ខេត្តត្បូងឃ្មុំ ៖ ជាងដាក់ធ្មេញយីហោ «ហ៊ុយ សេង» ម្នាក់បានប្រើល្បិចអន្ទងស្ត្រីវ័យ៤០ឆ្នាំមកដាក់ធ្មេញ ហើយសម្លាប់បំបិទមាត់ដោយរឹតកច្រកចូលក្នុងថង់ញាត់ចូលក្នុងទូកញ្ចក់ ។ ហេតុការណ៍អំពើមនុស្សឃាតដ៏សាហាវនេះកើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១២ កក្កដា ២០១៥ នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រីហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឡៃ សំអាន អាយុ៤០ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ។ រីឯជនសង្ស័យជាជាងដាក់ធ្មេញឈ្មោះ សេង ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ។ ក្រោយពេលសម្លាប់ស្ត្រីរងគ្រោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។
ជាជំហានដំបូងរបស់សមត្ថកិច្ចសន្និដ្ឋានថា នេះជាអំពើឃាតកម្មដោយចេតនា ហើយពេលនេះសមត្ថកិច្ចកំពុងតែតាមប្រមាញ់ចាប់ជនសង្ស័យជាឃាតកយកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបានបន្តថា ក្រោយពីជំនាញបានពិនិត្យសពចប់សព្វគ្រប់ ក៏ប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ព័ត៌មានលម្អិតនឹងផ្សាយនៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ