប​ទៀត ។    

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា ​​២០១៥ ​នេះ លោក ប៉ា សុ​ជាតិ​វង្ស ​បាន​ដឹកនាំ​ប្រជុំ​ឆ្លង​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ ដើម្បី​កែ​លម្អ ​និង​ដោះស្រាយ​បញ្ហា​​ចរាចរណ៍នៅ​តំបន់​ក្បាលថ្នល់​នេះ​ឲ្យ​កាន់តែ​ប្រសើ​ឡើង ដូច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ​។ ​កិច្ចប្រជុំ​នេះ​បាន​ពិភា​ក្សា​លើជម្រើស​ចំនួន​២ គឺ ទី​១-សាងសង់​ស្ពាន​អាកាស​ចំនួន​២ និង​ផ្លូវ​ក្រោម​ដី​ចំនួន២ និងទី​២-​សាងសង់​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​ចំនួន​១ ។

ក្រោយ​ពី​ការ​បកស្រាយ​ដោយ ​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លើ​ការ​សិក្សា​គម្រោង​​លម្អិត​រួច​មក អង្គប្រជុំ​បាន​សម្រេច​ជ្រើស​យកជម្រើស​ទី​២ គឺ​សាងសង់​ស្ពាន​អាកាស​ចំនួន៣ និង​ផ្លូវ​ក្រោម​ដី​ចំនួន​១​ខ្សែ ដោយហេតុ​ថា​ ជម្រើស​ទី​២​នេះ​ ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ល្អ​ប្រសើរ​ជាង​ជម្រើស​ទី​១ លើ​បញ្ហា​ជម្រាល និង​កំពស់ ។

លោក​ សាំ ពិសិដ្ឋ ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នា​ពេល​នេះ បញ្ហា​​ការ​កកស្ទះ​ចរាចរ​ណ៍នៅ​តែ​កើត​មានដដែល​ ដើម្បី​ឲ្យ​មាន​ភាព​ប្រសើ​រឡើង សាលា​រាជធានី​ភ្នំពេញ ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​ទៀត ។ ស្ពាន​អាកាសដែល​សាលា​រាជធានី​ភ្នំពេញ​ជ្រើស​យក​ចំនួន​៣​នោះ គឺ ទី​១-​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង ឡើង​ភ្ពា​ប់​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ទី​២-​ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ ​និង​ទី​៣​-ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះ​មុនី​វង្ស​បត់​ទៅ​​មហា​វិថី​ព្រះ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត​ មុជ​ក្រោម​ដី​ពី​ចាក់​អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​តែ​ម្តង ។

​លោក​បាន​បញ្ជាក់​ថា ចំពោះ​ស្ពាន​អាកាស​ដែល​ហោះ​ខាងលើ​នេះ មាន​បណ្តោយ​មិន​ស្មើគ្នា​នោះ​ទេ គឺ​ចាប់ពី​២២០​ម៉ែត្រ​ដល់​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​​ម៉ែត្រទៅ​៧​ម៉ែត្រ ចំណែក​​ផ្លូវ​មុជ​ក្រោម​ដី​​វិញ មាន​បណ្តោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​មាន​ភាព​ប្រសើ​រ​ឡើង ។

ទាក់ទិនទៅ​នឹង​គម្រោងការ​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ខាងលើ​នេះ ពុំ​មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​ណា​អាច​បញ្ជាក់ពី​ការ​ចាប់ផ្តើម​ពី​ពេល​ណា​នោះ​ទេ ចំណែកឯ​ការ​ចំណាយ​ក៏​មិន​ទាន់​ដឹង​ដែរ ៕