ខេត្តកំពង់ឆ្នាំង ៖ ជាងធ្វើដំបូលម្នាក់បានរងរបួសធ្ងន់ដោយសារចរន្តអគ្គិសនីមានឋាមពលខ្លាំងឆក់ ខណៈកំពុងធ្វើដំបូលស្ថានីយប្រេងមួយកន្លែងនៅចំណុចមុខវត្តបរិបូរណ៌ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៨ កក្កដា ២០១៥ ។
យោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា កូនជាងធ្វើដំបូលនោះ មានឈ្មោះ ឃឹម បៀន អាយុ១៩ឆ្នាំ មានទីលំនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ ជនរងគ្រោះបានមកធ្វើដំបូលស្ថានីយប្រេងដែលកំពុងសាងសង់ថ្មី ៤-៥ថ្ងៃមកហើយ ។
នៅថ្ងៃកើតហេតុ ពេលជនរងគ្រោះកំពុងអង្គុយធ្វើដំបូល មិនបានប្រយ័ត្នបានក្រោកងើបឡើងប៉ះសក់ក្បាលជាមួយខ្សែកាបដែលមានតង់ស្យុងខ្ពស់បណ្តាលឱ្យទុស្សេចេញជាអណ្តាតភ្លើងឆក់ជនរងគ្រោះដួលអុកគូទលើដំបូលស្ថានីយនោះតែម្តង ។
ភ្លាមៗនោះក៏មានអ្នកធ្វើការជាមួយបានឡើងយកជនរងគ្រោះចុះមកដី ហើយបានប្រញាប់ដឹកទៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ តែដោយសារស្ថានភាពធ្ងន់ពេក ព្រោះបានរងការរលាគពេញដងខ្លួនក៏ដឹកមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្តទៀត ។
មន្ត្រីអគ្គិសនីខេត្តបាននិយាយថា តាមច្បាប់ការសាងសង់ស្ថានីយប្រេងត្រូវធ្វើចម្ងាយ៤៥ម៉ែត្រពីអ័ក្សថ្នល់ តែស្ថានីយខាងលើបានសាងសង់រំលោភលើដីចំណីផ្លូវទើបបានជាសាងសង់នៅក្រោមខ្សែកាបអគ្គិសនីបែបនេះ។ ទោះយ៉ាងណាម្ចាស់ស្ថានីយដែលទើបសាងសង់ថ្មីត្រូវតែទទួលខុសត្រូវលើជនរងគ្រោះខាងលើនេះ៕
ចែករំលែកព័តមាននេះ