រាជធានីភ្នំពេញ៖ ស្ត្រីសង្ស័យ៤នាក់ ជាប់ចោទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ក្រោយពីឆែកឆេរនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន១៦កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។
កណីរបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៦ ឧសភា នៅផ្ទះជួលគ្មានលេខ ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ក្រុមស្ត្រីទាំង៤នាក់ដែលឃាត់ខ្លួនបាននេះមាន ១-ឈ្មោះ ហ៊ុន មួយជូ អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់ ២-ឈ្មោះ លីន ប៊ុនធឿន អាយុ៣០ឆ្នាំ ៣-ឈ្មោះ នឿន ពៅ អាយុ១៧ឆ្នាំ និង៤-ឈ្មោះ នឿន ពិសី អាយុ២៧ឆ្នាំ ។ ពេលដែលពួកគេកំពុងនាំគ្នាលេងបៀតងនៅក្នុងបន្ទប់ផ្ទះជួលខាងលើ ។ ដោយឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងនគរបាលជំនាញរនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនខែមកនោះ ទើបឈានទៅធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះជួល និងឃាត់ខ្លួនបានក្រុមស្ត្រីជាជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់នេះ និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតនេះ ។
ប្រភពព័ត៌មានដដែលបន្តថា ក្នុងចំណោមស្ត្រីទាំង៤នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួននេះ គឺមានតែស្ត្រីម្នាក់ ឈ្មោះ ហ៊ុន មួយជូ ម្នាក់បុណ្ណោះដែលពាក់ព័ន្ធថ្នាំញៀន ដែលបានរកឃើញលាក់ទុកនៅជាប់នឹងខ្លួន ។
ក្រោយពីឆែកឆេរនៅក្នុងបន្ទប់ផ្ទះជួលខាងលើ និងឃាត់ខ្លួនស្ត្រីទាំង៤នាក់ រួមទាំងវត្ថុតាងរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុចាត់ការទៅតាមនីតិវិធី ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ