ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៤ និង៥នាទីល្ងាច ថ្ងៃទី៩ សីហា ២០១៥ នៅភូមិតារក្ស ឃុំឈើទាល ស្រុកស្វាយជ្រំ មានករណីប្តីកាប់ប្រហារប្រពន្ធយ៉ាងសាហាវបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយពេលសមត្ថកិច្ចនគបាលចូលទៅជួយត្រូវជនកំណាចកាប់ប្រហារនគបាលឲ្យរងរបួសធ្ងន់ធ្ងរ២នាក់ទៀតបន្ថែមទៀត ។
ជនកំណាច ឈ្មោះ គី សារ៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំពទ្ធ័ចាប់បញ្ជូនមកស្នងការនគបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
សមត្ថកិច្ចនគរបាលដែលរងរបួសធ្ងន់ធ្ងរទាំង២នាក់គឺ ១-លោក អ៊ឹម ញាន នាយប៉ុស្តិ៍រដ្ឋបាលនគបាលឃុំឈើទាល ត្រូវជនកំណាចកាប់ត្រូវ២កាំបិតផ្គាក់ រងរបួសក និងស្មាធ្ងន់ធ្ងរ សន្លប់នៅក្នុងថ្លុកឈាម ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ និង២-លោកវរសេនីយ៍ត្រី នៅ ផល្លា មន្ត្រីនគបាលខេត្ត រងរបួសកំភួនជើងឆ្វេងធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
បើតាមមន្ត្រីនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនកំណាចឈ្មោះ គី សារ៉ុន ផឹកស្រាស្រវឹងក៏កើតភ្លើងប្រច័ណ្ឌរករឿងវាយប្រពន្ធ រហូតឈ្លោះប្រកែកគ្នា ប្តីកំណាចក៏ទាញបានកាំបិតផ្គាក់កាប់ទៅលើប្រពន្ធឈ្មោះ មាណ មឿន អាយុ៥៣ឆ្នាំ មួយកាំបិតចំថ្ពាល់ខាងឆ្វេងដល់ចង្កាដួលសន្លប់នៅក្នុងថ្លុកឈាម ។ អ្នកជិតខាងឃើញក៏ស្រែកឆោឡោប្តឹងនគបាល ស្របពេលនោះលោកវរសេនីយ៍ត្រី នៅ ផល្លា ប្រធានក្រុមបង្ក្រាបចុះទៅដល់ ដឹកនាំលោកអនុសេនីយ៍ទោ អ៊ឹម ញាន នាយប៉ុសិ៍រដ្ឋបាលឃុំឈើទាលចូលទៅជួយស្ត្រីរងគ្រោះ ក៏ត្រូវជនកំណាចកាប់ចំលោកនាយប៉ុស្ត៍ចំនួន២កាំបិត ១កាំបិតចំក ដាច់សរសៃ និង១កាំបិតចំស្មា ដាច់ដល់ឆ្អឹង ដួលសន្លប់ក្នុងថ្លុកឈាម ឃើញដូច្នេះលោក នៅ ផល្លា ចូលទៅជួយប្រតាយប្រតប់គ្នាមួយប្រាវ ក៏ត្រូវជនកំណាចកាប់ចំកំភួនជើងឆ្វេង រងរបួសធ្ងន់ ឃើញដូច្នេះសមត្ថកិច្ចយើងក៏បាញ់គម្រាម២គ្រាប់ ទើបជនកំណាចរត់គេចចូលទៅក្នុងភូមិ ។ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកមន្ត្រីប៉ូលិសរងគ្រោះ អ៊ឹម ញាន ទៅរាជធានីភ្នំពេញភ្លាមៗ និងដឹកស្ត្រីរងគ្រោះ និងលោក នៅ ផល្លា មកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញបន្ត មិនដឹងថាមានវាសនាយ៉ាងណានោះទេ ។
រីឯជនកំណាចសមត្ថកិច្ចដាក់កម្លាំងបន្ថែមព័ទ្ធចាប់រហូតដល់ម៉ោង៥ល្ងាច ទើបជនកំណាចដាក់កាំបិតក្បែរខ្លួនរួចមូរថ្នាំជក់ ក៏ត្រូវសមត្ថកិច្ចលបចូលទៅឆក់យកកាំបិតបាន និងនាំគ្នាចូលចាប់សង្កត់កជាប់វាយខ្នោះដៃបញ្ជូនមកស្នងការនគបាលខេត្តភ្លាមៗដែរ និងកសាងសំណុំរឿងបញ្ជូនឲ្យសាលាដំបូងចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ