រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនមិស្គាល់មុខមួយក្រុមដឹកយកមកទម្លាក់ចោលនៅចំកណ្ដាលផ្លូវសហព័ន្ធរុស្ស៊ីទាំងសន្លប់ស្តូកស្តឹង សង្ស័យត្រូវគេដាក់ថ្នាំយកម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី២៥ សីហា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមសម្ដីរបស់បុរសឈ្មោះ សូឡា អាយុជាង៤០ឆ្នាំ ជាអ្នកសារព័ត៌មានម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានជនមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៤គ្រឿង ឌុបជនរងគ្រោះយកមកទម្លាក់ចោលនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ទាំងជនរងគ្រោះមានសភាពរឹងថ្គាម ហើយខាំមាត់ សន្លប់ស្តូកស្តឹង នៅលើខ្លួនជនរងគ្រោះមានលុយតែចំនួន១ម៉ឺនរៀលប៉ុណ្ណោះ ។ ជុំវិញករណីសង្ស័យនេះ ជនរងគ្រោះអាចជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យដាក់ថ្នាំសណ្តំយកម៉ូតូហើយដឹកយកមកទម្លាក់ចោលនៅចំណុចខាងលើ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ