ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះគ្រប់ខែឈឺសម្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្ត លុះរង់ចាំឱ្យនាងសម្រាលតាមធម្មជាតិអស់រយៈពេលយូរមិនកើត ក៏ត្រូវក្រុមគ្រូពេទ្យជំនាញធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះទាំងម្តាយ និងកូន ។ តែជាអកុសល ទារកទាំង២បានស្លាប់កាលពីនៅក្នុងផ្ទៃពោះ រួចទៅហើយ ដោយសារតែមានដើមទ្រូងជាប់គ្នា ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០១៥ កន្លងមក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពបានឱ្យដឹងថា នារីដែលមានកូនភ្លោះដើមទ្រូងជាប់គ្នានេះឈ្មោះឡូ ច្រិប អាយុ១៨ឆ្នាំ មានប្ដីឈ្មោះសូន សុវណ្ណ អាយុ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិខ្នាលអំពិល ឃុំក្រោលក្របី ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពពីនារីជាម្តាយទារកដែលស្លាប់បានរៀបរាប់ឱ្យដឹងថា នាងរស់នៅតែ២នាក់ប្តីប្រពន្ធជាគ្រួសារក្រីក្រ ហើយធ្លាប់បានឆ្លងដែនទៅស៊ីឈ្នួលគេនៅប្រទេសថៃអស់រយៈពេល៤ខែកន្លងទៅ ហើយក៏ត្រឡប់មកខេត្តប៉ៃលិនវិញ និងធ្លាប់បានទៅរស់នៅជាមួយបងប្អូននៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អស់រយៈពេលប្រហែល៥ខែដែរ លុះក្រោយមកក៏នាំប្តីប្រពន្ធមករស់នៅក្នុងក្រុងប៉ៃលិនវិញ ។
ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុ ស្រាប់តែនាងឈឺចុកក្នុងផ្ទៃពោះតិចៗតាំងពីព្រឹកថ្ងៃទី១៧ ឧសភា រហូតដល់ល្ងាច ទើបប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ពេលទៅដល់មន្ទីរពេទ្យភ្លាមៗ ក្រុមគ្រូពេទ្យធ្វើការពិនិត្យពោះដឹងឃើញថា នាងមានទារក ចំនួន២ តែមិនដឹងថា មានដើមទ្រូងជាប់គ្នានោះឡើយ ហើយក៏ឱ្យប្រឹងសម្រាលតាមធម្មជាតិ ។ ក្រោយមកនៅព្រឹកថ្ងៃបន្ទាប់ ដោយសារនាងមិនអាចកើតខ្លួនឯងបាន ទើបក្រុមគ្រួសារបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យផ្នែកវះកាត់ លុះសម្របសម្រួលគ្នារួច ក៏ធ្វើកិច្ចសន្យាវះកាត់ ។
បន្ទាប់ពីគ្រូពេទ្យបានដាក់សេរ៉ូម ដើម្បីឱ្យនាងមានកម្លាំងរួចមក ក៏ធ្វើការវះកាត់នៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៥ ។ ក្រោយមកក៏បានវះកាត់ឃើញទារកភ្លោះមានទ្រូងជាប់គ្នា តែបានស្លាប់បាត់ទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ