ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ត្រូវរន្ទះអប្រីយ៍ប្រល័យជីវិតគ្មានក្តីមេត្តាស្លាប់នៅលើភ្លឺស្រែយ៉ាងអាណោចអាធ័មចោលកូនប្រុស៣នាក់ នៅកំព្រាគ្មានទីពឹង បន្ទាប់ពីឪពុកបានស្លាប់ចោលអស់រយៈពេលនេះ៥ឆ្នាំកន្លងទៅ តែពេលនេះត្រូវម្តាយស្លាប់ទៀត។ សាកសពស្ត្រីរងគ្រោះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ឧសភា ២០១៥ នៅចំណុចទំនប់ប្រឡាយក្តាន់ ស្ថិតក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
បើតាមការរៀបរាប់ឲ្យពីលោកអនុសេនីយ៍ឯក ក្រៃ សឹង្ហ នាយប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១រសៀល ថ្ងៃទី០៩ ឧសភា ២០១៥ ស្ត្រីរងគ្រោះឈ្មោះព្រំ ឈឺន អាយុ៤៩ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ បានទៅបូមទឹកដាក់ស្រែជាមួយកូនប្រុសច្បង និងបងប្រុសឈ្មោះព្រំ ឈួន អាយុ៥២ឆ្នាំ នៅភូមិជាមួយគ្នា និងស្រែជាប់គ្នា ។ នៅពេលនោះផ្ទៃមេឃខ្មៅធ្លាក់ភ្លៀងលាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ស្ត្រីរងគ្រោះបានឲ្យកូនប្រុសច្បងបើកគោយន្តមកផ្ទះមុន បន្ទាប់មក ត្រូវបងប្រុសដេញឲ្យស្ត្រីរងគ្រោះជិះម៉ូតូមកផ្ទះមុនដែរ គាត់នៅតែម្នាក់ឯងបានហើយ ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា នៅពេលដែលឈ្មោះព្រំ ឈួន មកដល់ផ្ទះកូនៗទាំង៣នាក់នោះ មិនឃើញម្តាយក៏សួរនាំ ហើយគាត់ប្រាប់ថា គាត់បានដេញម្តាយឯងមកផ្ទះមុនអ៊ុំ ម្តេចមិនឃើញ បន្ទាប់គាត់បានសួរនាំអ្នកភូមិ គេថា មិនឃើញ ក៏កើតមានការភ្ញាក់ផ្អើល លុះដើរទៅរកនៅកន្លែងទុកម៉ូតូក្នុងខ្ទមស្រែឃើញម៉ូតូ ក៏នាំគ្នាដើររកបន្តទៀត ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់នៅលើទំនប់។ តាមការពិនិត្យសពស្ត្រីរងគ្រោះ គឺស្លាប់ដោយសាររន្ទះបាញ់ ព្រោះមានស្នាមជាំខ្លោចត្រង់គល់.ក ដើមទ្រូង និងពោះ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ