ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​អង្វ​រសុំ​អោយ​កូន​ស្រី​ដ៏​ស្រស់​សោភា​ដែល​ចាក​ចេញពីផ្ទះ​​ព្រោះ​តែ​ស្តី​អោយ​រឿង​អត់​ចូល​សាលា​​ត្រឡប់​មក​ផ្ទះ​វិញ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​បរិយាកាស​សង្គម​បច្ចុប្បន្ន​មាន​ភាព​ជឿនលឿន និង​លំហូរ​ចូល​នូវ​​វប្ប​ធ​ម៌​ប្រទេស​ជិតខាង ពិសេស​វប្ប​ធ​ម៌​បរទេស បាន​ធ្វើ​អោយ​យុវវ័យ​​ខ្មែរ​មួយ​ចំនួន​បាន​ប្រាសចាក​សីល​ធ​ម៌​ដ៏​ស្អាតស្អំ មិន​គោរព

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​បរិយាកាស​សង្គម​បច្ចុប្បន្ន​មាន​ភាព​ជឿនលឿន និង​លំហូរ​ចូល​នូវ​​វប្ប​ធ​ម៌​ប្រទេស​ជិតខាង ពិសេស​វប្ប​ធ​ម៌​បរទេស បាន​ធ្វើ​អោយ​យុវវ័យ​​ខ្មែរ​មួយ​ចំនួន​បាន​ប្រាសចាក​សីល​ធ​ម៌​ដ៏​ស្អាតស្អំ មិន​គោរព​ និង​ស្តាប់​តាម​ការ​ប្រៀប​ប្រដៅ​របស់​ឪពុក​ម្តាយ ធ្វើ​ទៅ​តាម​ការ​អូស​ទាញ​របស់​ជនខិលខូច រហូត​ចាកចេញ​ចោលផ្ទះ​សំបែង​ដែល​ជាទី​ផ្តល់​កំណើត បោះបង់​ឪពុក​-ម្តាយ​ដែល​ធ្លាប់​ថ្នាក់ថ្នម​ពី​បាតជើង​ក្រហម​រងៀល ប្រថុយ​បណ្តែត​ខ្លួន​តាម​ខ្យែ​ជីវិត​គ្មាន​កោះ​ត្រើយ និង​គ្មាន​ភាព​កក់ក្តៅ​ ទៅ​តាម​ចិត្ត​នឹក​ឃើញ​តែ​មួយ​ភ្លែត​ មិន​គិត​ពី​អនាគត​ដ៏​វែង​ឆ្ងាយ​នោះ​ឡើយ ។

និយាយ​បែប​នេះ​មិន​មាន​ន័យ​ប​ន្តុះ​បង្អាប់​លើ​យុវ​វ័យ​​ណា​ម្នាក់​ឡើយ​ តែ​ធាតុ​ពិត​យុវជន​មួយ​ចំនួន​ក្នុង​សម័យ​បច្ចុប្បន្ន​ពិត​ជា​បាន​ធ្វើ​យ៉ាង​នេះ​មែន ហើយ​ខាងក្រោម​នេះ​ក៏​មិន​មាន​ន័យ​ថា មើលងាយ​ដល់​ប្អូន​ដែល​បាន​គិត​ខ្លី​ចាក​ចេញពីផ្ទះ​ចោល​ឪពុក​ម្តាយ​នោះ​ដែរ តែ​ជា​ការ​ជួយ​ដល់​លោក​អ្នក​មានគុណ​ទាំង​ពីរ​ ដែល​កំពុង​តែ​សម្រក់​ទឹកភ្នែក​ទទឹង​មើលផ្លូវ​កូន​រាល់ថ្ងៃ អង្វរ​អោយ​កូនស្រី​ជាទី​ស្រឡាញ់ ត្រឡប់​មក​ផ្ទះវិញ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ​អ្វី​ឡើយ នេះ​ជា​ព្រហ្មវិហារ របស់​មាតា​បី​តា​គ្រប់​រូប​ចំពោះ​បុត្រ​ធីតា​របស់​ខ្លួន ។

នៅ​លើ​កៅអី​ជ័រ ក្រោម​ដើម​ស្វាយ​មុខ​ផ្ទះ ធ្វើ​ពី​ថ្ម​ក្រោម​ ​ឈើ​លើ ស្ថិត​ក្នុង​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បុរស​ជា​ឪពុក​ឈ្មោះ​ឡា​ច ស៊ី​ម៉ា អាយុ​៤២​ឆ្នាំ ក្នុង​ទឹកមុខ​ស្រងូត​ស្រងាត់​ បាន​រៀបរាប់​ដោយ​លើក​បង្ហាញ​រូបថត​របស់​កូនស្រី​ដែល​រត់​ចេញពី​ផ្ទះ​ថា កូនស្រី​គាត់​មាន​ឈ្មោះ​ម៉េ​ត កន្និកា អាយុ​១៦ឆ្នាំ​ រៀន​ថ្នាក់​ទី​៨E នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ។​ រូប​គាត់​មានមុខ​របរ​ជា​អ្នក​រត់​ម៉ូតូឌុប ប្រ​ព​ន្ឋ​គាត់​ឈ្មោះ​ធឹ​ម គឹ​ម​សាន អាយុ​៤៤​ឆ្នាំ ជា​អ្នកលក់​បន្លែ​នៅ​ផ្សា​រលើ ។ គ្រួសារ​គាត់​មានកូន​តែ​២​នាក់​ប៉ុណ្ណោះ កូនស្រី​បង​និង​កូនប្រុស​ប្អូន ។ គាត់​បាន​សារភាព​ថា ពិតជា​បាន​ស្តីបន្ទោស​កូនស្រី​ពិតមែន ព្រោះ​ចង់អោយ​កូន​ល្អ គ្មាន​ឪពុក​ម្តាយ​ណា​​ចង់អោយ​កូន​អាក្រក់​នោះ​ទេ ។

គាត់​ចាំ​ថា នៅ​ថ្ងៃ​ទី​០៦​ ខែឧសភា ឆ្នាំ​២០១៥ លោកគ្រូ​បង្រៀន​បាន​ហៅ​គាត់​ជា​ឪពុក​ទៅ​ប្រាប់​ថា កូនស្រី​គាត់​បាន​អវត្តមាន​នៅ​ថ្នាក់​រៀន​​ញឹកញាប់​ណាស់ សូម​ជួយ​ណែនាំ​ផង ។ ល្ងាច​នោះ​ពេល​កូនស្រី​គាត់​មក​វិញ​ គាត់​ក៏​បាន​ស្តីបន្ទោស​ដល់​កូនស្រី​បន្តិចបន្តួច​ពី​រឿង​គ្រូ​ហៅ​គាត់​ទៅ​ព្រមាន​ពី​រឿង​កូនស្រី​អវត្តមាន​នៅ​សាលារៀន​ញឹកញាប់ នៅ​ល្ងាច​នោះ​ក្រោយ​ពី​ស្តីបន្ទោស​ហើយ កូនស្រី​គាត់​មិន​បាន​តបត​អ្វី​ទេ លុះ​ស្អែកព្រឹក​​ឡើង គឺ​ថ្ងៃ​ទី៧​ ខែ​ឧសភា កូនស្រី​គាត់​បាន​ទៅ​រៀន​ជា​ធម្មតា ប៉ុន្តែ​នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក កូន​ស្រី​​គាត់​​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​រៀបចំ​ខោអាវ​ចាក​ចេញពីផ្ទះ​តែ​ម្តង ។

​ស្ត្រី​ចំណាស់​ឈ្មោះ​សយ ដែល​ត្រូវជា​ជីដូន​យុវតី​ខាងលើ​ ដែល​កំពុង​អង្គុយ​ជិត​កូនប្រុស​បាន​ស​ម្រ​ក់​ទឹកភ្នែក និង​ប្រឹង​រៀបរាប់​ថា គាត់​មាន​ជម្ងឺលើសឈាម​ប្រចាំ​កាយ ថ្ងៃ​នោះ​គាត់​បានឃើញ​ចៅស្រី​គាត់​មក​ពី​សាលារៀន​វិញ ហើយ​បាន​ប្រញាប់​រៀបចំ​ខោអាវ​ដាក់​ក្នុង​កាបូប រួច​ចាក​ចេញពីផ្ទះ គាត់​ប្រឹង​រត់​តាម និង​ស្រែកសួរ​ថា ចៅ​ឯង​ទៅ​ណា? ចៅ​ស្រី​ក៏​ឆ្លើយ​ថា ខ្ញុំ​នៅ​ធ្វើ​អ្វី បើ​ពុក​ម៉ែ​មិន​ត្រូវការ​ខ្ញុំ​ហើយ​នោះ?​ គាត់​បាន​ព្យាយាម​រត់​តាម​ចៅស្រី​បណ្តើរ ស្រែក​ឃាត់​ចៅស្រី​បណ្តើរ រហូត​ដល់​ផ្លូវបំបែក​ខាងជើង​ផ្ទះ គាត់​បានឃើញ​ក្មេង​ស្រី​ម្នាក់​ក្នុង​សម្លៀក​បំពាក់​សិស្សសាលា កំពុង​បញ្ឆេះ​ម៉ូតូ​រង់ចាំ​ចៅស្រី​គាត់ ប៉ុន្តែ​គាត់​គ្មាន​ល​ទ្ឋ​ភាព​ទាញ​ចៅស្រី​គាត់​ចុះ​ពី​ម៉ូតូ​ឡើយ​ព្រោះតែ​វ័យ​ចំណាស់​របស់​គាត់​ និង​ដោយសារ​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ស្ទុះ​តាម​ចិត្តបាន​ឡើយ  គាត់​បាន​ត្រឹមតែ​ដាក់​គូថ​អង្គុយ​យំ សម្លឹង​​មើល​ចៅស្រី​គាត់​រហូត​ផុតកន្ទុយភ្នែក​តែ​ប៉ុណ្ណោះ ។

​បន្ទាប់​ពី​ស្តាប់​សំដី​ស្រី្ត​ជា​ជំដូន និង​​ឪពុក​ក្មេង​ស្រី​ចាក​ចេញពីផ្ទះទាំង​ទឹក​ភែ្ន​ក​ និង​និ​យាយ​ចុង​ក្រោយ​ថា សូម​អោយ​កូនស្រី​ប្រញាប់​វិល​ត្រឡប់​មក​ផ្ទះ​វិញ គ្រួសារ​ទាំងមូល​កំពុង​រង់ចាំ គ្មាន​អ្នក​ណា​ម្នាក់​ខឹង​និង​កូនស្រី​ឡើយ ក្នុង​នោះ​ផង​ដែរ​តាម​រយៈ​សារព័ត៌មាន​នានា លោក​​ទាំង​២​សូម​ជូនដំណឹង​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង បើ​បានឃើញ​កូនស្រី​ដូច​មាន​ក្នុង​រូបថត​នេះ សូម​មេត្តា​ផ្តល់​ដំណឹង​មក​គាត់​យក​តែ​បុណ្យ​ផង តាម​ទូរ​សព្ទ័​លេខ 088 86 51 744 ៕