ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMS​ជូន​លោក សម រ​ង្ស៊ី ខ្ញុំ​សង្ឃឹមថា ឯ​.​ឧ​.​នឹង​អប់រំ​ផ្ទៃក្នុង​បក្ស​កុំឱ្យ​ធ្វើ​សកម្មភាព​ទុច្ចរិត​ទៀត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​លោក​សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ការ​ផ្ទៀងផ្ទាត់​ផែនទី​បាន​បញ្ចប់​ជា​ស្ថាពរ​ដែរ​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ (SMS)

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​លោក​សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ការ​ផ្ទៀងផ្ទាត់​ផែនទី​បាន​បញ្ចប់​ជា​ស្ថាពរ​ដែរ​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ (SMS) ពិសេស​មួយ​ទៅ​កាន់​លោក សម រ​ង្ស៊ី ស្ដី​ពីលទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ថា ផែនទី​របស់​រាជរដ្ឋាភិបាល និង​ផែនទី​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) មាន​លក្ខណៈ​ដូច​គ្នា ។

យោង​តាម​គេហទំព័រ​អន​ឡាញ​ក្នុងស្រុក ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ សីហា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ផែនទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់ អ​.​ស​.​ប ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២០ សីហា ថា ដូច​គ្នា​ទាំងស្រុង នៅ​វិមាន​សន្តិភាព និង​នៅ​ចំពោះ​មន្ត្រី​សំខាន់​ៗ​ពាក់ព័ន្ធ​ជា​ច្រើន​និង​គ្រប់​ភាគី ព្រមទាំង​ចំពោះ​មុខមន្ត្រី  អ​.​ស​.​ប និង​អ្នក​សារព័ត៌មាន​ផង​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​ក្តៅ​គគុក​អំពី​ផែនទី និង​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​មួយ​តាម​រយៈ​ទូរស័ព្ទ​ជូន​ទៅ​លោក សម រ​ង្ស៊ី ដោយ​រៀបរាប់​អំពី​បញ្ហា​ដ៏​សំខាន់​នេះ ។

ខ្លឹមសារ​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​លោក សម រ​ង្ស៊ី គូសបញ្ជាក់​ថា ៖ «​ជូន​ឯកឧត្តម សម រ​ង្ស៊ី ! សង្ឃឹមថា ឯកឧត្តម​នឹង​យល់​ពី​គោលបំណង​ដែល​ខ្ញុំ​ផ្ញើ​ជូន​ឯកឧត្តម​នូវ​ព្រះរាជ​សារ​ព្រះមហាក្សត្រ និង​ច្បាប់​ទាក់ទង ទៅ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ។ ខ្ញុំ​បាន​ផ្ដល់​ឱកាស​ច្រើន​ណាស់​ហើយ​សម្រាប់​ការ​យល់​របស់​ឯកឧត្តម និង​សហការី​ឯកឧត្តម តែ​ដូច​មិន​យល់​សោះ រហូត​បន្ត​ប្រើ​ពាក្យ​ផែនទី​ក្លែងក្លាយ ។ ម្សិលមិញ ក្រោយ​ពេល​ផ្ទៀង​ផែនទី​យក​ពី​អង្គការសហប្រជាជាតិ តំណាង​គណបក្ស​ឯកឧត្តម​បាន​និយាយ​ថា អ្នក​និយាយ​ជា​សិទ្ធិ​របស់​បុគ្គល មិន​ទាក់ទង​នឹង​គោល​ជំហរ​គណបក្ស​ទេ​។ សង្ឃឹមថា ឯកឧត្តម​នឹង​ណែនាំ​ដល់​អ្នក​ដែល​បញ្ចេញយោបល់​ទាំងនោះ​ឲ្យ​យល់ ដោយ​រាប់​ទាំង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​អំពី​ច្បាប់​ទាក់ទង​នឹង​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​កម្ពុជា និង​វៀតណាម​លើ​បញ្ហា​ព្រំដែន​ផង​» ។

សម្តេច​តេ​ជោ​បន្ថែម​ថា «​ខ្ញុំ​នឹង​ឲ្យ​ផ្សព្វផ្សាយ​នូវ​ឯកសារ​ទាំងអស់ រាប់​ទាំង​លិខិត​របស់​សម្តេចឪ ផ្ញើ​ជូន​អតីត​នាយក​រដ្ឋមន្ត្រី​វៀតណាម ផាំ វ៉ា​ន់​ដុ​ង កាលពី​ឆ្នាំ​១៩៩៩ សុំ​យក​ខ្សែ​ប្រេ​វី​យេ​ជា​ខ្សែ​ព្រំ​ដែនទឹក​រវាង​កម្ពុជា និង​វៀតណាម​។ ខ្ញុំ​សង្ឃឹមថា ឯកឧត្តម​នឹង​អប់រំ​ផ្ទៃក្នុង​បក្ស​កុំឱ្យ​ធ្វើ​សកម្មភាព​ទុ​ច្ចរិច បំផ្លាញ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ព្រំដែន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​» ។

សម្តេច​តេ​ជោ​លើក​ឡើង​ទៀត​ថា «​តាម​រយៈ​ការ​ពន្យល់​ដ៏​តិចតួច​នេះ ឯកឧត្តម​អាច​យល់​ថា ហេតុ​អ្វី​បានជា​លោក ហុង ស៊ុន​ហួរ ត្រូវ​ចាប់ខ្លួន​និង​សកម្មភាព​ផ្លូវច្បាប់​ត្រូវ​ប្រកាន់​យក​សម្រាប់​អ្នក​ណា​ក៏​ដោយ​ដែល​និយាយ​ថា ផែនទី​ក្លែងក្លាយ ធ្វើ​សកម្មភាព​ញុះញង់ បោកប្រាស់ប្រជាពលរដ្ឋ បង្ក​អ​ស្ថិរភាព ដើម្បី​កេង​ចំណេញ​យក​សន្លឹក​ឆ្នោត ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ស្របច្បាប់​របស់​ជាតិ​និង​ប្រជាជន​នោះ​ឡើយ​» ។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា «​ឯកឧត្តម អាច​ចោទសួរ​ខ្ញុំ​ថា បើ​មាន​ផែនទី​ត្រឹមត្រូវ​ហើយ​ថែម​ទាំង​មានច្បាប់​គាំពារ​ទៀត ហេតុ​អ្វី​ចាំបាច់​ទៅ​សុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ និង​ពី​ប្រទេស​ផ្សេង​ទៀត ? ត្រង់​ចំណុច​នេះ ឯកឧត្តម​អាច​យល់​ពី​បំណង​ល្អ​របស់ខ្ញុំ ដែល​ចង់​ឲ្យ​ខ្មែរ​ទាំងអស់​ឯកភាព​គ្នា​លើ​ផែនទី ងាយស្រួល​រួម​គ្នា​ការពារ​ទឹកដី​តាម​ផែនទី​ដែល​រាជរដ្ឋាភិបាល​មាន ។ យើង​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ផ្សេង​ទៀត មក​ផ្ទៀង​ជាមួយ​ផែនទី​ផ្លូវការ​របស់​កម្ពុជា ដែល​ស្រប​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ និង​មានច្បាប់​ធានា​លើ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម ។ យើង​ធ្វើ​នេះ​ក៏​ចង់​ធានា​តម្លាភាព​ក្នុង​ចំណោម​ជាតិ​យើង កុំ​ឲ្យ​ចោទប្រកាន់​គ្នា​ថា ផែនទី​នេះ​ត្រឹមត្រូវ ផែនទី​នោះ​ក្លែងក្លាយ រាប់​ទាំង​ផែនទី​ឯកឧត្តម​ដែល​ទិញ​ក្នុង​តម្លៃ​១៦៨​ដុល្លារ ក៏​បាន​យក​មក​ផ្ទៀង​រួច​ហើយដោយ​រាជបណ្ឌិត្យសភាកម្ពុជា ។ មុន​ឯកឧត្តម​ផ្តល់​ផែនទី​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា ទាំង​ឯកឧត្តម ទាំង​អ្នកគាំទ្រ​អះអាង​ថា ជា​ផែនទី​ត្រឹមត្រូវ ហើយ​ចោទ​ថា ផែនទី​រាជរដ្ឋាភិបាល​ជា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ ។ ពេល​នេះ​អ្វី​ៗ​ច្បាស់​ហើយ ផែនទី​ត្រឹមត្រូវ​របស់​ឯកឧត្តម​ខ្វះ​២​ផ្ទាំង សុំរ​កមក​បង្គ្រប់​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ។ សុំ​ឯកឧត្តម​កុំ​បន្ទោស​ខ្ញុំ​ថា ប្រើ​ល្បិច​យក​សត្វ​មាន​ពិស​ចេញពី​រូង ព្រោះ​ផែនទី​ត្រឹមត្រូវ​របស់​ឯកឧត្តម​សាហាវ​ជាង​សត្វ​អាសិរពិស​ទៅ​ទៀត ព្រោះ​ផែនទី​នេះ​មិន​ត្រឹមតែ​បោកប្រាស់​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​ផែនទី​នេះ​បាន​ធ្វើ​ឲ្យ​សហការី​ឯកឧត្តម​ខ្លះ​ជាប់គុក និង​ខ្លះ​ទៀត​កំពុង​រត់គេច​ខ្លួន​» ។

«​ខ្ញុំ​សង្ឃឹមថា ចាប់ពី​ពេល​នេះ​តទៅ បញ្ហា​ព្រំដែន ពិសេស​ព្រំដែន​កម្ពុជា​-​វៀតណាម លែង​ក្លាយទៅជា​ល្បែង​នយោបាយ​បោកប្រាស់​ប្រជាជន​ពី​សំណាក់​ឯកឧត្តម​ផ្ទាល់ និង​មនុស្ស​ក្នុង​គណបក្ស​ឯកឧត្តម​តទៅ​ទៀត ។ ខ្ញុំ​នឹង​ចូលរួម​កំដរ​ឯកឧត្តម​នូវ​គ្រប់​ទម្រង់​ល្បែង​និង​គ្រប់​កាលៈទេសៈ គ្រប់​រដូវ​កាល និង​គ្រប់​រសជាតិ (​ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរ​ចត់​) ។​ល​។ ខ្ញុំកំដរ​ឯកឧត្តម​បាន​ទាំងអស់ ដូចដែល​ធ្លាប់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​កន្លង​មក តាំងពី​មាន​ស៊ី អត់​សែន មាន​សែន អត់​ស៊ី រហូត​មក​ដល់​វប្បធម៌​សន្ទនា ដែល​យើង​បាន​រួម​គ្នា​កសាង​ឡើង​ដែល​ជា​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​យើង​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​» ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ សីហា​កន្លង​ទៅ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ផែនទី​របស់​វិទ្យាស្ថាន​ជាតិ​បារាំង ។ ពេល​នោះ​មាន​ផែនទី​ចំនួន​២៦​ផ្ទាំង​ដូច​គ្នា ឯ​ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្តល់​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​មាន​លក្ខណៈ​ដូច​គ្នា​ទាំងអស់​មាន​ចំនួន​២៤​ផ្ទាំង ចំណែក​២​ផ្ទាំង​ទៀត​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បដិសេធ​មិន​ទទួល​ព្រោះ​មាន​លក្ខណៈ​ខុស​គ្នា ។

ចំពោះ​បញ្ហា​នេះ លោក អ៊ូ ចន្ទ​ឫទ្ធិ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកនាំពាក្យ​គណបក្ស​នេះ ធ្លាប់​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ស្វែងរក​ផែនទី​២​ផ្ទាំង​ទៀត​មក​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ដើម្បី​ផ្ទៀងផ្ទាត់​ឲ្យ​ដូច​គ្នា ។ ឯ​ចំពោះ​បញ្ហា​ដែល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ថា រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​នោះ ជា​ការ​លើក​ឡើង​របស់​បុគ្គល​នោះ​ទេ មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកចោទ​ទេ ៕