ខេត្តប៉ៃលិន ៖ យុវជនម្នាក់ត្រូវក្រុមគ្រួសារដឹកតាមរថយន្តឈ្នួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ហើយបានក្រុមគ្រូពេទ្យដាក់ទឹកលាងក្រពះជម្រះជាតិពុលឱ្យរួចផុតជីវិត ដោយសារតែខឹងនឹងម្តាយសង្សារហាមមិនឱ្យអង្គុយនិយាយលេងជាមួយកូនស្រីគាត់នាពេលយប់ លុះត្រឡប់មកផ្ទះវិញ ក៏ស្ទុះទៅទាញយកដបទឹកថ្នាំពុលប្រភេទសញ្ញាឆ្កែអង្គុយ ផឹកអស់ពីរកូនកែវធ្វើអត្តឃាត បណ្តាលឱ្យក្តៅប្រកាច់ បែកពពុះមាត់នៅក្នុងផ្ទះតែម្តង ។
ហេតុការណ៍ផឹកថ្នាំពុលប៉ងធ្វើអត្តឃាតនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសំបូរ ហៅអាចម៍គោ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា យុវជនជនរងគ្រោះមានឈ្មោះ ពៅ ញ៉ាញ់ អាយុ២០ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅចំណុចខាងលិចស្ពានដៃទន្លេ ក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកោះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះ ពៅ អាយុ៥៩ឆ្នាំ បានរៀបរាប់ឱ្យដឹងថា មូលហេតុដែលកូនប្រុសគាត់ផឹកថ្នាំពុលប្រភេទសញ្ញាឆ្កែអង្គុយ ដោយសារតែតូចចិត្តនឹងម្តាយសង្សារហាមមិនឱ្យកូនស្រីគេនិយាយលេងនៅពេលយប់ជាមួយកូនប្រុសរបស់គាត់ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគាត់មិនបាននៅផ្ទះទេ ដោយជាប់រវល់ទៅលេងផ្ទះបងប្អូនក្នុងភូមិ រីឯកូនប្រុសគាត់បានទៅលេងផ្ទះសង្សាររបស់ខ្លួន ដែលស្រឡាញ់គ្នាជាយូរមកហើយនៅក្នុងភូមិជាមួយគ្នា លុះម្តាយខាងស្រីបានស្តីបន្ទោសបន្តិចបន្តួចថា ប្រុស និងស្រីមិនត្រូវមកអង្គុយនិយាយគ្នាលេងបែបនេះទេ ព្រោះមិនសមភ្នែកអ្នកស្រុក ហើយបើសិនជាស្រឡាញ់កូនស្រីរបស់គាត់ពិតប្រាកដនោះ សូមឱ្យឪពុកម្តាយនាំចាស់ទុំមកចូលស្តីដណ្តឹងកូនស្រីគាត់រៀបការតាមប្រណៃណីខ្មែរទៅ គាត់ក៏មិនបំបែកបំបាក់អ្វីដែរ បើសិនជាស្រឡាញ់គ្នាស្មោះស្ម័គ្រពិតមែននោះ តែកុំឱ្យទុំមុនស្រគាលឱ្យសោះ ព្រោះខ្មែរយើងមានប្រពៃណីល្អណាស់ ។
គាត់បញ្ជាក់ទៀតថា ក្រោយពីស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែកូនប្រុសរបស់គាត់ខឹងនឹងម្តាយខាងស្រី ក៏រត់ទៅទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកសញ្ញាឆ្កែអង្គុយមកផឹកអស់ពីរកូនកែវបណ្តាលឱ្យក្អួតចង្អោរ ប្រកាច់បែកពពុះមាត់ សន្លប់បាត់ស្មារតីនៅក្នុងផ្ទះ ហើយពេលនោះបានបងស្រីជីដូនមួយរបស់គេឃើញទាន់ ក៏រត់ទៅប្រាប់ឱ្យរករថយន្ដឈ្នួលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។
លោកគ្រូពេទ្យបញ្ជាក់ឱ្យដឹងថា គ្រប់ថ្នាំពុលទាំងអស់សុទ្ធតែប៉ះពាល់ដល់សុខភាព ដូច្នេះបើទោះបីជាលាងក្រពះជម្រះជាតិពុលយ៉ាងណាក៏ដោយ បើសិនជាយុវជនរងគ្រោះផឹកអស់ច្រើននោះនឹងធ្វើទុក្ខរលាកក្រពះ ពោះវៀន អាចប៉ះពាល់ដល់អាយុជីវិតផងដែរ ៕
ចែករំលែកព័តមាននេះ