ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរវត្ដក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ គឺបានត្រឹមជាង៣០លានដុល្លារ ថយចុះជិត១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ខណៈចំនួនភ្ញៀវមកទស្សនាមានការកើនឡើង ។
តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ កក្កដា នេះបានបង្ហាញឲ្យដឹងថា ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តក្នុងខែមិថុនាមានចំនួន១១៤.០៦៦នាក់ កើនឡើង១៣,១៩ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០១៤ ឯចំណូលនៅក្នុងខែមិថុនាបានចំនួន ៣.១១២.៦៦០ដុល្លារ កើនឡើង ១០,៧៨ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០១៤ ។
តាមរបាយការណ៍ឱ្យដឹងទៀតថា ចំណូលថវិកាបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៥នេះមានចំនួនសរុប៣០.៩៤៨.២៤០ដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ មានការថយចុះ០,៦៩ភាគរយ ។ ចំណែកចំនួនភ្ញៀវទិញប័ណ្ណចូលទស្សនាមានចំនួន ១.០៨៤.៤២៧នាក់ កើនឡើង១,៦១ភាគរយ ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការដែលប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរនេះមានការថយចុះ ខណៈពេលចំនួនភ្ញៀវទេចរមានការកើនឡើងនោះ ដោយសារតែក្នុងឆ្នាំនេះភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គររយៈពេលខ្លីច្រើនជាងរយៈពេលវែង ។
គួរបញ្ជាក់ថា តម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរសម្រាប់ជនបរទេសចែកចេញជា៣ប្រភេទ គឺតម្លៃ២០ដុល្លារសម្រាប់រយៈពេល១ថ្ងៃ ៤០ដុល្លារសម្រាប់រយៈពេល៣ថ្ងៃ (មានសុពលភាព១សប្ដាហ៍) និង៦០ដុល្លារ សម្រាប់រយៈពេល៧ថ្ងៃ (មានសុពលភាព១ខែ)៕
ចែករំលែកព័តមាននេះ