ខេត្តកំពង់ចាម ៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ឧសភា នេះបុរសជាឪពុកចុងចិត្តទុរយសឈ្មោះ សេង ដេត អាយុ៤៥ឆ្នាំ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ បន្ទាប់ពីយកកំណាត់ឫស្សីពីងពង់ប្រវែងជាង១ម៉ែត្រ ទៅវាយសំពងលើកូនប្រុសឈ្មោះ ថេង ចាន់ធឿន អាយុ១៦ឆ្នាំ ត្រូវលើខ្លួនប្រាណ និងក្បាលបណ្តាលឲ្យរងរបួសធ្ងន់កាលពីល្ងាចថ្ងៃទី១៤ ឧសភា ២០១៥ ហើយបានស្លាប់នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ឧសភា ស្ថិតនៅភូមិអណ្តូងតាឡឹង ឃុំថ្មពូន ស្រុកព្រៃឈរ ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកចុងបានប្រើកូនប្រុសដើមឈ្មោះ ចាន់ធឿន ឲ្យទៅបេះម្អមយកទៅលក់ តែកូនមិនបានទៅបេះទេ ដោយឆ្លើយតបទៅឪពុកថា ខ្ជិលទៅបេះ ព្រោះលក់មិនបានលុយ រួចកូនប្រុសនេះបានដើរចូលទៅក្នុងផ្ទះដួសបាយ១ចានយកទៅអង្គុយហូបនៅក្បែរមាត់ស្រះក្រោយផ្ទះ ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរប្រាប់បន្តថា ខណៈក្មេងប្រុសរងគ្រោះកំពុងតែអង្គុយហូបបាយនោះ ត្រូវឆ្កែដណ្តើមស៊ីធ្វើឱ្យកំពប់បាយ ជនរងគ្រោះខឹងក៏បានដេញវាយឆ្កែ ពេលនោះឪពុកចុងឈ្មោះ សេង ដេត ស្តាប់មិនបានក៏ព្រលយពាក្យទៅកាន់កូនថា «ឯងមិនបាច់ជេរ និងដេញវាយឆ្កែទេ បើឯងចង់វាយមកវាយក្បាលអញទៅ» ។
រំពេចនោះស្រាប់តែឪពុកបានស្ទុះទៅយកកំណាត់ឫស្សីមកវាយសំពងកូនយ៉ាងចាស់ដៃធ្វើឱ្យកូនប្រុសលោតគេចចូលទៅក្នុងទឹកស្រះមានជំរៅត្រឹមចង្កេះមនុស្សចាស់ ។ ក្រោយវាយហើយកូនប្រុសបានប្រឹងដើរ ទៅរកផ្ទះជីដូនដែលមានចំងាយប្រហែល៣០០ម៉ែត្រទាំងដំណើរទ្រេតទ្រោតផងដែរ ។ ពេលទៅដល់ផ្ទះជីដូន ជីដូនឃើញប៉ោងក្បាលបានយកប្រេងកូឡាមកលាបឲ្យ រួចស្រាប់តែក្អួតធ្លាក់ឈាម តែមិនបានយកមកពេទ្យទេចេះតែប្រឹងសម្ងំនឹកថាមិនមានបញ្ហាអី។
លុះមកដល់វេលាម៉ោង៥ព្រឹកថ្ងៃទី ១៥ ឧសភា កូនប្រុសដើមរូបនោះបានស្លាប់ ចំណែកសមាជិកក្រុមគ្រួសារមិនមានអ្នកណាម្នាក់បានបញ្ចេញការពិតប្រាប់មកសមត្ថកិច្ចមូលដ្ឋានទេ គឺបុរសជាប្តីបានប្រាប់ទៅប្រពន្ធថា កូនប្រុសស្លាប់ដោយរាករូស ។ ទោះបីជាព្យាយាមប្រឹងនាំគ្នាបិទការពិតយ៉ាងណាក្តី ក៏ត្រូវបានប្រជាពលរដ្ឋលួចរាយការណ៍ថា កូនប្រុសដើមដែលស្លាប់ ត្រូវឪពុកចុងវាយ ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា ទំរាំតែសមត្ថកិច្ចដឹងពីហេតុការណ៍ខាងលើ បុរសជាឪពុកចុងដែលក្លាយទៅជាឃាតករបានរត់គេចចេញបាត់ពីផ្ទះទៅហើយ។ ក្រុមគ្រួសារនេះក្រីក្រណាស់ត្រូវបានលោកមេភូមិមានសណ្តានចិត្តឲ្យដីសំរាប់ធ្វើផ្ទះតៀមតូចរស់នៅ៣ឆ្នាំមកហើយ មិនដែលមានបញ្ហាហិង្សាក្នុងគ្រួសារកើតឡើងឡើយ ។ មិនតែប៉ុណ្ណោះគ្រួសារនេះទាំងម្តាយ និងឪពុកចុង ព្រមទាំងកូនប្រុសដើមដែលស្លាប់នេះ គឺមានផ្ទុកមេរោគអេដស៍ផងដែរ ៕
ចែករំលែកព័តមាននេះ