ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ឡាបានសៀកឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារភ្នំស្វាយវិញ បន្ទាប់ពីហែកគុករត់ចេញរយៈពេលជាច្រើនខែ ។ ករណីឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងមុខហាងពន្លឺថ្មី (ហៅហាងតាទ្រី) ក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោកផន ទុំ នាយប៉ុស្តិ៍ស្តីទីឡាបានសៀកបានប្រាប់ឲ្យដឹងថា ជនសង្ស័យនេះមានឈ្មោះភឹម បូរ៉ាន់ (ហៅចយ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ គឺជាជនសង្ស័យដែលបានហែកគុករត់ចេញកាលពីពេលកន្លងទៅ ។
លោកទីន សុវណ្ណនី ប្រធានពន្ធនាគារភ្នំស្វាយបានឱ្យដឹងដែរថា ជនសង្ស័យខាងលើនេះបានហែកគុកចេញតែម្នាក់ឯងកាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤ ឥឡូវត្រូវចាប់ត្រឡប់មកចូលគុកវិញហើយនៅល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ដោយសារការសហការណ៍ពីសមត្ថកិច្ចនគរបាលក្រុងបានលុង ទើបចាប់បានជនសង្ស័យខាងលើនេះ ដែលបានរត់ទៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនខែកន្លងមក។ ជនសង្ស័យ ប្រហែលជាភ្លេចថា ខ្លួនបានហែកគុកហើយមើលទៅ ទើបហ៊ានមករស់នៅកន្លែងដើមវិញដូច្នេះ សំដូចពាក្យស្លោកមួយបានពោលថា (ជុងមិនដែលភ្លេចកុកទេ មានតែកុកទេដែលភ្លេចជុង) ។
ការចាប់ខ្លួននេះមានការចេញដីកាដោយលោកអេង ចំនាប់ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរីបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទឈ្មោះភឹម ប៉ូរ៉ាន់(ហៅចយ) កាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ