ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បារម្ភ​ពី​រណ្ដៅ​ដី​ដែល​ក្រុម​ឈ្មួញ​ជីក​ស្ទើរ​ដល់​ក្បាល​ប្រែ​ត​គ្មាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​ពាក់​ព័ន្ធ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រយៈពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​ដែល​មាន​គ្រឿងចក្រ​បាន​បង្កើន​នូវ​សកម្ម​ភាព​ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​​គគ្រឹក​គគ្រេង​​ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​នៅ​ក្បែរ​លំនៅ​ឋាន​របស់​អ្នក​ភូមិ ដែល​មាន​រណ្ដៅ​ជ្រៅ​ៗ​ស្ទើរ​មើលឃើញ​ក្បាល​ប្រែ​ត

ខេត្តបាត់ដំបង ៖ រយៈពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​ដែល​មាន​គ្រឿងចក្រ​បាន​បង្កើន​នូវ​សកម្ម​ភាព​ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​​គគ្រឹក​គគ្រេង​​ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​នៅ​ក្បែរ​លំនៅ​ឋាន​របស់​អ្នក​ភូមិ ដែល​មាន​រណ្ដៅ​ជ្រៅ​ៗ​ស្ទើរ​មើលឃើញ​ក្បាល​ប្រែ​ត ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋឡើយ ។

ទីតាំង​រណ្ដៅ​ដី​ធំ​ៗ​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​គឺ​ស្ថិត​មិន​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ភូមិ​រស់​នៅទេ ។ ជាក់​ស្ដែង​ដូច​ជា​រណ្ដៅ​ដី​របស់​ដង្ខៅ​គ្រឿងចក្រ​ឈ្មោះ​ ហេង អេ​ង នៅ​ក្នុងភូមិ​ច្រាប​ក្រសាំង ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​មាន​ទំហំ​ប្រហែល​ជាង​មួយ​ហិច​តា​ដី និង​មាន​ជម្រៅ​លើស​ពី​ច្បាប់​កំណត់ និង​រណ្ដៅ​ដី​ធំ​ៗ​ចំនួន​៣​កន្លែង​ទៀត​របស់​ដង្ខៅ​គ្រឿងចក្រ​របស់​ឈ្មោះ ថា និង​ឈ្មោះ រី​ណា ជា​មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត នៅ​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ។​ល​។

ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ដី​លក់​ទាំងនេះ​សុទ្ធតែ​បាន​អះអាង​ថា ពួក​គេ​មានច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ប៉ុន្តែ​សកម្មភាព​ជីក​យក​ដី​ជាក់ស្ដែង​របស់​ពួក​គេ គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​អនុញ្ញាតិ​នោះ​ទេ រីឯ​ខាង​មន្ទីរ​ជំនាញ ឬ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​ដែល​អើពើ​នឹង​សកម្មភាព​បំពាន​ច្បាប់​របស់​ក្រុម​ឈ្មួញ​ជីក​កាយ​ដី​នេះ​ដែរ បើ​ទោះជា​ប្រជាពលរដ្ឋ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ក្ដី ។

មន្ត្រី នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ម្នាក់​បាន​ទ​ទូល​ស្គាល់ និង​និយាយ​អំពី​ច្បាប់​ថា ច្បាប់​បាន​អនុញ្ញាតិ​ឲ្យ​ប្រើ​គ្រឿងចក្រ​ជីករណ្ដៅ​យក​អាចម៍ដី​លក់​ជម្រៅ​ត្រឹមតែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ពួក​ឈ្មួញ​តែងតែ​បំពាន​ច្បាប់​កាយ​ជ្រៅ​រហូត​ដល់​រាប់​សិ​ប​ម៉ែត្រ​ឯណោះ នេះ​បាន​បង្ហាញ​អំពី​ការ​បំពាន​ច្បាប់​អនុ​ញ្ញាតិ​ទាំងស្រុង ។ មន្ត្រី​រូប​នោះ​បន្ត​ថា ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ត្រី​ខិលខូច​ក្នុង​មន្ទីរ​មួយ​ចំនួន​កំពុង​ត្រេកត្រអាល​នឹង​ប្រាក់​សំណូក​ទាំងនេះ ដោយ​មិន​ខ្វល់​អំពី​ច្បាប់ទម្លាប់ ឬ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​រណ្ដៅ​ដី​ទាំងនោះ​ឡើយ ។

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ភិតភ័យ​នឹង​រណ្ដៅ​ដី​ជម្រៅ​ស្ទើរ​ឃើញ​ក្បាល​ប្រែ​ត តែង​តែ​ត្អូញត្អែរ​អំពី​កង្វល់​របស់​ខ្លួន​រាល់ថ្ងៃ តែ​មិន​ត្រូវ​បាន​មន្ទីរ​ជំនាញ អាជ្ញាធរ ឬ​ពួក​ឈ្មូ​ញ​ជីកដី​ទាំងនោះ​យកចិត្តទុកដាក់​ទេ ជា​ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​រណ្ដៅ​ដី​របស់​ដង្ខៅ​គ្រឿងចក្រ ហេង អេ​ង នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ តែ​ម្ដង ។

លោក ហេង អេ​ង ដែល​គេ​ស្គាល់​ថា ជា​ដង្ខៅ​គ្រឿងចក្រ​មាន​អាជីព​កាយ​ដី​លក់​ចាស់វស្សា​ជាងគេ​នៅ​ក្នុង​ខេត្តបាត់ដំបង បាន​ប្រតិកម្ម​ជាមួយ​អ្នក​សារ​ព័ត៌​មាននៅ​ពេល​ថ្មី​ៗ​នេះ ដែល​បាន​លើក​ឡើង​អំពី​ច្បាប់​ដូច្នេះ​ថា ច្បាប់​តម្រូវ​ឲ្យ​ជីក​ជម្រៅ​តែ​៥​ម៉ែត្រ​ទេ តែបើ​រវល់​តែ​គោរព​ច្បាប់​ ប្រទេស​គ្មាន​ការ​ជឿន​លឿន​ទេ ។ គាត់​ពន្យល់​ថា តើ​ឃើញ​ទេ​… នៅ​ក្នុង​ខេត្ត​សព្វថ្ងៃ​កំពុង​មានការ​រីក​ចម្រើន? មានផ្ទះ​ថ្ម ផ្លូវថ្នល់​… នេះ​គឺ​ដោយសារ​លោក​ដឹក​ដី​យក​ទៅ​ចាក់ ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា តើ​ដី​ចាក់​ធ្វើ​​ផ្លូវថ្នល់ ឬ​ចាក់​ធ្វើ​ផ្ទះ​ទាំងនោះ ជា​វិភាគ​របស់​លោក​ឬ ? លោក​ដង្ខៅ អេ​ង ឆ្លើយ​តប​យ៉ាង​រហ័ស​ថា «​ទេ​… អត់​ទេ គឺ​ដី​ខ្ញុំ​លក់​» ។

គេ​មិនដឹង​ថា ការ​លើក​ឡើង​អំពី​ច្បាប់​របស់​ថៅកែ​គ្រឿងចក្រ​លោក ហេង អេ​ង ខាងលើ គឺជា​ការ​ត្រឹមត្រូវ​កម្រិត​ណា​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា គាត់​សំអាង​ទៅ​លើ​ក្បួនច្បាប់​អ្វី​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​លោក ហេង អេ​ង បាន​លើក​ឡើង​ជា​ហូរហែ​ខាងលើ​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុម​ឈ្មួញ​ដែល​កំពុង​ប្រើ​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​ទាំងនេះ គឺ​មិន​បាន​គិតគូរ​អំពី​ច្បាប់ទម្លាប់ ឬ​អំពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ ។ រីឯ​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​ចំណាត់ការ​បែប​ណា​តាម​ផ្លូវច្បាប់​ឡើយ ដេក​សម្ងំ​ស្ងៀម​ចាំ​ទ​ទូល​តែ​សំណែន​ប៉ុណ្ណោះ ។

កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ថ្នាក់ដឹកនាំ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ទេ​ជុំវិញ​បញ្ហា​ខាងលើ​នេះ ដោយសារ​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៥​នេះ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​តំណែង​ប្រធាន​មន្ទីរ​ថ្មី ។ ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​ប្រធាន​មន្ទីរ​ថ្មី​នេះ គឺ​លោក អ៊ា​ន មាឃ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ថ្មី ជំនួស​លោក ជឺ ឈៀង ដែល​ត្រូវ​ប្រកាស​ឲ្យ​ចូល​និវត្តន៍​ ។

ជាមួយនឹង​ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​តំណែង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​នេះ គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​មក​ពី​គ្រប់​ស្ថាប័ន ប៉ុន្តែ​ក៏​មានមុខ​មេ​ឈ្មួញ​ជីក​កាយ​ដី​ស្ទើរ​គ្រប់​រូប​ចូលរួម​ទះដៃ​អបអរ​សាទរ​ផង​ដែរ ។

ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ថ្មី នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ក្រោយ​អធិបតីភាព​លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​នានា​នៅ​ក្នុង​ខេត្ត​រំពឹង​ថា លោក អ៊ា​ន មាឃ ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី​នឹង​ធ្វើ​ឲ្យ​មានការ​ប្រសើរ​ឡើង​នូវ​ច្បាប់ទម្លាប់​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​បំពាន​ច្បាប់ ជា​ពិសេស​សកម្មភាព​បំពាន​ច្បាប់​នៃ​ក្រុម​ឈ្មួញ​កាយ​ដី​តែ​ម្ដង ។

ម្យ៉ាងវិញទៀត សកម្មភាព​បំពាន​ច្បាប់ ឬ​ការ​បកស្រាយ​អំពី​ហេតុផល​នានា​របស់​ដង្ខៅ​គ្រឿងចក្រ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជាមួយ​នឹង​រណ្ដៅ​ដី​ជ្រៅ​ស្ទើរ​មើលឃើញ​ក្បាល​ប្រែ​ត​ខាងលើ​នេះ គឺជា​សារ​មួយ​ដែល​បន្សល់​ទុក​ពី​លោក​ប្រធាន​ចាស់​ជូន​លោក​ប្រធាន​ថ្មី ដើម្បី​ជួយ​ធ្វើការ​កែ​លំអរ ។ ហើយ​សង្ឃឹមថា លោក​ប្រធាន​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​នឹង​មាន​វិធានការ​ថ្មី​តាម​ផ្លូវច្បាប់ មិន​ផ្ដេក​ផ្ដូ​ល​រមួល​សំគ្រេច​ជាមួយ​ក្រុម​ឈ្មួញ​ជីកដី​លក់​បំពាន​ច្បាប់​ខាងលើ​នេះ​ឡើយ ៕