ខេត្តប៉ៃលិន ៖ បន្ទាប់ពីឈ្លោះប្រកែកទាស់ទែងគ្នាយ៉ាងតឹងសរសៃ.កនៅក្នុងបរិវេណផ្ទះលោកមេភូមិរួចមក ស្ត្រីជាអតីតប្រពន្ធបានទាញយកកៅអីជ័រទៅវាយសំពងក្បាលប្តីយ៉ាងពេញទំហឹង ហើយត្រូវប្តីយកដៃរង បណ្តាលឱ្យអំបែងកៅអីខ្ទាតមុតក្បាលរងរបួសស្រាល ដោយសារតែខឹងនឹងអតីតប្តីមិនព្រមយកលុយចំនួន២០០០ដុល្លារមកឱ្យនាងតាមកិច្ចសន្យា ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី០៦ ឧសភា ២០១៥ ស្ថិតនៅក្នុងបរិវេណផ្ទះមេភូមិ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពបានឱ្យដឹងថា ស្ត្រីដៃដល់ឈ្មោះទូច ណាវី អាយុ៤៤ឆ្នាំ បានបំផ្លាញកៅអីជ័រមេភូមិអស់២ និងបោកចានឆ្នាំងបែកខ្ទេច ។ ចំណែកអតីតប្តីឈ្មោះស្រ៊ី សុព្រី អាយុ៤៦ឆ្នាំ រងរបួសក្បាលផ្នែកខាងលើស្រាល ។ ពួកគេមានកូនប្រុសស្រីតូចៗ២នាក់ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីលោកសោម វ៉ាន់ មេភូមិអូរតាពុកក្រោមបានរៀបរាប់ឱ្យដឹងថា ប្តី-ប្រពន្ធខាងលើនេះ បានទាស់ទែងខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនខែមកហើយ រហូតដល់ដាក់ពាក្យប្តឹងមកមេភូមិជាច្រើនលើកច្រើនសារដែរ ហើយក៏សុំផ្តិតមេដៃលែងលះគ្នាគ្នាទៀត ផង ។
លោកបន្ត ថា ក្រោយពីមានការព្រមព្រៀងចែកផ្លូវគ្នាហើយ ខាងប្តីបានសន្យាប្រគល់ប្រាក់ចំនួន២០០០ដុល្លារអាមេរិក ឱ្យទៅស្ត្រីដៃដល់ ដើម្បីយកទៅប្រកបមុខរបររកស៊ីចិញ្ចឹមកូនតូចៗទាំង២នាក់ ដោយរូបគេសុខចិត្តចុះចេញតែខ្លួនប៉ុណ្ណោះ ហើយសន្យាប្រគល់ឱ្យនៅដើមខែកុម្ភៈ ។ តែដោយលើសថ្ងៃយូរពេក រហូតដល់ដើមខែឧសភានេះ នៅមិនទាន់បប្រគល់លុយ ទើបនាងជាអតីតប្រពន្ធខឹងខ្លាំងពេក ទប់ចិត្តមិនបាន ក៏ទាញយកកៅអីអង្គុយនៅក្នុងផ្ទះរបស់លោកសំពងទៅលើក្បាលប្តី បណ្តាលឱ្យបែកផ្នែកខាងមុខរងរបួសស្រាលតែម្តង ។
លោកបញ្ជាក់ទៀតថា ស្ត្រីខាងលើធ្លាប់យកទឹកអាស៊ីតជះទៅលើខ្លួនរបស់ប្តីក្នុងផ្ទះ បណ្តាលឱ្យរងរបួសស្រាល និងជះនៅក្នុងបន្ទប់បណ្តាលឱ្យដាច់ខោអាវអស់ជាច្រើនហើយ នៅពេលនេះខាងលោកបានរៀបចំឯកសារដាក់ទៅខាងអាជ្ញាធរសង្កាត់ទួលល្វា ដើម្បីជួយដោះស្រាយតាមនីតិវិធី ដោយឡែកកៅអីជ័រទាំង២របស់លោក និងចានឆ្នាំងដែលខូចខាត ដោយសារនាងបោកចោលមិនទាន់សងនៅឡើយដែរ ៕
ចែករំលែកព័តមាននេះ