ខេត្តបាត់ដំបង ៖ អាពាហ៍ពិពាហ៍ដ៏អធិកអធមនៅតំបន់ដាច់ស្រយាលមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្រុកសំឡូតកាលពីចុងខែមេសាកន្លងទៅនេះ គឺដោយសារកូនក្រមុំបានរត់ចោលកូនកំលោះទាំងកណ្ដាលយប់នៅថ្ងៃចូលរោងការ ទៅតាមសង្សារបណ្តូលចិត្តរបស់នាង ។ បច្ចុប្បន្ន រឿងដែលធ្វើឱ្យកូនកំលោះក្អួតឈាមនេះ បានឈានដល់សាលាដំបូងហើយ បន្ទាប់ពីភាគីខាងស្រីមិនព្រមបង់សំណងខ្លះនៃប្រាក់បណ្ណាការទៅតាមការទាមទារបស់ភាគីកូនកំលោះ ។
បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា អាពាហ៍ពិពាហ៍ដ៏ជូរចត់នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៧ ខែមេសាកន្លងទៅ នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ដែលកូនកំលោះឈ្មោះ កុក ប្រុស ហៅចាន់ណា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ហើយមកស្នាក់នៅជាមួយឪពុកធំនៅស្រុកសំឡូត ដើម្បីធ្វើចម្ការ ។ រីឯកូនក្រមុំឈ្មោះ ផុន ស្រីម៉ាច អាយុ១៨ឆ្នាំ ត្រូវជាកូនលោក ប៊ួ ផុន មេភូមិតាតោកនេះតែម្ដង ។
មន្ត្រីសមត្ថកិច្ចប្រាប់ថា នាង ផុន ស្រីម៉ាច ត្រូវយុវជនក្លាហានវ័យ១៦ឆ្នាំម្នាក់ឈ្មោះ ផល ឈុនលី រស់នៅភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ឆ្មក់ចូលទៅពង្រត់ចេញពីក្នុងរោងការ នាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មេសា ហើយយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន ខណៈភ្ញៀវនិងសាច់ញាតិមួយចំនួនកំពុងសម្រាកលង់លក់ក្នុងដំណេក និងខ្លះទៀតកំពុងផឹកស៊ីក្នុងរោងការនៅឡើយ ។ ប៉ុន្តែសំណុំរឿងនេះត្រូវបានភាគីខាងប្រុសដាក់ពាក្យបណ្ដឹងចូលទៅសាលាដំបូងនៅព្រឹកថ្ងៃទី៥ ឧសភា បន្ទាប់ពីភាគីខាងស្រីមិនព្រមជួយបង់សំណងខ្លះនៃប្រាក់បណ្ណាការតាមការស្នើសុំរបស់ភាគីខាងប្រុស ។
លោក ម៉ែន រីម អធិការរងនគរបាលស្រុកសំឡូត ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ មេសា បន្ទាប់ពីបាត់កូនក្រមុំពីរោងការអាណា ព្យា បាលនៃភាគីទាំងពីរបាននាំគ្នាមកដល់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីសម្របសម្រួលគ្នាពីសំណងបណ្ណាការ ខណៈភាគីទី៣ ដែលជាអ្នកពង្រត់កូនក្រមុំគេ បានដឹកដៃគ្នាចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចដែរ ។ ពេលជួបជុំគ្នានៅចំពោះមុខសមត្ថ កិច្ចបែបនេះ ភាគីទាំង៣មិនបានពឹងពាក់ឲ្យសមត្ថកិច្ចជួយរកដំណោះស្រាយទេ ដោយពួកគេសុំយកសំណុំរឿងនេះទៅដោះស្រាយគ្នានៅសាលាឃុំតាតោកវិញ។ ប៉ុន្តែក្រោយមកស្រាប់តែឮថា ការចរចានោះមិនចុះសម្រុងគ្នា ដោយសារតែភាគីខាងស្រីមិនព្រមបង់សំណងបណ្ណាការឲ្យទៅខាងប្រុស ដែលជាហេតុនាំឲ្យភាគីខាងប្រុសសម្រេចប្ដឹងបន្តទៅសាលាដំបូងតែម្ដង ។
សាមីខ្លួនកូនកំលោះ លោក កុក ប្រុស ហៅចាន់ណា បាននិយាយពីការទាមទាសំណងបណ្ណាការពីភាគីខាងស្រីថា ដំបូងលោកទាមទារឲ្យភាគីខាងស្រីបង់សំណងជំងឺចិត្ត និងបណ្ណាការចំនួន៥.០០០ដុល្លារ តែឪពុកខាងស្រី គឺលោក ប៊ួ ផុន ដែលជាមេភូមិតាតោកផងនោះ ព្រមសងតែចំនួន២.៨០០ដុល្លារប៉ុណ្ណោះ ដែលជាចំនួនទឹកប្រាក់ថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) ដែលលោកបានប្រគល់ជូនទៅភាគីខាងស្រីមុនពេលរៀបការ ។ កូនកំលោះបន្តថា ការចរចាគ្នានោះ ឪពុកកូនស្រីព្រមបង់សំណងត្រឹមតែ២.៨០០ដុល្លារបុ៉ណ្ណោះ និងមិនព្រមឡើងបន្ថែមលើនេះទេ បើទោះជាលោកបន្ធូរបន្ថយចុះត្រឹម៣.០០០ដុល្លារក្ដី ។ លោក កុក ប្រុស បញ្ជាក់ថា ការចរចានេះបានឈានដល់ការតឹងសរសៃកដាក់គ្នាមួយរំពេចនៅក្នុងសាលាឃុំតាតោក បន្ទាប់ពីភាគីខាងស្រីបដិសេធមិនព្រមផ្ដល់សំណងចំនួន៣.០០០ដុល្លារ ។
មិនតែប៉ុណ្ណោះ ដោយឃើញគ្រួសារលោកក្រីក្រ គ្មានសមត្ថភាពតវ៉ាតាមផ្លូវច្បាប់ ភាគីខាងស្រីបានគំរាមកំហែងលោកតាមអំពើចិត្ត ថែមទាំងជំរុញឲ្យលោកទៅប្ដឹងដល់ណា ក៏ប្តឹងទៅទៀតផង ។ ដូច្នេះហើយទើបនៅព្រឹកថ្ងៃទី៥ ឧសភា លោកសម្រេចចិត្តធ្វើដំណើរទៅកាន់សាលាដំបូងខេត្ត ដើម្បីដាក់ពាក្យបណ្ដឹងតាមការជំរុញរបស់ភាគីខាងស្រីតែម្ដង ដើម្បីសុំឲ្យសាលាដំបូងជួយរកយុត្តិធម៌ ។ ការដាក់បណ្ដឹងនៅសាលាដំបូងនេះ គឺលោកមិនទាមទារសំណងចំនួន៣.០០០ដុល្លារ ឬ៥.០០០ដុល្លារដូចការសម្របសម្រួលនៅសាលាឃុំតាតោកពីលើកដំបូងទេ គឺលោកទារសំណងទ្វេដងបន្ថែមលើថ្លៃបណ្ណាការចំនួន២.៨០០ដុល្លារ ទាំងសំណងជំងឺចិត្ត និងកិត្តិយសរបស់លោកផង ។
ជុំវិញការលើកឡើងរបស់សាមីខ្លួនកូនកំលោះខាងលើនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីលោក ប៊ួ ផុន ឪពុកខាងស្រី ឬសាច់ញាតិបានទេ នារសៀលថ្ងៃទី៥ ឧសភា ។ លោក ម៉ែន រីម អធិការរងនគរបាលស្រុកសំឡូតបញ្ជាក់ថា លោកស្មានថាភាគីទាំង២ត្រូវរូ៉វគ្នាតាំងពីថ្ងៃចរចាគ្នាដំបូងម្ល៉េះ លុះនៅព្រឹកថ្ងៃទី៥ ឧសភា ស្រាប់តែលោកទទួលព័ត៌មានថា សាមីខ្លួនកូនកំលោះបន្តប្ដឹងភាគីខាងស្រីទៅសាលាដំបូងទៀត ។ ប៉ុន្តែផ្លូវច្បាប់ភាគីខាងស្រីត្រូវតែបង់សំណងបណ្ណាការ ឬសំណងជំងឺចិត្តដល់ភាគីខាងប្រុសខ្លះហើយ មិនគួរបដិសេធបែបនេះទេ ។
បើតាមប្រភពព័ត៌មានថា រហូតមកដល់ពេលនេះ ភាគីខាងស្រីបានបង់សំណងឡើងល្វីងមុខហើយ ដោយសារតែពិធីមង្គលការកូនស្រីមិនតាមគន្លងធម៌នេះ ដូចជាបង់ទៅលើភ្លេងខ្មែរ ចៅមហា មេក្រូ ចុងភៅ និងផ្នួងជាដើម ។ ចំណែកយុវជន ផល ឈុនលី និងនាងផុន ស្រីម៉ាច ក៏បានសម្រេចយកគ្នាជាប្ដីប្រពន្ធ ដោយយុវជនវ័យ១៦ឆ្នាំរូបនេះមិនចាំបាច់ចំណាយប្រាក់មួយសេន ខណៈលោក កុក ប្រុស ហៅចាន់ណា ខាតបង់យ៉ាងចាស់ដៃ ទាំងទ្រព្យសម្បត្តិ ទាំងកិត្តិយស និងសេចក្ដីថ្លៃថ្នូរ តែលោកសង្ឃឹមថា សាលាដំបូងនឹងផ្ដល់ភាពយុត្តិធម៌សម្រាប់រូបលោកជាមិនខាន ៕
ចែករំលែកព័តមាននេះ