ខេត្តក្រចេះ ៖ ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ដែលមានកូន២នាក់ រួមជាមួយក្រុមគ្រួសារ បានសម្រេចប្តឹងនគរបាលក្រុងក្រចេះ ដោយចោទប្រកាន់គ្រូពេទ្យម្នាក់ជាបុគ្គលិកផ្នែកវះកាត់បម្រើការងារក្នុងមន្ទីរពេទ្យបង្អែកខេត្តថា បានល្បួងនាងយកទៅរំលោភរហូតបានសម្រេច នៅក្នុងបន្ទប់កាលពីព្រឹកថ្ងៃទី១៨ កក្កដា ។
ទោះបីជាបែបណា បន្ទាប់ពីការចុះទៅពិនិត្យដល់ទីកន្លែង នគរបាលបានសន្និដ្ឋានថា ករណីរំលោភមួយនេះគឺផ្តើមចេញពីការត្រូវរ៉ូវគ្នាច្រើនជាង តែនគរបាលក៏មិនទាន់កំណត់ថា មូលហេតុដែលនាំឱ្យបែកធ្លាយរហូតឈានដល់ការមកប្តឹងនគរបាលនេះផ្តើមចេញពីមូលហេតុអ្វីនៅទ្បើយទេ ហើយករណីនេះនគរបាលកំពុងតែសាកសួរបន្ត ។
គ្រូពេទ្យដែលរងការចោទប្រកាន់នេះឈ្មោះ ហេង ម៉េងលាង ពេលនេះបានរត់គេចខ្លួនបន្ទាប់ពីជាប់ចោទពីបទចាប់រំលោភស្ត្រីរងគ្រោះរហូតបានសម្រេច ហើយដឹងថា មានសភាពមិនស្រួល ។ នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ស្ត្រីរងគ្រោះអាយុ២៤ឆ្នាំ មានកូន២នាក់ (ស្រី១ប្រុស១) រស់នៅក្នុងឃុំថ្មី ស្រុកចិត្របុរី បានមកមើលថែប្តីដែលមកសម្រាកព្យាបាលជើងនៅក្នុងមន្ទីរពេទ្យ ក្នុងអគារជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកខេត្ត រយៈពេលជាង១០ថ្ងៃមកហើយ ។
តាមបណ្តឹងរបស់ស្ត្រីរងគ្រោះបានប្រាប់នគរបាលក្រុងក្រចេះថា នៅព្រឹកថ្ងៃទី១៨ កក្កដា ខណៈបុគ្គលិកពេទ្យបានប្តូរវេនចេញហើយក្នុងអគារពេទ្យមានភាពស្ងាត់ លោកគ្រូពេទ្យរូបនេះ បានឱ្យនាងចូលក្នុងបន្ទប់ស្នាក់នៅប្រចាំការរបស់ពេទ្យ ដើម្បីពិនិត្យសុខភាព ។ ពេលនោះគ្រូពេទ្យរូបនេះបានល្បួងគាត់ឱ្យដោះខោអាវ និងរំលោភរហូតបានសម្រេចទាំងខ្លួនគាត់មិនដឹងខ្លួនថា គេមានបំណងមកលើបែបនេះទ្បើយ ។
បើតាមការលើកទ្បើងរបស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា បន្ទប់កើតហេតុមិនមែនជាបន្ទប់ពិគ្រោះព្យាបាល ឬជាបន្ទប់ពិសោធន៍នោះទេ ជាបន្ទប់របស់ក្រុមគ្រូពេទ្យសម្រាកក្នុងវេនប្រចាំការ ។ ហេតុដូចនេះទាល់តែមានការត្រូវរ៉ូវគ្នា ទើបស្ត្រីរងគ្រោះអាចចូលទៅបាន ។ ករណីបែបនេះ ត្រូវបានក្រុមគ្រូពេទ្យបម្រើការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចាត់ទុកថា វាពុំធ្លាប់កើតមានទេ សម្រាប់មន្ទីរពេទ្យខេត្តនេះ ។
អធិការរងនគរបាលក្រុងក្រចេះ លោកអនុសេនីយ៍ឯក សៀង សុភ័ក្ត្រ បានបញ្ជាក់ថា នៅក្នុងបន្ទប់កើតហេតុក្នុងសាលអគារពេទ្យ នគរបាលរកឃើញមានស្រោមអនាម័យមួយដែលប្រើប្រាស់រួច ។ លោកអធិការរងបានដាក់ការសន្និដ្ឋានថា ករណីរំលោភនេះ គឺអាចផ្តើមចេញពីការត្រូវរ៉ូវគ្នាច្រើនជាង ហើយមូលហេតុឈានឱ្យមានការបែកធ្លាយអាចបណ្តាលមកពីការមិនចុះសម្រុងគ្នាពីអ្វីមួយរវាងអ្នកទាំង២ ។ ទោះជាយ៉ាងណាក៏ដោយ លោកអធិការរងអះអាងថា នគរបាលកំពុងស្រាវជ្រាវរកគ្រូពេទ្យជាប់ចោទឱ្យចេញមុខមកដោះស្រាយតាមផ្លូវច្បាប់ទៅលើរឿងហេតុមួយនេះ ឬមានវិធានការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ