ខេត្តកំពង់ចាម ៖ ស្ត្រីមានកូន៣នាក់ឈ្មោះគិន ណារ៉ុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំបានសម្រេចចិត្តផឹកថ្នាំកណ្តុរធ្វើអត្តឃាតបញ្ចប់ជីវិត បន្ទាប់ពីមានជម្លោះជាមួយប្តីរួចមក ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ មិថុនា ២០១៥ ហើយត្រូវបានសាច់ញាតិដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចម៉ែ ក្រុងសួង តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបាន ក៏ស្លាប់តែម្តង ។
លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរូបនេះមានជម្លោះជាមួយ និងប្តីរបស់ខ្លួនឈ្មោះប៉ោង កុសល ឱ្យចេញទៅធ្វើការ តែប្តីមិនព្រមចេញទៅ ដោយសារមិនស្រួលខ្លួននោះ ។
លោកបន្តថា ប្រពន្ធថែមទាំងបោះពាក្យថា បើមិនព្រមចេញទៅនោះទេ យកលុយ១០ម៉ឺនរៀលចុះចេញទៅឱ្យឆ្ងាយ ក្នុងពេលដែល
មានជម្លោះកើតឡើងប្រកែកគ្នាដោយពាក្យសម្តី ។ ក្នុងពេលនោះ ប្តីក៏បានទៅចុះពីលើផ្ទះ ដោយយកលុយ១លានរៀលចេញទៅដេកនៅផ្ទះឪពុករបស់ខ្លួន ស្ថិតនៅមិនឆ្ងាយពីផ្ទះប្រពន្ធឡើយ ។
ហេតុតែប្រពន្ធឈឺចិត្តពេកនោះ ក៏បានយកថ្នាំកណ្តុរមកផឹកធ្វើអត្តឃាត បណ្តាលឱ្យប្រកាច់ប្រកិនបែកពពុះមាត់ ក៏ប្រញាប់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យក្រុងសួង ។ តែដោយឥទ្ធិពលថ្នាំពុលនោះ បានជ្រាបពេញខ្លួនប្រាណ ក៏ស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ