ខេត្តក្រចេះ ៖ នារីម្នាក់បានសម្រេចចិត្តគិតខ្លីលោតចូលក្នុងទឹកអណ្តូងមានជម្រៅជិត១០ម៉ែត្រនៅខាងក្រោយភូមិធ្វើអត្តឃាតសម្លាប់ខ្លួនក្រោយពីរងការស្តីបន្ទោសពីម្តាយ រឿងឲ្យឈប់លេងល្បែង។
នគរបាលបានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះលឹម ផារី អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ត្រូវបានសមត្ថកិច្ច និងក្រុមមគ្រួសារស្រង់ចេញពីបាតអណ្តូងមានជម្រៅជិត១០ម៉ែត្រ កាលពីវេលាម៉ោង១យប់ ថ្ងៃទី០៩ ឧសភា ២០១៥ ។
តាមការសន្និដ្ឋានពីសាច់ញាតិបានឲ្យដឹងថា ការធ្វើអត្តឃាតរបស់នារីរងគ្រោះដោយ សារតែខឹងនឹងម្តាយស្តីបន្ទោសពីរឿងឲ្យឈប់លេងល្បែង។
ក្រុមគ្រួសាររបស់នារីរងគ្រោះបានបញ្ជាក់ថា សព្វថ្ងៃនារីរងគ្រោះបានទៅរស់នៅជា មួយនឹងប្តីធ្វើចម្ការនៅខេត្តស្ទឹងត្រែង។ ហើយក៏ទើបតែមកលេងផ្ទះតែម្នាក់ឯងកាលពី ប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក៏ដោយ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃគេបានឃើញនារីរងគ្រោះ មានទឹកមុខក្រៀមក្រំ រហូតដល់យប់ថ្ងៃទី០៩ ឧសភា នារីរងគ្រោះបានបាត់ចេញពីផ្ទះ ហើយក្រុមគ្រួសារ និងសាច់ញាតិបាននាំគ្នាដើររកក៏ប្រទះឃើញមានស្បែកជើងផ្ទាត់មួយគូររបស់នារីរងគ្រោះនៅចោលមាត់អណ្តូងខាងក្រោយភូមិ ទើបគេកំណត់ថា នារីរងគ្រោះពិតជាធ្វើអត្តឃាត ដោយលោតសម្លាប់ខ្លួនចូលក្នុងអណ្តូងមួយនេះ។
ជាមួយនិងការស្លាប់របស់នារីរងគ្រោះនេះ នគរបាលស្រុកចិត្របុរី បានកំណត់ថា គឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនមិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ៕
ចែករំលែកព័តមាននេះ