ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខណ្ឌមានជ័យ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី និង​ជា​កន្លែង​លួចលាក់​ជួញដូរ​ថ្នាំ​ញៀន ឃាត់ខ្លួន​មនុស្ស​១១​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ កក្កដា ២០១៥នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​មានការ​សហការ​ចូលរួម​ពី​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ក្រុង

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ កក្កដា ២០១៥នេះ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​មានការ​សហការ​ចូលរួម​ពី​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​២៣៨ ក្រុម​៤ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល  និង​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី​ខាំ សុ​ផា​រី ហើយ​ជា​លទ្ធផល​ជាក់ស្តែង​កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​(​ក្នុង​នោះ​ស្រី​ម្នាក់​) ដកហូត​បាន​ម៉ូតូ​៤​គ្រឿង ទី​១-​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-7485, ទី​២-​ម៉ាក​អ៊ែ​រ​ប្លែ​ត ពណ៌​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-1189, ទី​៣-​ម៉ាក SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-7774 និង​ទី​៤-​​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​, គ្រឿងញៀន​១​កញ្ចប់ និង​​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន ជន​ទាំង​១១​នាក់ និង​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​ន្ថែ​ម ។

លោក​វរសេនីយ៍ទោ ហែម រិ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​កម្លាំង​របស់​ខណ្ឌ​មាន​ជ័យ​​បាន​តាមដាន​ទីតាំង​លួចលាក់​លេង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ខាងលើ​ជា​យូរ​មក​ហើយ ដោយ​កន្លង​មក​ធ្លាប់​ទទួល​ដំណឹង​ថា មានការ​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​នៅ​ទីតាំង​មួយ​នេះ​ផង​ដែរ ។ ទើប​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា​នេះ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ដោយ​មានការ​សហការ​ចូលរួម​ពី​កម្លាំង​អាវុធហត្ថ​ក្រុង និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី បាន​ចុះ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង​ទៅ ។

លោក​មេបញ្ជាការ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​កម្លាំង​យើង​ចុះ​បង្ក្រាប កម្លាំង​យើង​បាន​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​លើ​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​១១​នាក់ ។ ចំណែក​១០​នាក់​ទៀត មាន​២​នាក់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ហ្គេ​ម​បាញ់​ខាងលើ និង​៨​នាក់​ជា​អ្នកលេង ប៉ុន្តែ​៨​នាក់​នេះ​មិន​ទាន់​ដឹង​ថា​ មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឬ​យ៉ាងណា​នោះ​ទេ តែ​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ជា​ជំហាន​ដំបូង​សិន ។

ចំពោះ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខាងលើ​វិញ ដោយ​ទទួល​បាន​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​រង កម្លាំង​អាជ្ញាធរ​បាន​បិទទ្វារ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​បើក​ការ​ស៊ើប​អ​ង្គេ​ត​បន្ថែម​ទៀតនៅ​ពេល​ក្រោយ ៕