ខេត្តបន្ទាយមានជ័យ ៖ ផ្ទះនិងតូបស្បែកជើងនៅជាប់ផ្សារថ្មីប៉ោយប៉ែត (អតីតផ្សារអគ្គៈ) ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត០៩យប់ថ្ងៃទី១០ កក្កដា ២០១៥ ស្ថិតនៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែត្រូវបានរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ទាន់ពេលដែលគេសង្ស័យថា បណ្តាលមកពីទុស្សេចរន្តភ្លើង ។
ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះពេជ្រ សិលា ហៅម៉ាប់ អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះសុខ សំអាង អាយុ៤៥ឆ្នាំ ។
បើតាមសម្តីម្ចាស់ផ្ទះឱ្យដឹងថា ពួកគាត់មិនបាននៅផ្ទះទេ គឺរវល់ទៅចូលរួមមង្គលការគេនៅភូមិសាមគ្គីមានជ័យ លុះកំពុងតែហូបការ ក៏មានគេទូរស័ព្ទមកប្រាប់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ។ ដោយឡែកប្រពន្ធម្ចាស់ផ្ទះឱ្យដឹងថា គាត់និងកូនស្រីអាយុ១៣ឆ្នាំ នាំគ្នារៀបចំអីវ៉ាន់ប្រុងបិទតូប ស្រាប់តែមានក្លិនឈ្ងៀមពីលើផ្ទះ លុះឡើងទៅមើល ស្រាប់តែឃើញមានអណ្តាតភ្លើងឆេះចេញពីគំនរស្បែកជើងនៅចំណុចជាន់លើ (ឡៅតឿ) ដែលទីនោះមានកូនប្រុសគាត់អាយុ៧ឆ្នាំម្នាក់កំពុងដេកមើលទូរទស្សន៍ ។
ចែករំលែកព័តមាននេះ