ខេត្តកំពង់ធំ ៖ ព្រៃអង់តែនគឺជាព្រៃប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានផ្ទៃដីសរុបទំហំ៣១.៤១៦ហិកតា ស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្រយៀរ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ បច្ចុប្បន្នកំពុងតែរងនូវការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញ រួមជាមួយនិងមន្ត្រីរាជការអ្នកមានអំណាចនៅពីក្រោយខ្នងរង់ចាំទទួលទិញ នៅពេលណាដែលគេកាប់រានបាន និងដុតបំផ្លាញព្រៃរួចរាល់ ។
ចំណែកចំណុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេគឺស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកសណ្តាន់ ។ក្នុងតំបន់ព្រៃអង់តែននេះដែរ ក៏មានផ្ទៃដីមួយចំនួនជារបស់លោកអនុសេនីយ៏ឯក ជា ផល ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថទំរីងផងដែរ ។
លោកហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង ប្រាប់ថា ចំពោះករណីខាងលើកម្លាំងរបស់លោកបានចុះធ្វើការ និងចងក្រងសំណុំរឿងបានជាច្រើនករណីមកហើយបញ្ជូនទៅតុលាការខេត្ត ក្នុងនោះក៏មានផ្ទៃដីប្រហែលជា៧ទៅ៨ហិកតាជារបស់លោកអនុសេនីយ៍ឯកជា ផល ឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថទំរីងផងដែរ ។
លោកអនុសេនីយ៏ឯកជា ផល មេបញ្ជាការរងកងរាជអាវុធហត្ថទំរីងប្រាប់ថា ដីខាងលើនេះលោកបានទិញពីគេអស់រយៈពេលច្រើនឆ្នាំមកហើយ ។
ជុំវិញបញ្ហាខាងលើនេះដែរ លោកសៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល ប្រហែលដោយសារឃើញលេខទូរស័ព្ទរបស់អ្នកសារព័ត៌មានទូរស័ព្ទចូល លោកមិនទទួលតែម្តង ក៏មិនដឹង ! Sic !
លោកតឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានប្រាប់«កោះសន្តិភាព»ថា ចំពោះបញ្ហាព្រៃអង់តែននេះ គឺជាព្រៃដែលរាជរដ្ឋាភិបាលជប៉ុន ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាស្ថានីយអង្កេតស្រាវជ្រាវពីចរន្តទឹកនៅតំបន់ទីជំរាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង ។ យើងក៏បានបង្កើតសហគមន៍សហការគ្នាជាមួយអាជ្ញាធរ និងខាងជំនាញរដ្ឋបាលព្រៃឈើ ឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០$ក្នុងថ្ងៃ និងមានប្រាក់ខែជាង១០០$ ទៅ២០០$ក្នុង១ខែ ហើយព្រៃអង់តែនកំពុងតែរៀបចំអនុក្រឹត្យគម្រោងរេតបូក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការរិចរិលព្រៃឈើ ។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានបន្តទៀតថា ចំណែកករណីចូលកាប់រានដីព្រៃនោះកម្លាំងរបស់យើងកម្រនឹងចាប់បានជនសង្ស័យបានណាស់ ដោយសារពួកគាត់សុទ្ធតែមានអាវុធក្នុងដៃ មិនឲ្យចាប់ខ្លួននោះទេ ។ គឺមានតែកសាងសំនុំរឿងបញ្ជូនទៅតុលាការទេ ។ រីឯអ្នកចូលទៅកាប់ទន្ទ្រាន និងអ្នកចាំទទួលទិញដីព្រៃអង់តែនសុទ្ធតែខុសច្បាប់ គឺមានទោសដូចគ្នា ។ រឿងនេះលោកនឹងរាយការណ៍ជូនទៅឯកឧត្តមអភិបាលខេត្ត ។
ចំណែកប្រជាពលរដ្ឋនាំគ្នាំនិយាយរិះគន់ថា ព្រៃឈើនៅក្នុងទឹកដីស្រុកសណ្តាន់ បើទុកលោកសៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រឈើសណ្តាន់ លោកចាន់ មុន្នីនាថ នាយសង្កាត់ព្រៃឈើសណ្តាន់ និងលោកហ៊ូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំ តទៅទៀតនោះ ព្រៃឈើដែលនៅសេសសល់ច្បាស់ជានឹងត្រូវរលាយគ្មានសល់ជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាមានវិធានការជាមួយលោកទាំង៣នេះផង ដើម្បីការពារព្រៃឈើ ដែលនៅសេសសល់ ៕
ចែករំលែកព័តមាននេះ