ខេត្តឧត្តរមានជ័យ៖ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ រួមនិងផ្ទះគំរូកងទ័ពចំនួន២ស្រុក នៅក្នុងខេត្តឧត្តរមានជ័យអស់ចំនួន៤៩ខ្នង ក្នុងនោះមានសាលារៀនមួយខ្នងដែរ តែមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ កាលពីអំឡុងម៉ោង៦ល្ងាចថ្ងៃទី២ ឧសភា ២០១៥។
អាជ្ញាធរក្រុងសំរោងបានឱ្យដឹងថា ផ្ទះឈើរបស់ប្រជាពលរដ្ឋចំនួន៤៥ខ្នងដែលធ្វើអំពីឈើប្រក់ស័ង្កសី បានរងការខូចខាតដួលរលំដោយសារខ្យល់កួចរបើកដំបូល និងជញ្ជាំង ក្នុងនោះធ្ងន់ចំនួន២៦ខ្នង ហើយក៏
មានដើមឈើដួលរលំសង្កត់ផ្ទះអស់មួយចំនួនតូច ដែលក្នុងនោះខ្យល់កន្ត្រាក់ក៏បានបំផ្លាញរបងសាលាបឋមសិក្សា(ក.ប្រាំ) រងការខូចខាតជាច្រើនផ្ទាំង និងដើមឈើនៅក្នុងវត្តប្រាសាទរាជាសំរោងក៏បានរំលំអស់
មួយចំនួនដែរ ប៉ុន្តែក្នុងករណីគ្រោះធម្មជាតិដ៏អាក្រក់នេះ មិនបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វទេ។
ដោយឡែកនៅក្នុងស្រុកត្រពាំងប្រាសាទ ក៏ទទួលរងការខូចខាតដោយសារខ្យល់កន្ត្រាក់បោកបក់ចំ អស់ចំនួន៤ខ្នងដែរ គឺស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលក្នុងនោះផ្ទះចំនួន១ខ្នង របស់ស្ត្រីមេម៉ាយម្នាក់ ធ្វើអំពីឈើប្រក់ស្បូវ ត្រូវខ្យល់កួចរំលំដួលខ្ទេចគ្មានសល់។
បន្ទាប់ពីថ្ងៃគ្រោះមហន្តរាយធម្មជាតិ នៅព្រឹកថ្ងៃទី៣ ឧសភា ២០១៥នេះ អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅសំ តារារិទ្ធ បានដឹកនាំមន្ត្រីក្រោមឱវាទ មានប៉ូលិស អាវុធហត្ថស្រុក កម្លាំងប្រជាការពារ និងមានការចូលរួមពីកម្លាំងអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ប្រមាណជាង១០០នាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សែម សម្បត្តិ ជាមេបញ្ជាការរងអង្គភាព តំណាងឱ្យឧត្តមសេនីយ៍ នាង ឃីម បានចុះសួរសុខទុក្ខ និងនាំអំណោយស័ង្កសី មី អង្ករ តង់ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះរលំផ្ទះ និងជួយអារឈើធ្វើផ្ទះជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់ព្យុះនេះ។
ក្នុងនោះផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស្បូវ រងការខូចខាតខ្លាំងរបស់លោកយាយ វោន វិច ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃកំពុងមានការលំបាកចិញ្ចឹមចៅកំព្រាតូចៗ ក្នុងបន្ទុក៤នាក់ ដោយសារជីវិភាពក្រីក្រ ក្រុមការងារបានរៃអង្គាស់គ្នាទិញឈើ ដើម្បីយកទៅសាងសង់ផ្ទះជូនដល់លោកយាយឱ្យបានស្នាក់នៅ ហើយដោយឡែកលំនៅឋានមួយចំនួនដែលប៉ើងដំបូល និងជញ្ជាំងក្រុមការងារបានចាត់ចែងកម្លាំងចុះជួយជួសជុលជូនដល់ប្រជាពលរដ្ឋឲ្យបានរស់នៅឡើងវិញដែរ៕
ចែករំលែកព័តមាននេះ