ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការរវាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ស្រាវជ្រាវចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះនាង ឈៀងលូន អាយុ៥២ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពស្រែវាល រស់នៅភូមិត្រពាំងឈូក ឃុំម.សេជ្រៃ ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២១ សីហា រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី២២ សីហា ២០១៥ ។ ការចាប់ខ្លួនស្ត្រីរូបនោះពីបទនាំនារីខ្មែរទៅរៀបការជាមួយបុរសជនជាតិចិននៅប្រទេសចិន ដោយខុសច្បាប់់ ។
មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សឲ្យដឹងថា ស្ត្រីចំនួនបីនាក់រស់នៅ ភូមិត្រពាំងឈូក និងភូមិអូរបេង ឃុំមេ.សជ្រៃ ស្រុកស្ទឹងត្រង់ បានចាញ់បោកមេខ្យល់នោះ តែពួកនាងត្រូវនគរបាលវៀតណាម រំដោះចេញពីក្រុងហាណូយ រួចបញ្ជូនមកស្រុកខ្មែរវិញតាមច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលថ្ងៃទី១៣ សីហា ។ សមត្ថកិច្ចបានបញ្ជូនស្ត្រីទាំងនោះទៅកាន់ស្រុកកំណើតវិញ ហើយពួកនាងបានដាក់ពាក្យប្តឹងមេខ្យល់ ។
ដោយមានកិច្ចសហការល្អពីលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្តកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានសួរនាំស្ត្រីរងគ្រោះ រួចបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីសុំដីកាតាមចាប់ខ្លួនមេខ្យល់ឈ្មោះ ឈៀង លួន ។
កាលពីដើមខែកក្កដា ២០១៥ មេខ្យល់រូបនោះ បានបញ្ចុះបញ្ចូលស្ត្រីចំនួន៤នាក់ ឲ្យទៅរៀបការជាមួយបុរសជនជាតិកូរ៉េ ដែលសុទ្ធសឹងតែជាអ្នកមានជីវភាពធូរធារ ។ ចំពោះការចំណាយលើការធ្វើដំណើរ គឺមេខ្យល់ជាអ្នកចេញ ថែមទាំងសន្យាថានឹងឲ្យប្រាក់ចំនួន១.១០០ដុល្លារ នៅពេលទៅដល់គោលដៅ ។
មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សបញ្ជាក់ថា នៅអំឡុងខែកក្កដា និងថ្ងៃទី៣ សីហា ២០១៥ មេខ្យល់ឈ្មោះឈៀង លួន បាននាំស្ត្រីចំនួន៤នាក់ដែលមានអាយុចាប់ពី១៨ឆ្នាំទៅ២១ឆ្នាំ ទៅប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម និងមានមេខ្យល់ជនជាតិវៀតណាមម្នាក់ទៀតចាំទទួលនៅចំណតរថយន្តក្រុងហូជីមិញ ។
ដោយឡែកនៅថ្ងៃទី០៣ សីហា ២០១៥ មេខ្យល់បាននាំនារី៣នាក់ទៅកាន់ទីក្រុងហាណូយ ប្រទេស វៀតណាម ដោយមានមេខ្យល់ជនជាតិចិន២នាក់ចាំទទួល និងនាំចេញបន្តទៅប្រទេសចិន តែត្រូវនគរបាលវៀតណាមឃាត់ និងចាប់មេខ្យល់ជនជាតិចិនម្នាក់ ។ ចំណែកនារីខ្មែរ៣នាក់នោះត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញតាមច្រកបាវិត ខេត្តស្វាយរៀង ។ ករណីនេះសមត្ថកិច្ចនឹងតាមចាប់ខ្លួនអ្នកពាកព័ន្ធបន្តទៀត ៕
ចែករំលែកព័តមាននេះ