រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CU-0958 ឌុបសង្សារចេញពីច្រៀងខារ៉ាអូខេ ក៏ត្រូវក្រុមចោរប្រដាប់អាវុធមានគ្នា៥នាក់ វាយភ្ជង់ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅតាមផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះម៉ា ដេវីត ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកហាងជប៉ុនយីហោតុងការ៉ាស៊ី មានទីលំនៅផ្ទះលេខ៧៥Eo ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពបន្តថា កាលពីវេលាម៉ោង១១យប់ រូបគេចេញពីធ្វើការហើយគាត់មិនបានត្រឡប់ទៅផ្ទះទេ នៅឈប់រង់ចាំសង្សារចេញពីធ្វើការនៅវេលាម៉ោង១២អធ្រាត្រ ទើបជិះនាងទៅចូលក្លឹប រួចហើយទៅច្រៀងខារ៉ាអូខេរហូតដល់ម៉ោងកើតហេតុខាងលើ ទើបដឹកសង្សារត្រឡប់ទៅផ្ទះវិញ ។
ដោយធ្វើដំណើរតាមផ្លូវលេខ៥១ ពីជើងទៅត្បូង រួមជាមួយមិត្តភក្តិជិះម៉ូតូមួយគ្រឿងទៀត ដឹកសង្សារម្នាក់ដូចគ្នា ប៉ុន្តែមកដល់ចំណុចខាងលើ ជាផ្លូវងងឹតហើយម៉ូតូទាំង២គ្រឿងដាច់គ្នាឆ្ងាយពេក ធ្វើឱ្យម៉ូតូជនរងគ្រោះបន្ថយល្បឿនបើកយឺតៗចាំមិត្តភក្តិ ស្រាប់តែមានជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមជិះគ្នា៣នាក់ និងស៊ុយស៊ូគីលែត ជិះគ្នា២នាក់ ក្នុងនោះជនសង្ស័យជិះម៉ូតូស៊ុយស៊ូគីលែត បានជិះទៅកាក់ពីមុខជនងគ្រោះធ្វើឱ្យជនរងគ្រោះជិះម៉ូតូបុកដួលទាំង២គ្រឿង ហើយរូបគេបានរត់ទៅលើកម៉ូតូ ក៏ត្រូវជនសង្ស័យ៣នាក់ទៀត ជិះម៉ូតូមកតាមក្រោយ បានវាយមួយដៃចំកញ្ចឹង.ក តែរូបគេនៅតែទៅចាប់ទាញម៉ូតូ ធ្វើឲ្យជនសង្ស័យដកកាំភ្លើងភ្ជង់គំរាមប្លន់យកម៉ូតូទៅបាត់តែម្តង ។
ចែករំលែកព័តមាននេះ