ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ឃាត់​ម្ចាស់​ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេកទេស​២​គ្រឿង​យក​មក​អប់រំ​ណែនាំ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង ធ្វើការ​ចាប់​ឃាត់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ជិត​ផ្ទះសំណាក់ «​ដា​ឡា​ត់​»

ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​២​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង ធ្វើការ​ចាប់​ឃាត់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ជិត​ផ្ទះសំណាក់ «​ដា​ឡា​ត់​» ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ ឆ្នាំង ខណៈ​ដែល​ម៉ូតូ​ទាំង​២​គ្រឿង​បំពាក់​បំពង់​ស៊ី​ម៉ាំង​បញ្ចេញ​សម្លេង​ខ្លាំង រំខាន​ដំណេក​ប្រជាពលរដ្ឋ ។

លោក ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​មាន​ប្រសា​ស​ឱ្យ​ដឹង​ថា ខណៈ​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ដងផ្លូវ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ម៉ូតូ​២​គ្រឿង​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស​ពី​លំនាំ​ដើម ហើយ​ក៏​បាន​ធ្វើការ​ឃាត់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តែ​ម្តង ។ ចំពោះ​ម៉ូតូ​កែ​ច្នៃ​ទាំង​២​គ្រឿង​ខាងលើ​នេះ សមត្ថកិច្ច​បានឃើញ​ថា ម៉ូតូ​ទី​១ ជា​ម៉ូតូ​ប្រភេទ​ហុងដា​ឌ្រី​ម សេ​១២៥ បាន​កែ​ឆ្នៃ​ត​សាក់​ស៊ី​ក្រោយ វែង​ជាង​សាក​ស៊ី​ម៉ូតូ​ធម្មតា​២​ដង គឺ​ជាង​១​ម៉ែត្រ និង​បាន​បំពាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ទៀត​ផង ក្រៅពី​នោះ​នៅ​មាន​បំបាក់​ភ្លើង​ឡាស៊ែ​ខុស​បច្ចេកទេស ។ ចំណែក​ម៉ូតូ​ទី​២ គឺ​បាន​បំពាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន និង​ស៊ី​ផ្លេ​ស៊ី​រ៉ែ​ន ព្រមទាំង​ពាក់​ស្លាក​លេខ​ខេ​មរ​ភូមិ​ន្ត​ក្លែងក្លាយ​ទៀត​ផង ។ ម៉ូតូ​ទាំង​២​គ្រឿង​នេះ​បាន​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​នៅ​ពេល​យប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង​បាន​មក​ទទួលកំហុស ព្រម​ដាក់​សម្ភារ​ម៉ូតូ​ឱ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម និង​ទទួល​ការ​ផាកពិន័យ​ផង​ដែរ​បន្ទាប់​ពី​សមត្ថកិច្ច​អប់រំ​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ក្នុង​ការ​ប្រើប្រាស់​យាន្ត​យន្ត​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រួច​មក និង​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ 

សូម​រំ​ឮ​កថា ជា​រឿយ​ៗ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​តែងតែបាន​ធ្វើការ​ចាប់​ឃាត់​ម៉ូតូ ដែល​មាន លក្ខណៈ​ខុស​ប​ចេ្ច​ក​ទេស​យក​មក​ធ្វើការ​ផាកពិន័យ និង​អប់រំ​ណែនាំ​ឱ្យ​បំពាក់​គ្រឿងបន្លាស់​ដូច​ដើម ទើបបាន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕