ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់បានឆ្លងទន្លេនៅមណ្ឌលសុខភាពរវៀង បានកូនភ្លោះ៤នាក់ ស្រី២នាក់ ប្រុស២នាក់ ។ ដោយសារតែស្ថានភាពសុខភាពម្តាយ និងទារកប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ក៏ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនបន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ នៅថ្ងៃទី១៤ កក្កដា ។ នេះជារឿងកម្រមួយដែលស្ត្រីខ្មែរមាឌតូចល្អិត ប្រសូតបានកូនភ្លោះដល់ទៅ៤នាក់ ដែលទូទៅសម្បូរតែកូនភ្លោះ២ និងកូនភ្លោះ៣តែប៉ុណ្ណោះ ។
ក្រុមគ្រូពេទ្យបានឱ្យដឹងថា ស្ត្រីជាម្តាយឈ្មោះ ផាល សុជា អាយុ២៤ឆ្នាំ មានទីលំនៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ និងប្តីឈ្មោះ កៅ ឈួង អាយុ២៧ឆ្នាំ ជាកសិករ ។ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ពេលភរិយាឈឺពោះឆ្លងទន្លេបុរសជាប្តីបានព្យាយាមទៅកាន់មណ្ឌលសុខភាពរវៀង ។ ការប្រសូតនេះពិតជាអស្ចារ្យគឺបានប្រសូតតាមធម្មជាតិ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ កក្កដា ដោយបានកូនភ្លោះរហូតដល់ទៅ៤នាក់ ក្នុងនោះស្រី២នាក់ដោយមិនមានការវះកាត់នោះឡើយ ។ ប៉ុន្តែដោយសារស្ថានភាពសុខភាពម្តាយ និងទារកមានសភាពទន់ខ្សោយ ទើបក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពរវៀង បានសម្រេចបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក១៦ មករា ក្រុងព្រះវិហារ ធ្វើការសង្គ្រោះទាំងម្តាយ និងទារកទាំង៤នាក់ ។
ទារកទាំង៤នាក់ដែលបានសម្រាលចាកឧទរម្តាយ ពួកគេមានទម្ងន់ចាប់ពី១,២គីឡូក្រាមដល់ទៅ១,៥គីឡូក្រាម ។ រហូតមកដល់វេលារសៀលថ្ងៃដដែលតាមគ្រូពេទ្យបានប្រាប់ថា សុខភាពម្តាយ មានសភាពធម្មតាវិញ និងទារកត្រូវចិញ្ចឹមក្នុងកែវ ។
ក្នុងថ្ងៃដដែលនោះដែរ លោក អុ៊ំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំមន្ត្រីសាលាខេត្តព្រះវិហារ នាំអំណោយសាខាកាកបាទក្រហមខេត្ត ទៅសួរសុខទុក្ខក្រុមគ្រួសារកូនភ្លោះ៤ នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ ដោយពេលនោះបានផ្តល់ទឹកប្រាក់១លានរៀល សារុង មុង១ ភួយ១ និងសម្ភារសម្រាប់ទារកភ្លោះទាំង៤នាក់ផងដែរ ។
បុរសជាឪពុកកូនភ្លោះ៤ បាននិយាយថា កូនភ្លោះនេះជាកូនទី២របស់គាត់ ដែលកូនទី១ ភេទប្រុស អាយុ៣ឆ្នាំហើយ ។ គាត់និយាយថា មិននឹកស្មានសោះថា ភរិយារបស់គាត់សម្រាលបានកូនភ្លោះដល់ទៅ៤នាក់នោះទេ ព្រោះពេលមិនទាន់សម្រាល ក៏ធ្លាប់បានទៅឆ្លុះអេកូមើលដែរ គឺឃើញតែ២នាក់ទេ ។ លុះសម្រាលមក មានដល់ទៅ៤នាក់ ។ គាត់បន្តថា ពេលសម្រាលនោះបានកូនមួយហើយ មួយទៀត ស្មានតែអស់ ព្រោះកូនភ្លោះទៅហើយ ។ ស្រាប់តែភរិយានៅបន្តឈឺពោះចង់សម្រាលទៀត ក៏ប្រសូតបានកូន២នាក់ថែមមកទៀត ។
បុរសជាឪពុកក៏សម្តែងនូវការរីករាយផងដែរ ដោយកូនភ្លោះទាំង៤នាក់កើតមកមានកាយសម្បទាល្អទាំងអស់ ឥតចន្លោះត្រង់ណា ពិតជាទេវតាប្រទានហើយ ។ ជាទូទៅសម្រាប់កូនភ្លោះ៣ តែងត្រូវចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាឪពុកចិញ្ចឹម តែពេលនេះកូនភ្លោះទាំង៤ ក៏អាចក្លាយជាឪពុកចិញ្ចឹមឬជាចៅចិញ្ចឹមរបស់សម្តេចតេជោផងដែរ ៕
ចែករំលែកព័តមាននេះ