ខេត្តត្បូងឃ្មុំ ៖ ក្រុមចោរមានគ្នាចំនួន២នាក់ជិះម៉ូតូ១គ្រឿងប្រដាប់ដោយអាវុធខ្លីបានមកធ្វើសកម្មភាពភ្ជង់ប្លន់មន្ត្រីរបស់អង្គការពន្លឺអមតៈយកប្រាក់អស់ចំនួន១០លាន និង២០ម៉ឺនរៀល ហើយគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៧ កក្កដា ២០១៥ នៅភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ តែសមត្ថកិច្ចជំនាញមិនទាន់ជឿលើករណីនេះទេ សង្ស័យមន្ត្រីរបស់អង្គការនេះប្រឌិតឡើងតែប៉ុណ្ណោះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង ប៉ុស្តិ៍រដ្ឋបាលឃុំរកាពប្រាំបានទទួលបណ្តឹងពីឈ្មោះ អេង កុសល្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិករបស់អង្គការខាងលើ មានស្នាក់ការនៅឃុំរកាពប្រាំ ហើយមានស្រុកកំណើតនៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ បច្ចុប្បន្នរស់នៅភូមិត្រពាំងត្រុំ ឃុំសំពងជ័យ បានអះអាងថា មានចោរចំនួនពីរនាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូឌ្រីម C 125 ប្រដាប់ដោយអាវុធខ្លី២ដើមមកធ្វើសកម្មភាពភ្ជង់ប្លន់យកលុយអស់ជាង១០លានរៀល ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបន្តថា តាមការបំភ្លឺពីអ្នករងគ្រោះខាងលើនេះបានឆ្លើយថា នៅថ្ងៃទី៧ កក្កដា រូបគេមិនបានចូលទៅបំរើការងារនៅការិយាល័យតាមបញ្ជារបស់អង្គការនោះទេ ព្រោះថាមានអតិថិជនជំពាក់លុយរបស់អង្គការបានទូរស័ព្ទឲ្យខ្លួនទៅទទួលយកលុយត្រូវសងមកអង្គការវិញមានជាច្រើននាក់ ។
បន្ទាប់មកឈ្មោះ កុសល្យ បានជិះម៉ូតូចេញទៅដើម្បីទទួលយកប្រាក់ ដោយប្រមូលបានពីអតិថិជនចំនួន១០លាន និង២០ម៉ឺនរៀល ដោយបានដាក់លុយទាំងនោះក្នុងថង់សឺមីមួយដាក់ក្នុងកាតាបយួរ ពណ៌ខ្មៅដាក់លើទូកម៉ូតូដើម្បីជិះមកកាន់ស្នាក់ការរបស់អង្គការវិញនៅឃុំរកាពប្រាំ ។
ក្នុងពាក្យបណ្តឹងបន្តថា ខណៈពេលដែលជិះម៉ូតូមកដល់ត្រង់ចំណុចស្ងាត់ក្នុងចំការកៅស៊ូតាប៉ាវ ស្រាប់តែកង់ម៉ូតូបានធ្លាយ រូបគេក៏ចុះបណ្តើរបានប្រហែលជា៣០០ម៉ែត្រស្រាប់តែមានក្រុមចោរមានគ្នាចំនួន២នាក់ជិះមកក្បែរដោយភ្ជង់នឹងកាំភ្លើងខ្លីយកលុយដែលប្រមូលពីកូនបំណុលទៅអស់។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា យោងតាមការអង្កេតជំហានដំបូងឃើញថា ១-ចំណុចសង្ស័យកន្លែងប្លន់នោះមិនមានសាក្សីណាបានឃើញ ២-ម៉ូតូរបស់ជនរងគ្រោះមិនឃើញមានធ្លាយក្រោយពីសប់ ៣-បាត់តែលុយអង្គការចុះម្តេចលុយផ្ទាល់ខ្លួនមិនបាត់ ៤-កាបូបដាក់លុយមិនបាត់បង់ ៥-ការគេចវេសមិនចូលការិយាល័យរបស់អង្គការខុសពីប្រក្រតី ។ល។
រហូតមកដល់ព្រឹកថ្ងៃទី៨ កក្កដា នេះសមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវបន្តទៀត ដោយមិនជឿលើមន្ត្រីអង្គការខាងលើនេះទេ ។ ប្រសិនបើរកឃើញមន្ត្រីខាងលើបំប៉ោងសភាពការណ៍ខុសពីការពិតនោះនឹងត្រូវមានទោសទណ្ឌ៕
ចែករំលែកព័តមាននេះ