រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកទេសចរណ៍ជនជាតិចិនម្នាក់មានអាយុប្រហែលជាង២០ឆ្នាំបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងឆ្វេងម្ខាង ខណៈពេលដែលកំពុងតែធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់៣មួយគ្រឿងមានគ្នា៤នាក់ ហើយត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iPhone 6 plus មួយគ្រឿងពីដៃបណ្តាលឱ្យធ្លាក់ និងរងរបួសតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៦ កក្កដា ២០១៥ នៅចំណុចផ្លូវលេខ៥០៨ កែងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុស្ត្រីជាអ្នកទេសចរណ៍ជនជាតិចិនរងគ្រោះបានធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់៣មួយគ្រឿង រួមជាមួយនឹងមិត្តភក្តិស្រីៗចំនួន៣នាក់ទៀតធ្វើដំណើរកំសាន្តពីសារមន្ទីរបឹងជើងឯកឆ្ពោះទៅព្រះបរមរាជវាំង ។ លុះមកដល់កន្លែងកើតហេតុក៏មានក្រុមជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ព៌ណខ្មៅ មកក្បែរ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទទំនើបនេះពីដៃ ។ ដោយមានការប្រទាញប្រទង់គ្នាក៏បណ្តាលឱ្យស្ត្រីជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់៣តែម្តង ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលស្ត្រីរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់៣នោះបានបណ្តាលឱ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរដោយបាក់ជើងឆ្វេងម្ខាង ចំណែកឯក្រុមជនសង្ស័យពេលដែលយកទូរសព្ទ័បានហើយ ក៏បានជិះម៉ូតូត្រឡប់ក្រោយគេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុគេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមផ្កូវចុះមកធ្វើអន្តរាគមន៍ផងដែរ តែជនសង្ស័យបានរត់គេចខ្លួនបាត់អស់ទៅហើយ ចំណែកស្ត្រីអ្នកទេសចរណ៍ជនជាតិចិនដែលរងគ្រោះត្រូវបានបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់៣នោះទៅកាន់មន្ទីរពេទ្យម៉ាលីយ៉ា ដើម្បីធ្វើការព្យាបាលភ្លាមៗ ៕
ចែករំលែកព័តមាននេះ