ខេត្តសៀមរាប ៖ ផ្ទះអ្នកគ្រូបង្រៀនម្នាក់ ត្រូវក្រុមចោរគាស់បង្អួចចូលលួចយកលុយ និងគ្រឿងអលង្ការដែលជាទ្រព្យកេរពីឪម្តាយអស់ជាច្រើន ខណៈដែលពួកគាត់ចេញទៅធ្វើការបាត់អស់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែមិថុនា ក្នុងផ្ទះជនរងគ្រោះនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ តូ ផល្លី អាយុ៥៣ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យ១០មករា ជាស្ត្រីមេម៉ាយមានកូនស្រី២នាក់ ចំណែកទ្រព្យសម្បត្តិដែលបាត់ រួមមាន ៖ ១-ប្រាក់អាមេរិកចំនួន៣.៤០០ដុល្លារ ២-ប្រាក់ខ្មែរចំនួន២លាន៨០ម៉ឺនរៀល ៣-ក្រវិលត្បូងប៉ៃលិន១០គូ ៤-ក្រវិលពេជ្រ៣គូ ៥-មាស១តម្លឹង ៦-ខ្សែដៃពេជ្រ៣ខ្សែ ៧-ខ្សែ.កពេជ្រ២ខ្សែ ៨-ខ្សែ.កមាស១ខ្សែ ទម្ងន់៥ជី ៩-ខ្សែ.កប្លាទីន៣ខ្សែ ស្មើ១តម្លឹង ១០-ចិញ្ចៀនប្លាទីន៣វង់ ស្មើ១តម្លឹង ១១-ខ្ទាស់អាវធ្វើពីមាសដាំពេជ្រ១ និង១២-ប្រាក់ណែនពីបុរាណ១ដុំ ស្មើ១គីឡូក្រាម ។ សរុបទាំង១២មុខនេះ អាចមានតម្លៃរហូតដល់ជាង១០ម៉ឺនដុល្លារ ។
សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវស្វែងរកមុខសញ្ញាយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ