ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​អ្នកលក់​នំគ្រក់​ចល័ត​ជាមួយ​សន្តិសុខ​ដែល​គ្មាន​មេត្តា ត្រូវដក​បញ្ឈរជើង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​រុញ​រទេះ​អ្នកលក់​នំគ្រក់​ចល័ត​តាម​ផ្លូវ​ម្នាក់ បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​ សុខ​ដែល​បាន​ចាប់​រទេះ​របស់​គាត់ ដាក់​លើ​រថយន្ត​ទាំង​កំរោល​ដោយ​គ្មាន​ក្ដី​មេត្តា គ្រាន់តែ​គាត់​ចត​រទេះ​ខ្ចប់​នំគ្រក់​ឱ្យ​អ្នកទិញ​មួ​​យ​ភ្លែត

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​រុញ​រទេះ​អ្នកលក់​នំគ្រក់​ចល័ត​តាម​ផ្លូវ​ម្នាក់ បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​សែន​ សុខ​ដែល​បាន​ចាប់​រទេះ​របស់​គាត់ ដាក់​លើ​រថយន្ត​ទាំង​កំរោល​ដោយ​គ្មាន​ក្ដី​មេត្តា គ្រាន់តែ​គាត់​ចត​រទេះ​ខ្ចប់​នំគ្រក់​ឱ្យ​អ្នកទិញ​មួ​​យ​ភ្លែត នៅ​លើ​ចិញ្ចើមផ្លូវ​លេខ​២៧១ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ញូ​វ​ស្តារ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ កក្កដា ។

ដោយសារ​តែ​ កំហឹង ស្ដ្រី​អ្នកលក់​នំគ្រក់​បាន​ចាប់​ទាញ​យក​ម៉ូតូ ពី​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​១​គ្រឿង​យក​មក​ផ្ដួល នៅ​លើ​ទ្រូងផ្លូវ​រួច​ជាន់​ឈរ​ពីលើ​និង​គម្រាម​ដុត​ម៉ូតូ​នេះ​ចោល ប្រសិនបើ​ក្រុម​សណ្ដាប់ធ្នាប់​មិន​យក​រទេះរុញ​មក​ប្រគល់​ឱ្យ​គាត់​វិញ​ទេ ។

រឿងរ៉ាវ ​ដែល​មិន​ធ្លាប់​កើត​មាន​នេះ​ធ្វើ​ឱ្យ​មានការ​ស្ទះចរាចរណ៍​ប្រមាណ​ជិត​២​ ម៉ោង​ផង​ដែរ លើ​កំណាត់​ផ្លូវ​ដ៏​មមាញឹក​នេះ ។ ហេតុការណ៍​ដ៏​កម្រ​មាន​នេះ ធ្វើ​ឱ្យ​ប៉ូលិស​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ដែរ តែ​ស្ដ្រី​រូប​នេះ​មិន​យល់ព្រម​ទេ​ប្រហែលជា​ដល់ក លែង​ខ្លាច​អ្វី​ទាំងអស់ ដោយ​ស្រែក​ខ្លាំង​ៗ​ថា អយុត្តិធម៌​ណាស់ ធ្វើបាប​តែ​អ្នក​ទន់ខ្សោយ​ក្រីក្រ ចំណែកឯ​អ្នកលក់​និង​តាំង​សម្ភារ​គ្រឿងបន្លាស់​ម៉ូតូ នៅ​មុខ​ខារ៉ាអូខេ​លើ​ចិញ្ចើមថ្នល់​ពី​ព្រឹក​ទល់​ល្ងាច ហេតុ​អី​សន្តិសុខ​សណ្ដាប់ធ្នាប់​មិន​ចាប់​និង​ដេញ​ផង ។ រឿង​អី​មក​ដេញ និង​ចាប់​តែ​រទេះរុញ​ចល័ត​បែប​នេះ? ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ រហូត​ដល់​មន្ត្រី​សាលា​ខណ្ឌ​សែន​សុខ​លោក សា​វុ​ធ មក​ធ្វើការ​សម្របសម្រួល​ទើប​ស្ដ្រី​នេះ​យល់ព្រម​ចុះ​ពីលើ​ម៉ូតូ និង​ជិះ​ម៉ូតូឌុប​ទៅ​បុ​សិ៍្ដ​ប៉ូលិស​ទឹកថ្លា​ដើម្បី​ធ្វើការ​ដោះស្រាយ ។

ស្ដ្រី ​លក់​នំគ្រក់​ឈ្មោះ ថោ​ង សុធា​រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ មុន​កើតហេតុ​គាត់​បាន​អូស​រទេះ​ដើរ​លក់​នំគ្រក់​ដូច​រាល់ថ្ងៃ​តាម​បណ្ដោយ​ ផ្លូវ​លេខ​២៧១ ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​មាន​អ្នកទិញ ហៅ​ឱ្យ​គាត់​ដាក់​នំគ្រក់​មួយ​ចាន​ដើម្បី​ហូប ។ ពេល​ស្ដ្រី​រូប​នេះ​ដើរ​យកនំ​គ្រក់​ទៅ​ឱ្យ​ភ្ញៀវ ដោយ​ដាក់រទេះ​នំគ្រក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ពេល​នោះ​មាន​សន្តិសុខ​សាលា​ខណ្ឌ​សែន​សុខ​មួយ​ក្រុម​ជិះ​រថយន្ត និង​ម៉ូតូ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ មក​ដល់​ល្មម ឃើញ​រទេះ​នំគ្រក់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ អត់​និយាយ​មួយ​ម៉ាត់​ដូច​ផ្តាច់​ការ​ពេក ក៏​នាំ​គ្នា​លើក​រទេះ​នោះ​ដាក់​លើ​រថយន្ត បំណង​យក​ទៅ​សាលា​ខណ្ឌ​ដើម្បី​ព្រមាន ហើយ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ជាមួយ​ក្រុម​សន្តិសុខ ប៉ុន្តែ កម្លាំង​នាង​មិន​ឈ្នះ​សន្តិសុខ​ប្រុស​ៗ​ទេ ។ ចំណែក​ក្រុម​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​តែ​យក​រទេះ​របស់​គាត់​ដាក់​លើ​រថយន្ត​ទាល់តែ​បាន​ធ្វើ​ឱ្យ​កំពប់​ខ្លាញ់​ និង​នំគ្រក់​ថែម​ទៀត ទើប​ផ្ទុះ​កំហឹង​ខឹងសម្បារ​ពី​សំណាក់​ស្ដ្រី​លក់​នំគ្រក់​នេះ​កាន់តែ​ខ្លាំង ។

នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ប៉ូលិស​បាន​ធ្វើ​កំណត់ហេតុ​ជាមួយ​ ស្ដ្រី​លក់​នំគ្រក់ និង​ជាមួយ​លោក​ធា សា​វុ​ធ​ជា​មន្ត្រី​សាលា​ខណ្ឌ​សែន​សុខ តាម​បញ្ជា​របស់​លោក លី សា​វេ​ត​អភិបាល​ខណ្ឌ ។ ជាមួយ​គ្នា​នោះ​ស្ដ្រី​អ្នកលក់​នំគ្រក់​បាន​សំណូមពរ​ចំនួន​៣​ឱ្យ​អាជ្ញាធរ គឺ​សុំ​រទេះរុញ​និង​សម្ភារ​លើ​រទេះ នឹង​សូម​ឱ្យ​អាជ្ញាធរ​ជួយ​សង​សម្ភារ​ដែល​ខូចខាត ។ ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​ចប់​អាជ្ញាធរ​បាន​ប្រគល់​រទេះរុញ​ឱ្យ​ស្ដ្រី​ខាងលើ ​វិញ ថែម​ទាំង​ជូន​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​បន្ថែម​ទៀត នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​សង​ថ្លៃ​ការ​ខូចខាត ។

ជុំវិញ​ករណី​កង​ សន្តិសុខ​សណ្ដាប់ធ្នាប់​ប្រព្រឹត្ត​អំពើ​មិន​គប្បី មក​លើ​ស្ដ្រី​លក់​នំគ្រក់​ដ៏​កំសត់​ម្នាក់​នេះ លោក លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ទ​ង្វើ​របស់​ក្រុម​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្រោម​ឱវាទ​របស់​លោក ដែល​មិន​គួរ​ធ្វើ​បែប​នេះ​ចំពោះ​ប្រជាពលរដ្ឋ​នោះ​ទេ ។

លោក​បញ្ជាក់​ ថា ការ​ចុះ​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​ក្រុម​សន្តិសុខ គ្មាន​ការ​បញ្ជា​ពី​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ​នោះ​ទេ គឺ​ធ្វើ​ដោយ​ចិត្ត​ឯង ។ ដូចនេះ​លោក​បាន​ព្រមាន​ចំពោះ​មន្ត្រី​សណ្ដាប់ធ្នាប់​ម្នាក់ ជា​អ្នកដឹកនាំ​ទៅ​ធ្វើ​បែប​នេះ និង​បញ្ឈរជើង ព្រោះ​កន្លង​មក​មន្ត្រី​ដឹកនាំ​សណ្ដាប់ធ្នាប់​ម្នាក់​នេះ​បាន​បង្ក​បញ្ហា ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​ខណ្ឌ​សែន​សុខ​ឈឺក្បាល​មិន​តិច​ទេ ពេល​កន្លង​មក ៕

សូមបញ្ជាក់ថា ស្ត្រី​ម្នាក់កាន់​ដែក​កេះ​គំរាម​ដុត​ម៉ូតូសន្តិ​សុខ​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ នៅ​កណ្តាល​ថ្នល់​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​ផ្អើល​ទាំង​ថ្ងៃ