រាជធានីភ្នំពេញ ៖ ជនអន្ធពាល៤នាក់បានធ្វើសកម្មភាពដេញវាយ កាប់ និងគប់ដុំថ្ម ទៅលើជាងកាត់សក់២នាក់ប្ដីប្រពន្ធដល់ក្នុងផ្ទះ ព្រោះតែខឹងហ៊ានសម្លឹងមុខពួកគេ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យជនរងគ្រោះមានរបួសស្នាមឡើយ ព្រោះនៅពេលនោះជនរងគ្រោះទាំង២នាក់បានរត់រួចខ្លួន ម្យ៉ាងខណៈនោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នារត់ទៅជួយ ទើបជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ ប៉ុន្តែមុនពេលចាកចេញទៅបានវាយបំបែកកញ្ចក់ទូដាក់ឥវាន់ និងយកទូរស័ព្ទដៃជនរងគ្រោះអស់១គ្រឿងផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅផ្ទះជាងកាត់សក់យីហោខ្មែរស្តាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាប្ដីឈ្មោះជុំ មិន អាយុ២៥ឆ្នាំ ស្រុកកំណើតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរជាងកាត់សក់ និងប្រពន្ធឈ្មោះខៀន ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ដោយឡែកជនសង្ស័យមានគ្នា៤នាក់ ប្រដាប់ដោយដំបងដែក ដំបងឈើមូល និងដាវសាមូរ៉ៃ ដេញវាយ និងកាប់ជនរងគ្រោះ យកទូរស័ព្ទដៃ១គ្រឿង និងវាយកញ្ចក់ទូដាក់លក់ឥវាន់បណ្ដាលឲ្យបែកខ្ទេចខ្ទី ។
ស្ត្រីឈ្មោះខៀន ស្រីនិច បានឲ្យដឹងថា កាលពី៣ថ្ងៃមុនពេលកើតហេតុ ជនអន្ធពាលមួយក្រុមនោះបានរករឿងប្ដីរបស់នាង ដោយចោទថាប្ដីនាងសម្លឹងមើលមុខពួកគេ ក្នុងខណៈពេលដែលពួកគេដើរកាត់មុខផ្ទះរបស់នាង ។ ជននោះបាននិយាយថា ម៉េចឯងហ៊ានមើលមុខអញ នេះជាទឹកដីរបស់អញ មិនដែលមានអ្នកណាហ៊ានមើលមុខអញទេ ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែលេចមុខជនទាំងនោះទៅដល់ផ្ទះនាងតែម្ដងទៀត ហើយបានសម្រុកចូលទៅដេញវាយ កាប់ និងគប់ដុំថ្មស្រោចទៅលើនាង និងប្ដីនាងទាំងកំរោល ។ ខណៈនោះបើកុំតែនាង និងប្ដីរត់រួច និងបានប្រជាពលរដ្ឋចេញទៅជួយទាន់ កុំអីត្រូវជនទាំងនោះវាយ និងកាប់ចិញ្ច្រាំទាល់តែស្លាប់បាត់ទៅហើយ ។
ប៉ូលិសប៉ុស្ដិ៍ចោមចៅបានចុះទៅកាន់ទីនោះភ្លាមៗ និងបានប្រមូលវត្ថុតាងផ្សេងដែលបន្សល់ទុកនៅកន្លែងកើតហេតុ ដូចជាដំបងឈើ ដំបងដែក និងដុំថ្ម នាំយកទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនពាលអន្ធពាលទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ