ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដេកស្លាប់លើកូនខ្ទមម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី១៦ កញ្ញា ២០១៥ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលប្អូនប្រុសត្រឡប់ពីធ្វើការវិញ ក៏ប្រទះឃើញ ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមុំ សារ៉ាន់ អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មុខរបរដើរស៊ីឈ្នួលបោក ខោអាវឱ្យគេ រស់នៅក្នុងភូមិកើតហេតុខាងលើជាគ្រួសារក្រីក្រ រស់នៅជាមួយប្អូនប្រុស៣នាក់ក្នុងខ្ទមស្លឹកតូចមួយ ដោយប្អូនៗធ្វើជាកម្មករសំណង់រកបាន១ថ្ងៃរស់១ថ្ងៃ ។
ប្រភពពីប្អូនឱ្យដឹងថា បងស្រីខ្លួនមានប្តី២នាក់ ប្តីទី១បានកូន១ ហើយលែងលះគ្នា៧ឆ្នាំមកហើយ ចំណែកកូនបានទៅរស់នៅជាមួយប្តីនៅក្រុងកំពង់សោម។ ប្តីទី២ ឈ្មោះរី ជាស្ត្រីដូចគ្នាយកគ្នាជាប្តីប្រពន្ធ មានកូនចិញ្ចឹមម្នាក់ និងបានលែងលះគ្នាទៅនៅឯខេត្តតាកែវ រយៈ២ឆ្នាំហើយ ចំណែកកូនចិញ្ចឹមបានទៅរស់នៅជាមួយឈ្មោះរី ដែលគាត់បានចាត់ទុកជាប្តី។
ក្រោយពេលបែកគ្នាជាមួយប្តីជាស្រីដូចគ្នានេះ គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង១ថ្ងៃៗគិតតែពីផឹកស្រារហូត ភ្លេចបាយភ្លេចទឹក ធ្វើអោយសុខភាពទ្រុឌទ្រោមខ្លាំង ។ ហើយនៅរសៀលថ្ងៃទី១៦ កញ្ញា ប្អូនប្រុសបានទៅធ្វើកម្មករសំណង់អស់ ចំណែកស្រី្តរងគ្រោះ នៅក្នុងផ្ទះធម្មតាមិនមានរឿងអ្វីទេ ប៉ុន្តែពេលប្អូនមកពីធ្វើការវិញ ក៏ស្រាប់តែឃើញបងស្រីដេកស្លាប់នៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យអ្នកស្រុកក្នុងភូមិភ្ញាក់ផ្អើលតែម្តង ។
ចែករំលែកព័តមាននេះ