ក្រុងប៉ោយប៉ែត ៖ ស្ត្រីគ្រូពេទ្យឆ្មប ជាមន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ម្នាក់ឈ្មោះម៉ៅ ធា បានទៅសម្រាលកូនឱ្យស្ត្រីជាជនរងគ្រោះម្នាក់ បណ្តាលអោយស្លាប់ម្តាយ រស់កូន ឱ្យកំព្រាទាំង៨នាក់ រងទុកវេទនាក្នុងជីវភាពក្រីក្រ ។
តាមការបំភ្លឺពីលោកវ៉ាន់ នី អាយុ៤២ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវជាប្តី ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា ប្រពន្ឋរបស់គាត់ដែលរងគ្រោះមានឈ្មោះខន សុភាព អាយុ៤២ឆ្នាំ មានកូនទាំងអស់ចំនួន៨នាក់ ក្នុងនោះមានប្រុស២នាក់ រួមទាំងកូនដែលទើបនឹងកើតមកហើយ ត្រូវម្តាយស្លាប់ចោលភ្លាមៗតែម្តង ។
បុរសជាប្តីបានបន្តថា ប្រពន្ឋរបស់គាត់មុនពេល ឈឺពោះឆ្លងទន្លេ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ បានទូរសព្ទ័ហៅស្ត្រីជា គ្រូពេទ្យឆ្មបម្នាក់ឈ្មោះម៉ៅ ធា
ឱ្យមក ជួយបង្កើតកូនឱ្យ លុះពេលទៅដល់ ស្ត្រីជាគ្រូពេទ្យឆ្មប រូបនោះបាននាំប្តីរបស់ខ្លួនទៅជាមួយផង បន្ទាប់មកក៍បានជួយសម្រាលកូនឱ្យប្រពន្ឋរបស់គាត់ នៅវេលាប្រហែលម៉ោងជិត៧យប់ ថ្ងៃខែឆ្នាំដដែល លុះបន្ទាប់មកខណៈពេលដែលគ្រូពេទ្យឆ្មបនោះ បានជួយសម្រាលកូនឱ្យប្រពន្ឋរបស់គាត់បាន កូនប្រុសម្នាក់ ជាលើកចុងក្រោយនេះ បានរយៈពេលប្រហែលជាង១ម៉ោងប៉ុណ្ណោះ ស្រាប់តែប្រពន្ឋរបស់គាត់មានអាការៈឈឺចុកចាប់ នៅក្នុងពោះខ្លាំងយ៉ាងខ្លាំង! ក៍ស្រែកឱ្យគេជួយតែម្តង បន្ទាប់មកស្ត្រីជាគ្រូពេទ្យឆ្មប រូបនោះ បាននិយាយថា មិនដឹងជាជួយយ៉ាងម៉េចទេ ក៍បាននាំជនរងគ្រោះដឹកតាមម៉ូតូយកមកមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត២ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ជួយមើយបន្តផងដែរ ។
តែជាអកុសលខណៈពេលដែលជនរងគ្រោះមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យដែលជួយសង្គ្រោះ បានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ តាមផ្លូវស្លាប់បាត់ទៅហើយ ។ បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ក្រោយពីប្រពន្ឋរបស់គាត់បានស្លាប់ទៅ រូបគាត់បានទៅប្តឹងមេភូមិ គីឡូម៉ែត្រលេខ៤ ឈ្មោះលោកខ្លែង សុឃ្លី ឱ្យជួយអន្តរាគមន៍ រកយុត្តិធម៍ផងដែរ ប៉ុន្តែត្រូវស្ត្រីជាគ្រូពេទ្យឆ្មបម្នាក់នោះ ឱ្យលោកមេភូមិ ជួយសម្រួបសម្រួល និងបានបង់ជម្ងឺចិត្តជូនគាត់ចំនួន១.៨០០ដុល្លារ បន្ទាប់មករូបគាត់ក៍ព្រមយកសំណងនោះតែម្តងទៅ ដោយពុំបានប្តឹងបន្ត ទៅលើទៀតឡើយ ។
ស្ត្រីជាគ្រូពេទ្យឆ្មបឈ្មោះម៉ៅ ធា មិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី៨ នេះ ដោយទូរស័ព្ទចុចចូល ជាច្រើនដង អ្នកទទួលប្រាប់ថា ជាមិត្តភក្កិ មិនជាពេទ្យឆ្មបឈ្មោះម៉ៅ ធា ទេ ។
ចំណែកលោកហ៊ុល សុខផល្លី ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ បានប្រាប់តាមទូរសព្ទ័នៅរសៀល ថ្ងៃទី៨ ឧសភា នេះ ឱ្យថឹងថា ស្ត្រីរងគ្រោះដែលសម្រាលកូនស្លាប់នោះ គឺពិតជាកើតបានពិតមែន ដោយកាលពីវេលាម៉ោងប្រហែលជាង៧យប់ម្សឹលមិញនេះ មានគេដឹកចូលមក ក្នុងមន្ទីរពេទ្យបង្អែករបស់លោកពិតមែន តែជនរងគ្រោះនៅពេលដែលមកដល់មន្ទីរពេទ្យនោះ គឺបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ ដូច្នេះមិនមានការពាក់ព័ន្ឋ នឹងក្រុមគ្រូពេទ្យជំនាញរបស់លោកឡើយ ។ លោកប្រធានបានបន្តថា ស្ត្រីគ្រូពេទ្យឆ្មប ដែលសម្រាលកូនគេដល់លំនៅឋានទាំងប្រថុយប្រថាន ធ្វើឱ្យស្លាប់ម្តាយ រស់ទារកម្នាក់នោះ មានឈ្មោះម៉ៅ ធា ជាមន្ត្រីសុខាភិបាលផងដែរ នៅផ្នែកប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ នេះដែរ ។
ចំណែកលោកលៀង ឡេនីន ប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ បានប្រាប់តាមទូរសព្ទ័ថា ករណីនេះលោកមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយលោកជាប់រវល់នៅឯខេត្តសៀមរាប ។ លោកបានបន្តថា ចាំពេលលោកទៅដល់ និងបង្កើតគណៈកម្មការអង្កេតរឿងនេះឡើងវិញផងដែរ ។
ចំណែកលោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៍បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា ចំពោះករណីនេះស្ត្រីជាគ្រូពេទ្យឆ្មបឈ្មោះម៉ៅ ធា ជាមន្ត្រីសុខាភិបាលរូបនេះ គឺត្រូវតែប្រឈមទៅនឹងផ្លូវច្បាប់ជាដាច់ខាត ទោះជាយ៉ាងណាក៍ដោយ ហើយលោកព្រះរាជអាជ្ញាបានបញ្ជាក់ថា គ្រូពេទ្យឆ្មប មិនត្រូវហ៊ានទៅសម្រាលកូនឱ្យជនរងគ្រោះទាំងប្រថុយប្រថានបែបនេះទេ បើគ្មានឧបករណ៍គ្រប់គ្រាន់បែបនេះ គួរតែ ណែនាំឱ្យជនរងគ្រោះទៅសម្រាលកូន នៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវចៀស វាងក្នុងការកាត់បន្ថយអាត្រាមរណៈភាពមាតា និងទារក តទៅទៀត ៕
ចែករំលែកព័តមាននេះ