រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាទឹកលិចលើដងមហាវិថីព្រះមុនីវង្ស និងដោយសារបណ្តាញលូតាមបណ្តោយមហាវិថីព្រះមុនីវង្សមានទំហំតូច និងចាស់ទ្រុឌទ្រោម បាក់ស្រុត មិនដំណើរការតាមទីតាំងមួយចំនួន សាលារាជធានីភ្នំពេញបាននិងកំពុងដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹតលូ១ម៉ែត្រ ប្រវែង១២៨០ម៉ែត្រលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងខណ្ឌដូនពេញ ។
គិតត្រឹមល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ការដ្ឋានដាក់លូសម្រេចបានប្រវែង២៣៨ម៉ែត្រ លើប្រវែងសរុប១២៨០ម៉ែត្រ ត្រូវជា១៩%នៃគម្រោង ។
សាលារាជធានីភ្នំពេញស្នើសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើនេះ ៕
ចែករំលែកព័តមាននេះ