ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​តាម​ព្រំដែន​ខេត្តមណ្ឌលគិរី នៅ​តែ​ធ្វេសប្រហែស ខណៈ​វៀតណាម​៥​នាក់​លួច​ចូល​មក​កា.ប់​ឈើ ត្រូវ​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ចំនួន​ប្រាំ​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រចាំការ​ណ៏ នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ចាប់​ឃាត់ខ្លួន​បាន​ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ផល​ព្រៃឈើ ដោយ​ខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​ជនជាតិ​វៀតណាម​ចំនួន​ប្រាំ​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រចាំការ​ណ៏ នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ចាប់​ឃាត់ខ្លួន​បាន​ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ផល​ព្រៃឈើ ដោយ​ខុសច្បាប់ នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ២០១៥ ត្រង់​ចំនុច​អូ​ប៉ា​ម ស្ថិត​ក្នុងភូមិ​សាស្ត្រ ព្រៃ​អភិរក្ស​ស្រុក​កែវ​សីមា និង​ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី ជាប់​នឹង​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម ។
   
ចំណាត់ការ​ចាប់​បង្ក្រាប​លើ​ជនជាតិ​យួន​ដែល​លួច​ចូល​មក​កាប់​ព្រៃឈើ​ស្រុក​ខ្មែរ​នេះ មិនមែន​ជា​ករណី​ទី​មួយ​ឡើយ ព្រោះ​ករណី​បែប​នេះ​កន្លង​មក ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​របស់​កម្ពុជា ធ្វើការ​បង្ក្រាប​រាប់​ភ្លេច​ដង​ទៅ​ហើយ ។

កងកម្លាំង​ចុះ​ប្រ​តិ​បត្ត​ការ​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​ចំនុច​ដែល​បង្ក្រាប​ជនជាតិ​វៀតណាម​ទាំងនោះ គេ​ឃើញ​មាន​រោង​ប្រក់​តង់​ចំនួន​៦ នឹង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃជា​ច្រើន​មុខ​ទៀត មិន​ខុស​ពី​ជុំរុំ ស្នាក់​នៅ​រយៈពេល​យូរ​ឡើយ ដូច្នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ក្រុម​ជនជាតិ​យួន​ទាំងនេះ ពិតជា​បាន​ចូល​មក​ធ្វើ​សកម្មភាព​កាប់​ឈើ នៅ​តំបន់ហាមឃាត់​នេះ យូរថ្ងៃ​មក​ហើយ ។

សេចក្តី​រាយ​ការ​ណ៏​បាន​និយាយ​ថា ឈើ​ប្រភេទ​ស្រឡៅ អារជ្រៀក រួច​មានមុខ​កាត់​ធំ​ៗ ច្រើន​ដុំ ក៏​ត្រូវ​បាន​គេ​ប្រទះ ឃើញ​នៅ​ទីតាំង​ខាងលើ​ដែរ ហើយ​មាន​មនុស្ស​សរុប​ប្រមាណ​ជាង​២០​នាក់ ប៉ុន្តែ​សមត្ថកិច្ច អាច​បង្ក្រាប​បាន​តែ​ប្រាំ​នាក់ ព្រោះ​នៅ​តំបន់​ខាងលើ​ស្ថានភាព ក្នុង​ព្រៃ​ស្មុ​ក​ស្មាញ​ពេក ទើប​មិន​អាច​ចាប់​បាន​ទាំងអស់ ។​យ៉ាងណា​សម្ភារៈ​មួយ​ចំនួន ត្រូវ​បាន​រឹបអូស ដូច​ជា ម៉ូតូ រណា​យន្ត​៨​គ្រឿង បង់​កាំភ្លើង​១ សត្វ​ត្រ​គួ​ត​១ និង​របស់របរ​ប្រើប្រាស់​ផ្សេង​ៗ ។   

ម​ជ្ឍ​ដ្ឋា​ន​នានា​បាន​លើក​ឡើង​ថា នៅ​ពេល​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​តាម​ព្រំដែន​ចាប់ពី​ស្រុក​កោះ​ញែក ពេ​ជ្រា​ដា អូ​រាំង កែវ​សីមា សុទ្ធសឹងតែ​ជា​ជនជាតិ​វៀតណាម តើ​សមត្ថកិច្ច​ព្រំដែន​ដែល​ឈរជើង​នៅ​តាម​ចំនុច​ទាំងនោះ បានដឹង​ដែរ​ឬទេ?
   
មជ្ឈដ្ឋាន​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី បាន​សម្តែង​ប្រតិកម្ម​ថា រាល់​ចំណុច​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម តែង​មាន​ប៉ូលិស និង​យោធា​ការពារ​ព្រំដែន ចុះ​ហេតុ​ដូច​ម្តេច? ក៏​ចេះ​តែ​បណ្តែតបណ្តោយ​ឲ្យ​ជនបរទេស​អាច​ធ្វើ​សកម្មភាព និង​ប្រ​ព្រឹ​ត្តឹ​បទល្មើស​ខុសច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ទៅ​វិញ ។​ឬ​មួយ​អស់លោក​ជា​អ្នក​រួមគំនិត​ប្រ​ព្រឹ​ត្តឹ​បទល្មើស​ទាំងនោះ​ដែរ?  ក្រុម​អ្នក​តាមដាន​បាន​និយាយ​ទៀត​ថា បើ​ពុំ​មាន​ផល​ប្រ​យោ​ជ​ន៏​ដល់​មន្ត្រី​ជំនាញ​ខ្លះ​ទេ ទោះបី​ជនជាតិ​យួន​ទាំងនោះ​មាន​ស្លាប​ហើរ ក៏​មិន​អាច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ នៅ​លើ​ទឹកដី​ខ្មែរ​បាន​ដោយ​សេរី​បែប​នេះ​ដែរ ។
   
ជាក់ស្តែង​កាលពី​ជាង​មួយ​ខែ​មុន គឺ​នៅ​ថ្ងៃ​ទី​២៥ មិ​នា ២០១៥ ជនជាតិ​វៀតណាម​ទាំង​៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​ចូល​មក​ដឹក​ជញ្ជូន​ឈើ ប្រភេទ​សុ​ក្រំ ដែល​អារ​រំលុំ​រួច​ប្រមាណ​១០​ដើម ចេញពី​ទឹកដី​កម្ពុជា ត្រង់​ចំណុច​គីឡូ​ម៉ែ​ត​១៥៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ។ ហើយ​មន្ត្រី​យោធា​ព្រំដែន​ម្នាក់ ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់ការ​របស់​តុលាការខេត្ត​ផង​ដែរ ក្នុង​ករណី​អនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ចូល​មក​ដឹកឈើ​ខុសច្បាប់ ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន ។   

លោក ទៀ ខៃ​ម៉េ​ង មេបញ្ជាការ​កងអនុសេនាធំ​ទី​២ ចំណុះ​ឲ្យ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៤ ឧសភា ព្រោះ​ទូរស័ព្ទ​របស់​លោក​ដាក់​ប្រ​ព័​ន្ឋ​ជាប់រវល់ ។ ដោយឡែក​ចំពោះ​ជនជាតិ​យួន​ទាំង​ប្រាំ​នាក់​ខាងលើ បច្ចុប្បន្ន​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​អភិរក្ស​ជីវចម្រុះ​សីមា ដើម្បី​រក​មេខ្លោង​នៅ​ពីក្រោយ​ខ្នង ហើយ​អាច​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៥ ឧសភា ។

ជា​ការ​កត់សម្គាល់ ឈើ​ព្រៃឈើ​ចម្រុះ​របស់​កម្ពុជា​តាម​បន្ទាប់​ព្រំដែន​នា​ពេល​បច្ចុប្បន្ន ហាក់​កំពុង​ជិត​ឈាន​ដល់​សញ្ញា​ប្រកាស​អាសន្ន​ហើយ បន្ទាប់​ពី​សកម្មភាព​ចូល​កាប់​បំផ្លាញ​ពី​សំណាក់​ជន​បទេស នឹង​ក្រុម​ឈ្មួញ​ទុ​ច្ច​រិ​ក ជា​ជនជាតិ​ខ្មែរ​មួយ​ក្តាប់​តូច បាន​បង្កើន​សកម្មភាព អារ កាប់ ដឹក​ជញ្ជូន​ឈើ​ស្ទើរ​គ្រប់​ប្រភេទ ឆ្លង​ដែន​លក់​ឲ្យ​ថៅកែ​វៀតណាម ដោយ​គ្មាន​លោះ​មួយ​ថ្ងៃ​ណា​សោះ ។ រាល់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ នៅ​តាម​បន្ទាត់​ព្រំដែន ត្រូវ​បាន​គេ​មើលឃើញ​ថា មិនមែន​មាន​ទ្រង់ទ្រាយ​តូចតាច​ឡើយ ពោល​គឺ ពួក​គេ​បាន​ប្រើប្រាស់​មធ្យោបាយ ដូច​ជា ឡាន​ដំរីទឹក កែ​ច្នៃ ឡាន​ប្រភេទ​ប​ង្គុ​ង ឡាន​យី​ឌុ​ប ជាដើម​ដែល​មួយ​គ្រឿង​ៗ អាច​មាន​សមត្ថភាព​ផ្ទុក​ឈើ​បាន​រាប់​សិប​ម៉ែត្រគូប ។

បើ​យ៉ាង​ដូច្នេះ​ក្រុម​អ្នក​តាមដាន​បាន​មើលឃើញ​ថា ឈើ​ព្រៃឈើ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នឹង​ក្លាយជា​វាល​រហោ​ដ្ឋា​ន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕