ខេត្តកំពង់ធំ ៖ បន្ទាប់ពីផ្ទុះរឿងនាយកវិទ្យាស្ទឹងសែន លោក ផៃ នន វាយបង្ករបួសស្នាម ជេរបញ្ចោរដូចហែកសំពត់-អាវសិស្ស និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងបង្កភាពថ្នាំងថ្នាក់ដល់មន្ត្រីក្រោមឱវាទ រហូតត្រូវបានមន្ទីរអប់រំហៅទៅព្រមានកាលពីចុងសប្ដាហ៍ដើមខែកក្ដដារួចមក ស្រាប់តែថ្មីៗនេះបានផ្ទុះនូវរឿងនាយកវិទ្យាល័យរូបនេះលួចតុកៅអីចំនួនជាង៣០ទៅលក់ទៀត ។
ជុំវិញប្រភពព័ត៌មានខាងលើ លោកគ្រូ-អ្នកគ្រូក្នុងវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា តុកៅអីប្រមាណជាង៣០ត្រូវបានលោកនាយកវិទ្យាល័យរូបនេះលួចលក់ទៅឲ្យអ្នកលក់អាហារក្នុងសាលាខ្លះ និងក្រៅសាលាខ្លះ ខណៈតាមបន្ទប់ខ្លះសិស្សខ្វះតុអង្គុយរៀន ។
ទាក់ទិនបញ្ហាខាងលើនេះដែរ កន្លងមកមានលោកគ្រូ-អ្នកគ្រូខ្លះធ្លាប់បានសួរនាំពីរឿងនេះទៅលោកនាយកដែរ ប៉ុន្តែត្រូវបានលោក ផៃ នន ឆ្លើយបដិសេធថា ខ្លួនមិនបានលក់ទេ គឺឲ្យគេខ្ចីប្រើសិន ។ បើទោះបីជាមានការឆ្លើយតបបែបនេះក្ដី ប៉ុន្តែលោកគ្រូ-អ្នកគ្រូក្នុងវិទ្យាល័យបាននិយាយថា នាយកសាលាមិនគួរធ្វើបែបនេះទេ បើទោះជាតុកៅអីនៅសល់ ក៏មិនគួរយកទ្រព្យសម្បត្តិរួមរបស់សាលាទៅជួល ឬលក់ ឬឲ្យគេខ្ចីតាមអំពើចិត្តនោះដែរ ។
មិនត្រឹមតែមានបញ្ហារឿងនាយកវិទ្យាល័យលក់តុកៅអីតែប៉ុណ្ណោះទេ គឺមានរឿងជាច្រើនដូចជាករណី នាយកវិទ្យាល័យ ផៃ នន ស៊ីដាច់លុយ៥០ម៉ឺនរៀលរបស់អតីតស្នងការនគរបាលខេត្តដែលជួនឲ្យប្រើប្រាស់ក្នុងសាលា និងលុយជាច្រើនទៀតដូចជាករណីបន្លំឈ្មោះសិស្សធ្លាក់ឌីប្លូមម្នាក់ ដែលនាយកសាលារូបនោះអនុញ្ញាតឲ្យរៀនថ្នាក់ទី១០ ជាថ្នូរនឹងប្រាក់៥០០ដុល្លារ ដែលជាទង្វើខុសច្បាប់ទាំងស្រុង ។ ហើយរាល់ថ្ងៃលោកនាយករូបនេះបានយកពេលវេលាសាលាជាច្រើនទៅរត់ឡានតាក់ស៊ីដឹកភ្ញៀវបរទេស ចេញក្រៅខេត្តក្នុង១សប្តាហ៍៣ទៅ៤ថ្ងៃ ។
ទាក់ទិនករណីជាច្រើនខាងលើ លោកនាយកវិទ្យាល័យរូបនេះក៏ត្រូវបានប្រភពព័ត៌មានក្នុងសង្គមដឹងច្បាស់ថា គាត់ក៏ជាសមាជិកសកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលគាំទ្រដោយគ្រូបង្រៀន៤នាក់ទៀត ហើយកន្លងមកក៏ធ្លាប់រៀបចំគម្រោងធ្វើកូដកម្មក្នុងសាលាផងដែ ។
ជុំវិញព័ត៌មានខាងលើ លោកជូ វុន្ធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថា លោកមិនបានដឹងពីបញ្ហានេះទេ ព្រោះមិនមានអ្នករាយការណ៍ ហើយជុំវិញករណីលោកនាយកវិទ្យាល័យរូបនេះវាយដំ ជេរបញ្ចោរសិស្ស និងគ្រូ គឺនាយកសាលារូបនេះបានធ្វើកិច្ចសន្យាសារភាពកំហុសរួចហើយ នៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។
ដោយឡែក លោក ហុក រិន អភិបាលក្រុងស្ទឹងសែនបានឲ្យដឹងថា លោកបានទទួលព័ត៌មានលំអិតជាច្រើនរួចមកហើយ រហូតមានឪពុកម្ដាយ អាណាព្យាបាលសិស្សមួយចំនួនប្ដឹងមកសមត្ថកិច្ច ប៉ុន្តែក៏មានឪពុកម្ដាយសិស្សខ្លះ និងសិស្សសាលាស្ទើរតែទាំងអស់មិនហ៊ាននិយាយពីទង្វើរបស់នាយកវិទ្យាល័យរូបនេះឡើយ បើទោះបីជាទទួលការវាយដំខុសលក្ខណៈប្រៀនប្រដៅក៏ដោយ គឺដោយសារសិស្សទាំងនោះទទួលការគំរាមកំហែងពីលោក ផៃ នន ដែលធ្លាប់គំរាមសិស្សថា បើអ្នកណាប្រាប់ម៉ែឪ និងអ្នកកាសែត ឬប្ដឹងប៉ូលីស គឺគាត់នឹងចារប៊ិចក្រហមលើសៀវភៅ ចំណុចនេះហើយដែលសិស្សៗមិនហ៊ាននិយាយ ។ ប៉ុន្តែទោះជាយ៉ាងណាលោកនឹងធ្វើការពិភាក្សាលើបញ្ហានេះជាមួយថ្នាក់ដឹកនាំខេត្តដើម្បីដោះស្រាយ ។
ដោយសារតែមន្ទីរអប់រំនៅមិនទាន់មានចំណាច់ការក្ដៅ និងអាជ្ញាធរមិនទាន់ឆ្លើយតបនោះ លោកនាយកវិទ្យាល័យស្ទឹងសែន ផៃ នន ដែលមានចរិតក្រអើតក្រទម អាងអ្នកមានអំណាចនៅពីក្រោយនោះ មិនត្រឹមតែមិនអនុវត្តតាមការព្រមាន និងកិច្ចសន្យាប៉ុណ្ណោះទេ ផ្ទុយទៅវិញគ្រូៗក្រោមឱវាទបានបន្តថា រឹតតែមានអំនួតវោហារឌឺដង ផ្លែផ្កាពាក្យសម្ដី អសុរស បញ្ឆិតបញ្ឆៀងឲ្យមន្ត្រីក្រោមឱវាទលើសដើម ។
ជុំវិញការចោទប្រកាន់ខាងលើនេះ លោកនាយកផៃ នន បានច្រានចោលទាំងស្រុង ដោយលោកបញ្ចាក់ថា ជារឿងមិនពិត ។
ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយបានឲ្យដឹងថា មានលោកគ្រូ-អ្នកគ្រូជាច្រើននាក់ លើកលែងតែសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាអ្នកគាំទ្រ៤នាក់ប៉ុណ្ណោះ ដែលសំណូមពរដោយទទួចទៅលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មេត្តាពិនិត្យ និងស្រាវជ្រាវលើករណីថ្នាំងថ្នាក់នេះឲ្យបានលឿនផង ៕
ចែករំលែកព័តមាននេះ