រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈប្រពន្ធកំពុងស្លៀកសម្លៀកបំពាក់ឱ្យ ក៏ស្រាប់តែដកស្រការមាន់ស្លាប់ភ្លាមៗនៅនឹងកន្លែងសម្រាកក្នុងមន្ទីរពេទ្យ បន្ទាប់ពីងូតទឹករួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៣ មិថុនា ២០១៥ នេះ ស្ថិតនៅមន្ទីរពេទ្យខ្មែរ-សូវៀត ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ូច គឹមឡេង អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងឃុំទួលស្វាយ ឃុំឈើខ្មៅ ស្រុកលើកដែក ខេត្តកណ្តាល មានប្រពន្ធឈ្មោះនាង ភ័ក្ត្រ អាយុ៣៣ឆ្នាំ មានកូនស្រី២នាក់ក្នុងបន្ទុក ។
ប្រភពពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់មានជំងឺរលាកថ្លើម និងរលាកស្រោមខួរ ដោយបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ មិថុនា នេះ ហើយត្រូវក្រុមគ្រូពេទ្យឱ្យសម្រាកក្នុងមន្ទីរពេទ្យនោះ ។ លុះរហូតដល់វេលាកើតហេតុ ត្រូវប្តីរបស់គាត់ត្អូញថា ក្តៅស្អុះណាស់ គាត់ប្រាប់ឱ្យទៅងូតទឹកចេញ បន្ទាប់ពីងូតទឹករួច គាត់ក៏ស្លៀកពាក់ឱ្យស្រាប់តែប្តីគាត់ដកស្រការមាន់ស្លាប់ភ្លាមៗតែម្តង ។
ប្រភពបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍នេះ ត្រូវស្ត្រីជាប្រពន្ធសុំសំណូមពរឱ្យខាងមន្ទីរពេទ្យ មេត្តាជួយបូជាសពប្តីរបស់គាត់ផង ព្រោះគាត់ក្រីក្រណាស់ គ្មានលទ្ធភាពបញ្ជូនសពទៅស្រុកវិញទេ គាត់គ្រាន់តែចង់បានឆ្អឹងទៅស្រុកវិញតែប៉ុណ្ណោះ ។ ចំណែកឯខាងមន្ទីរពេទ្យ ក៏បានយល់ព្រមចេញថ្លៃបូជាសព ហើយទន្ទឹមនោះ លោកប្រធានប៉ុស្តិ៍ទំនប់ទឹក ក៏ចូលបុណ្យចំនួន៣ម៉ឺនរៀលផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ