ខេត្តឧត្តរមានជ័យ ៖ រដូវវស្សាឈានចូលមកដល់ប្រជាកសិករគ្រប់ក្រុមគ្រួសារតែងតែនាំគ្នីគ្នាចុះភ្ជួររាស់ដីស្រែចម្ការរៀងៗខ្លួនឲ្យទាន់រដូវបង្កបង្កើតផលស្រូវ និងដំណាំផ្សេងៗផងដែរ ដោយឡែក អ្នកភូមិមួយគ្រួសារបានភ្ជួរដីស្រែរបស់ខ្លួនក៏ជួបប្រទះគ្រាប់កាំភ្លើងដែលមិនទាន់ផ្ទុះចំនួន៤០គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាម កាលពីព្រឹកថ្ងៃទី៣១ ឧសភា ២០១៥ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិសុខដុមរម្មនា សង្កាត់កូនគ្រៀល ក្រុងសំរោង ។
អ្នកភូមិដែលប្រទះឃើញគ្រាប់នេះ ឈ្មោះ ហ៊ាង ហាក់ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់ព្រមទាំងប្រពន្ធកូននាំគ្នាទៅស្រែចម្ការ ដើម្បីភ្ជួររាស់ដីទុកដាំដំណាំស្រូវ និងដាំដំណាំផ្សេងៗ ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះចំនួន៤០គ្រាប់ ដែលគេបានកប់ទុកក្នុងដីស្រែ ក្នុងនោះ គ្រាប់ប្រភេទM១៩ចំនួន៨គ្រាប់ និងគ្រាប់កាំភ្លើង៨០មិល្លីម៉ែត្រចំនួន៣២គ្រាប់ រូបគាត់ក៏រាយការណ៍ទៅអាជ្ញាធរមូលរដ្ឋានរួចហើយ ។
កន្លងមក ប្រជាពលរដ្ឋបានសង្កេតឃើញមានហេឡូត្រាសតែងតែបោសសម្អាតគ្រាប់មីនគ្រប់ទីកន្លែង ប៉ុន្តែគ្រាប់នៅតែមាននៅពាសពេញផ្ទៃដីដដែល ហើយជាញឹកញាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះភាគច្រើនបានទទួលរងគ្រោះ មានអ្នកខ្លះស្លាប់ និងអ្នកខ្លះរងរបួស ។
ទោះបីជាបែបណាក្តី ប្រជាពលរដ្ឋសុំអំពាវនាវដល់រាជរដ្ឋាភិបាលជួយបញ្ជូនក្រុមហេឡូត្រាសមកជួយបោសសម្អាតសាជាថ្មី ព្រោះថានៅក្នុងខេត្តឧត្តរមានជ័យនេះបានបញ្ចប់សង្គ្រាមដំណាក់ការចុងក្រោយបង្អស់ ថែមទាំងគ្រាប់មិនទាន់ផ្ទុះដែលកប់ក្នុងដីគ្រប់ប្រភេទផងដែរ ៕
ចែករំលែកព័តមាននេះ