ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយឈុលរហូតឈានដល់បិទចរាចរមួយរយៈផងដែរ បន្ទាប់ពីអណ្ដាតភ្លើងឆាបឆេះ
រត់ទៅមកពីបង្គោលខ្សែភ្លើងម្ខាងផ្លូវ ទៅម្ខាងផ្លូវមួយទៀត ក្បែរហាងអាហារដ្ឋានស៊ុបគោឆ្នាំងភ្លើង និងស្ថានីយលក់ប្រេងឥន្ទនៈ ក្នុងភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ។
ទោះជាយ៉ាងណា ការទុស្សេចរន្តនេះមិនបង្កឲ្យនរណាម្នាក់រងរបួស ឬបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋឡើយ ព្រោះសមត្ថកិច្ចបានអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូ ត្រូពីកាណា និងបានអ្នកស្រុកនាំគ្នាប្រើឧបករណ៍ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់រួមគ្នាទាន់ពេលវេលា ។
លោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ប្រាប់កោះសន្តិភាព នៅកន្លែងកើតហេតុថា ហេតុការណ៍ខាងលើធ្វើការគ្រប់គ្រងស្ថានការបានដោយសារប្រើប្រាស់ឧបករណ៍បាញ់ពន្លត់អគ្គិភ័យ អស់ប្រហែលជិត៤០បំពង់ ដែលឧបករណ៍ទាំងនេះជារបស់អ្នកស្រុក ដែលមានសណ្ដានចិត្តល្អ រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនកាស៊ីណូ ត្រូពីកាណា មកជួយបាញ់ពន្លត់អស់ទឹកកន្លះរថយន្តផងដែរ ៕
ចែករំលែកព័តមាននេះ