ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​គូ​ស្នេហ៍​វ័យ​ក្មេង​២នាក់​មក​សាលា​ដំបូង​ពាក់​ព័ន្ធ​ករណី​ពង្រត់​គ្នា​ និង​លួច​ទ្រព្យ​សម្បត្តិ​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា ​២០១៥​ នេះ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​​ប​ញ្ចូ​ន​ខ្លួនគូ​ស្នេហ៍​វ័យក្មេង​២​នាក់ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរពាក់ព័ន្ធ

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា ​២០១៥​ នេះ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​​ប​ញ្ចូ​ន​ខ្លួនគូ​ស្នេហ៍​វ័យក្មេង​២​នាក់ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរពាក់ព័ន្ធ នឹង​ករណីពង្រត់​គ្នា​ចេញពីផ្ទះអស់​រាប់​ខែ និងលួច​ទ្រព្យសម្បត្តិ​របស់​អាណាព្យាបាល​យក​ទៅ​បញ្ចាំ ។ 

គូ​សេ្ន​ហ៍​វ័យក្មេង​ទាំង​២​នាក់​ខាងលើ​មានឈ្មោះ សួន ចាន់​ថា ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កម្មករសំណង់ ស្នាក់​នៅ​ភូមិ​តា​ងូវ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ និងនារី​ជា​សង្សារ​មានឈ្មោះ ល.ម.ស.ត
​អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅក្បែរ​​​យុវជន​ជា​សង្សារ ។
 
គួរ​រំលឹក​ផង​ដែរ​ថា គូស្នេហ៍​វ័យក្មេង​ទាំង​២​នាក់​ត្រូវ​បានសមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុនចាប់​ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្នុង ភូមិ​សាស្ត្រសង្កាត់​បឹង​ទំពុន ។ ​​ការ​ចាប់ខ្លួន​នេះ​​​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​អាណា​ព្យាបាល​ខាង​នារី​ជា​សង្សារ ដោយ​ប្តឹង​ពី​បទ ​ពង្រត់​គ្នា​រត់គេច​ពី​ផ្ទះ និងលួច​ទ្រព្យសម្បត្តិ ។
 
តាម​សម្តី​រៀបរាប់ពីស្ត្រី​ជា​ម្តាយ​របស់​យុវជន​ជា​សង្សារ​បានឱ្យ​ដឹង​ថា លើក​នេះ​ជាលើក​ទី​៣​ហើយដែល​កូនប្រុស​របស់​គាត់ និង​នារី​ជា​សង្សារ​បាន​ពង្រត់​គ្នា​ចេញពីផ្ទះ​បែប​នេះ ។ ​​២​លើក​កន្លងទៅ​នោះ ឪពុក​ម្តាយ​ខាង​ស្រី ក៏​ធ្លាប់​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​តុលាការ​ឱ្យ​ចាប់ខ្លួន​កូនប្រុស​របស់​គាត់ពី​បទ​ពង្រត់​កូនស្រីដែរ ។ 

ប៉ុន្តែ​វិវាទ​ទាំង​២​ដង​នេះ ត្រូវ​បាន​សម្របសម្រួល​គ្នា​បញ្ចប់​ម្តង​រួច​មក​ហើយ ។ ស្ត្រី​ជា​ម្តាយ​យុវជន​ខាងលើ​បានបន្ត​ទៀត​ថា  កូនប្រុស​របស់​គាត់ និង​នារី​វ័យក្មេង​ខាងលើ គឺជា​អ្នក​ជិតខាង​គ្នា ហើយ​ពួក​គេ​បាន​ស្រលាញ់​​​គ្នា​មក​អស់​រយៈពេល​ជាង៣​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​ស្រលាញ់​គ្នារបស់​ពួក​គេ គឺ​ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រីបដិសេធ ហើយ​ព្យាយាមបំបែកពួក​គេ​មក​ជា​រៀង​រហូត ។

ដោយសារ​មានការ​ព្យាយាម​បំបែក​បែ​បនេះ ហើយ​ម្យ៉ាង​ទៀត ដោយសារ​ភ្លើង​ស្នេហ៍​របស់​ពួក​គេ​​​កាន់​តែពុះកញ្ជ្រោល​នោះ​ទើប​ពួក​គេ​សម្រេចចិត្ត​បបួល​គ្នា​រត់គេចពី​ផ្ទះទៅ​រួម​រស់នៅ​ខាងក្រៅជាមួយ​គ្នា​បែប​នេះ​តែ​ម្តង​ទៅ ។
 
សមត្ថកិច្ច​បានឱ្យដឹង​ថា ២​លើក​កន្លង​ទៅ​ដែល​ពួក​គេ​រត់​ចេញពី​ផ្ទះ គឺ​ពួក​គេ​មិន​បាន​យក​ទ្រព្យសម្បត្តិ ឬវត្ថុ​មាន​តម្លៃ​អ្វី​ក្នុង​គ្រួសារ​ទៅ​ជាមួយ​នោះ​ទេ ដោយឡែកលើកក្រោយ​នេះដោយសារ​ខ្វះខាត​ថវិកាទើប​នារី​ជា​សង្សារ​សុខចិត្ត​ចូល​ផ្ទះលួច​យក​ម៉ូតូ​របស់​ឪពុក ម្តាយ​ចេញ​មក​ហើយឱ្យ​យុវជន​ជា​សង្សារ​យក​ទៅ​បញ្ចាំ ដើម្បី​ប្តូរ​យក​ប្រាក់​មក​រួមរស់​ជាមួយ​គ្នា​បន្ត ។ ប៉ុន្តែ​ជា​អកុសល នៅ​តែ​ត្រូវ​ឪពុក​ម្តាយ​ខាង​ស្រី​តាម​ទាន់ប្តឹង​​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ទាំង​២​នាក់​​ ។
 
ទោះជា​យ៉ាងណា ជុំវិញ​រឿងរ៉ាវ​ស្នេហាមួយ​នេះ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ មិន​ទាន់​សម្រេច​នៅឡើយ​ទេ ដោយ​រង់ចាំធ្វើការ​សាកសួរ​បន្ថែម​នៅ​រសៀល​ថ្ងៃ​ទី​០៤ ឧសភា នេះ៕ ​