ខេត្តកំពង់ចាម ៖ ព្រះសង្ឃមួយអង្គព្រះនាម ញ៉ ញីន បានសុគត បន្ទាប់ពីលង់ទឹកស្រះក្នុងបរិវេណវត្ត «អម្រិតមានជ័យ ហៅវត្តស្រែប្រាំង» សិ្ថតក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង០៥នាទីល្ងាចថ្ងៃទី០៨ ឧសភា ២០១៥ បង្កឱ្យមានការភ្ញាក់ផ្អើលពេញវត្ត និងមានកម្លាំងសមត្ថកិច្ចបាននាំគ្នាទៅពិនិត្យសពផងដែរ ។
លោកអនុសេនីយ៍ឯក យូ ភារុន អធិការរងនគរបាលស្រុកចំការលើប្រាប់ឱ្យដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុ ព្រះអង្គ ញីន បាននិមន្តចេញពីកុដិរបស់ខ្លួន ដើម្បីទៅស្រង់ទឹកស្រះនៅខាងកើតព្រះវិហារក្នុងបរិវេណវត្ត ដោយទៅតែ១អង្គឯងប៉ុណ្ណោះ ដែលក្នុងទឹកស្រះមានជម្រោះ២ ទៅ៣ម៉ែត្រ ខណៈព្រះអង្គលាងព្រះកាយ ក៏ស្រាប់តែរមួលក្រពើ ទើបជាហេតុបណ្តាលឱ្យលង់តែម្តង ។
លោកបន្តថា ដោយសារតែបាត់ព្រះសង្ឃអង្គនេះមិនឃើញនៅលើកុដិរបស់ខ្លួន ហើយមានសាក្សីបានឃើញនិមន្តទៅស្រង់ទឹកស្រះ នាល្ងាចថ្ងៃទី៨ ឧសភា នោះ ក៏បាននាំគ្នាចេញទៅតាមរក ក៏ឃើញលង់ទឹកស្រះមែន និងបានលើកព្រះអង្គឡើងលើគោក ដោយម្នាក់ៗប្រឹងនាំគ្នាជួយសង្គ្រោះរលាក់ទឹកចេញពីក្នុងពោះ ក៏នៅតែមិនដឹងខ្លួនដែរ ទើបដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែត្រូវគ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ ព្រះអង្គបានសុគតបាត់ទៅហើយ ។
លោកអនុសេនីយ៍ឯក យូ ភារុន អធិការរងនគរបាលស្រុកចំការលើបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍នេះកើតឡើងនោះ ត្រូវលោកវរសេនីយ៍ត្រី អ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើ បានចាត់ឱ្យកម្លាំងជំនាញចុះទៅពិនិត្យលើរាងកាយនៃសពមិនឃើញមានស្លាកស្នាមអ្វីនោះទេ គឺពិតជាបានសុគតដោយសារតែលង់ទឹកស្រះមែន ៕
ចែករំលែកព័តមាននេះ