មេដឹកនាំនយោបាយអាវលឿង និយាយទាំងងងឹតល្ងង់គួរឱ្យខ្មាស ប៉ះពាល់ដល់ទំនាក់ទំនងការទូតកម្ពុជា-សៀម
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:៥៧
រាជធានីភ្នំពេញ ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៥ កក្កដា ដោយសរសេរថា ការិយាល័យអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ដ្រីរបស់រាជរដ្ឋាភិបាលកម្ពុជា សូមសំដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ប្រាសចាកពីការពិត ដែលធ្វើឡើងដោយមេដឹកនាំសម័ន្ធ មិត្ដប្រជាជន ដើម្បីប្រជាធិបតេយ្យ (ពួកអាវលឿង) លោកសុនធិ លិមថងគុន ដែលបានធ្វើឡើងតាមបណ្ដាញឃោសនា ASTV កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១០ នៅវេលាម៉ោង០០និង៥៥នាទីព្រឹក ។
- -តាមការពិត អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ នៅក្នុងមាត្រា II បាននិយាយពី ការបង្កើតគណៈកម្មការចំរុះកម្ពុជា-ថៃ ស្ដីពីការខណ្ឌសីមាព្រំដែនគោក មិនមែនដូចអ្វី ដែលលោកសុនធិ លិមថងគុន លើកឡើង ទាំងខុសថា “ចាប់ផ្ដើមបង្កើតគណៈកម្មការ ពិចារណាបែងចែកព្រំដែន” នោះទេ។ មាត្រា I នៃអនុស្សរណៈយោគយល់គ្នាបានចែងយ៉ាងច្បាស់ថា ការវាស់វែង និងខណ្ឌសីមាព្រំដែន គោកត្រូវធ្វើឡើងរួមគ្នាដោយសំអាងលើឯក សារដូចតទៅ អនុញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ សន្ធិសញ្ញាចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩០៧ និងបណ្ដាផែនទីជាលទ្ធផលនៃកិច្ច ការខណ្ឌសីមារបស់គណៈកម្មការចំរុះកំណត់ ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើង តាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបាំង-សៀម ។
- -ការិយាល័យអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សសុំឱ្យលោកសុនធិ លិមថងគុន មានភាពក្លាហានធ្វើការចែកចាយ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ ឯកសារ២នេះទាំងស្រុង អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងសេចក្ដីសំរេចរបស់អង្គការបេតិកភណ្ឌពិភពលោក Decison 32 COM 8B.102 ជាភាសាថៃ ធ្វើយ៉ាងដូច្នេះ ដើម្បីកុំឱ្យសាធារណមតិថៃមានការយល់ខុស ដោយសារការនិយាយគ្មានភស្ដុតាង និងការពិតជាក់ស្ដែង ការលើកឡើងជាអត្ដនោម័ត និងការបំប៉ោងព័ត៌មានដែលលោកសុនធិ លិមថងគុន ដែលជាមនុស្សមានជំនាញខាងធ្វើដូច្នេះ ។
- -លើសពីនេះទៅទៀតកម្ពុជាមិនដែល បានប្រើផែនទីណាមួយក្រៅតែពីផែនទីឧបសម្ព័ន្ធី ដែលទទួលស្គាល់ជាអន្ដរជាតិ ហើយកម្ពុជាក៏មិនឆោតល្ងង់រហូតដល់ទៅគូសផែនទីថ្មី ដោយសារហេតុផលយ៉ាងសាមញ្ញនោះ គឺថា កម្ពុជាបានទទួលមរតក “ផែនទី ដងរែក” ដែលជាលទ្ធផលនៃការកំណត់ព្រំដែន របស់គណៈកម្មការខណ្ឌសីមារវាងឥណ្ឌូចិន និងសៀមបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយគឺជាការបន្ថែមទៅលើទុក្ខវេទនារបស់សុនធិ លិមថងគុន ផងដែរ ដោយហេតុថា តុលាការអន្ដរជាតិបានប្រើប្រាស់ផែនទីដងរែកដែលជាឧបសម្ព័ន្ធី ហើយផែន ទីឧបសម្ព័ន្ធី នេះត្រូវបានទទួលស្គាល់ដោយ តុលាការអន្ដរជាតិថា ជាផ្នែ្មកមួយដ៏សំខាន់ នៅក្នុងដំណោះស្រាយអនុសញ្ញានៅក្នុងសាល ដីការបស់ខ្លួននៅក្នុងឆ្នាំ១៩៦២ ។ តុលាការបាននិយាយថា “តុលាការសំរេចថា ប្រទេសថៃកាលពីឆ្នាំ១៩០៨-១៩០៩ ពិតជាបាន ព្រមទទួលយកផែនទីឧបសម្ព័ន្ធី ថាជាលទ្ធផលនៃការងារកំណត់ព្រំដែន ដែលជាហេតុ នាំឱ្យខ្លួនទទួលស្គាល់ខ្សែបន្ទាត់លើផែនទីនេះថា ជាខ្សែព្រំដែនដែលអនុភាពនៃការព្រមទទួលយកនោះ គឺដាក់ប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា” ។
- -ការិយាល័យអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមបដិសេធទាំងស្រុងចំពោះការមួលបង្កាច់របស់លោកសុនធិ លិមថងគុន ដែលថាប្រជាជនកម្ពុជាបានបាញ់ ប្រជាជនថៃ និងឈ្លានពានប្រទេសថៃ។ ការ មួលបង្កាច់របៀបនេះ មានគោលបំណង បំភ័ន្ដសាធារណមតិជាតិ និងអន្ដរជាតិ ដោយការភូតភរ និងបោកប្រាស់់ ។ ផ្ទុយទៅវិញ វាច្បាស់ដោយគ្មានការភ័ន្ដច្រឡំថា គឺកងទ័ពថៃទេដែលឈ្លានពានប្រទេសកម្ពុជាក្នុងតំបន់ ជាច្រើនតាមព្រំដែនកម្ពុជា-ថៃ ថែមទាំងបានបាញ់មកលើផ្នែកខ្លះនៃប្រាសាទព្រះ វិហារ និងបានដុតកំទេចផ្សារនៅភូមិជិត ប្រាសាទព្រះវិហារ ឱ្យក្លាយទៅជាផេះទៀត ផងកាលពីថ្ងៃទី២ និងទី៣ ខែមេសា ឆ្នាំ ២០០៩ ។
- -លោកសុនធិ លិមថងគុន ជាថ្មីម្ដងទៀត បានបង្ហាញពីការល្ងង់ខ្លៅមិនស្គាល់ការ ពិតជាក់ស្ដែងរបស់គាត់ នៅពេលដែលគាត់ បាននិយាយអំពីកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលនឹងប្រព្រឹត្ដទៅនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល ។ តាមការពិតកម្ពុជាបាន អនុវត្ដតំរូវការនៃសេចក្ដីសំរេច Decision 32 COM 8B.102 និង Decision 33 COM 7B. 65 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយបានអនុវត្ដតាមនីតិវិធីដូចដែល បានចែងក្នុងសេចក្ដីណែនាំប្រតិបត្ដិការសំរាប់ អនុវត្ដអនុសញ្ញាបេតិកភណ្ឌពិភពលោកថែមទៀតផង ។ ចាប់តាំងពីចុះឈ្មោះប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោកក្នុងឆ្នាំ២០០៨ នៅឯកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា មកព្រះរាជាណាចក្រកម្ពុជា ដោយមានជំនួយពីជំនាញការអន្ដរជាតិ និងអង្គការ យូណេស្កូ បានបើកយុទ្ធនាការកិច្ចការអភិរក្ស និងថែរក្សាប្រាសាទនេះ ក៏ដូចជាការអភិវឌ្ឍនតំបន់ជិតប្រាសាទ ស្របទៅតាមសេចក្ដីណែនាំ និងបទដ្ឋានរបស់អង្គការយូណេស្កូ ។
លោកសុនធិ លិមថងគុន បានលើកឡើង ដោយភាពល្ងង់ខ្លៅ មិនស្គាល់ភាពពិតជាក់ស្ដែង ដោយនិយាយថា សេចក្ដីថ្លែងការណ៍ រួមចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ រវាងថៃ និងកម្ពុជា គឺជាឧបករណ៍ដើម្បីបញ្ចូលប្រាសាទ ព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាភស្ដុតាងមិនអាចប្រកែកបានពីសតិអារម្មណ៍មិននឹងនររបស់សុនធិ លិមថងគុន ។ ប្រសិនបើសុនធិ លិម ថងគុន បានអានសេចក្ដីសំរេចរបស់គណៈ កម្មាធិការបេតិកភណ្ឌពិភពលោក Decision 32 COM 8B.102 គាត់នឹងមិនបង្ហាញភាព ល្ងង់ខ្លៅដល់កំរិតគួរឱ្យអៀនខ្មាស ដែលមិនសក្ដិសមនឹងធ្វើជាអ្នកដឹកនាំអង្គការនយោបាយថៃ និងអ្នកនយោបាយថៃគួរឱ្យគោរពនោះទេ ។
ដូចដែលបានលើកឡើងអំបាញ់មិញនេះ ការិយាល័យអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សសូមធ្វើការបដិសេធយ៉ាង ដាច់អហង្ការនូវរាល់ការនិយាយគ្មានភស្ដុតាង និងការពិតជាក់ស្ដែង ការលើកឡើងជាអត្ដនោម័ត និងការបំប៉ោងព័ត៌មានដែលធ្វើឡើង ដោយលោកសុនធិ លិមថងគុន ដែលបាន លើកឡើងថា “ប្រជាជនកម្ពុជាបានចូលទៅក្នុងដីថៃ ហើយបានសាងសង់វត្ដ និងធ្វើការអភិវឌ្ឍនៅទីនេះ ទីនោះ” ហើយបានបន្ថែម ទៀតថា “កម្ពុជាបានផ្ដល់ជម្រកឱ្យ Rambo និង Chakraphop Penkai ...” ។ វាជាការគួរឱ្យអាណិតអាសូរខ្លាំងណាស់ដែលអ្នកនយោបាយក្នុងកំរិតដូចសុនធិ លិមថងគុន បានក្លាយខ្លួនទៅជាមនុស្សឆ្កួតរវើរវាយ ។
ជាថ្មីម្ដងទៀត ការិយាល័យអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមទទូចឱ្យឥស្សរជននយោបាយថៃបញ្ចប់នូវ យុទ្ធនាការនៃការនិយាយគ្មានភស្ដុតាង និង ការពិតជាក់ស្ដែង ការលើកឡើងជាអត្ដនោម័ត និងបំប៉ោងព័ត៌មាន ដើម្បីដាក់កំហុសកម្ពុជា និងដើម្បីបង្កើតភាពស្អប់ខ្ពើមនៃប្រជាជនថៃចំពោះកម្ពុជាក្នុងគោលបំណងកេងចំណេញនយោបាយផ្ទាល់ខ្លួនក្នុងអំឡុងពេល នៃជំលោះក្នុងចំណោមអ្នកនយោបាយថៃ ក៏ដូចជាក្នុងអំឡុងពេលនៃការបែកបាក់ដ៏ធ្ងន់ធ្ងរនៅក្នុងសង្គមថៃ ។ កម្ពុជាតែងតែគោរព និងអនុវត្ដតាមច្បាប់ និងកិច្ចព្រមព្រៀងអន្ដរជាតិជានិច្ចកាល ហើយនឹងប្រើប្រាស់ច្បាប់ និងកិច្ចព្រមព្រៀងទាំងនោះឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីការពារខ្លួនប្រឆាំងនឹង ភាពអយុត្ដិធម៌គ្រប់បែបយ៉ាង ។ ក៏ប៉ុន្ដែក្នុងនាមជាប្រទេសជិតខាងជាមួយប្រទេសថៃ ព្រះរាជាណាចក្រកម្ពុជា តែងតែប្រាថ្នារក្សាទំនាក់ទំនងមិត្ដភាពទ្វេភាគីជាមួយព្រះរាជាណាចក្រថៃជានិច្ច ៕