រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី១១ ឧសភា ២០១៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបើកប្រតិបត្តិការចុះឆែកទីតាំងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ ហេងវេងស្រេង ស្ថិតតាមបណ្តោយ ផ្លូវលេខ៣៧១ ក្នុងក្រុមទី៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស៥នាក់ ( ស្រី៣នាក់ ) ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ និងមានកាដឹកនាំបញ្ជាកម្លាំងពីសំណាក់លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញឿននៃទីបញ្ជាការដ្ឋានកងរាជធាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដែលដឹកនាំបញ្ជាដោយវរសេនីយ៍ ទោ ហែម រិទ្ធី មេPM ខណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ ។
លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព បានឱ្យដឹងថា មុនឈានដល់ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ គឺខាងការិយាល័យ បានទទួលសេចក្តីរាយការណ៍ពី មហាជនថា ទីតាំងផ្ទះសំណាក់ខាងលើកំពុងក្លាយជាកន្លែងប្រមូលផ្តុំទៅដោយពពួកគ្រឿងញៀន ដែលបានលាក់ខ្លួនពួនសម្ងំជួញដូរ និងសេពគ្រឿងញៀន ។
ក្រោយទទួលបានព័ត៌មានហើយនោះ កម្លាំងកងរាជអាវុធហត្ថរាជធានី នៅរសៀលថ្ងៃទី១១ នេះ បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង និងសហការជាមួយអាវុធហត្ថខណ្ឌមាណជ័យ ចុះទៅដល់ទីតាំងផ្ទះសំណាក់យីហោ វេងហេងស្រេង ខាងលើតែម្តង ។ ជាលទ្ធផលកម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ ស្រី៣នាក់ រួមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចប់តូច , ទូរស័ព្ទដៃ៣គ្រឿង , ទុយោជក់ ៥ដើម , កាបូបដៃ១ , ដបជក់មួយក្បាល២ , ក្រដាសអាលុយមីញ៉ូម ១ និងវត្ថុតាងមួយចំនួនទៀត ។
លោកប៉ាន់ សុភាព បន្តថា ក្នុងការចុះបង្ក្រាបខាងលើនេះក៏បានការសហការយ៉ាងល្អផងដែរពីម្ចាស់ទីតាំងជាមួយនិងកម្លាំងកងរាជអាវុធហត្ថ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ក្
ចែករំលែកព័តមាននេះ