រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្នាក់នៅតាំងពីថ្ងៃរសៀលគ្មាននរណាដឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ មេសា ២០១៥ ត្រង់ចំណុចផ្ទះជួលលេខ២៤២ ផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ អែល ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរស៊ីឈ្នួលដឹកអីវ៉ាន់ដាក់ឱ្យម៉ូយ ស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើតភូមិសុបិត ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បើតាមសម្ដីឈ្មោះ សិទ្ធ សីហា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ត្រូវជាបងថ្លៃជនរងគ្រោះ ស្នាក់នៅជាមួយគ្នាបានឱ្យដឹងថា បន្ទប់ស្នាក់នៅនេះគឺស្នាក់នៅគ្នាបួននាក់ មានជនរងគ្រោះ ប្រពន្ធរបស់ជនរងគ្រោះ បងស្រីជនរងគ្រោះ (ប្រពន្ធសិទ្ធ សីហា) និងរូបគាត់។
គាត់បានបន្តថា នៅវេលាម៉ោងកើតហេតុគាត់បានត្រឡប់មកពីធ្វើការដល់ផ្ទះជាមួយមិត្តភក្តិរបស់គាត់ម្នាក់ទៀត ហើយបានគោះទ្វារ តែគ្មាននរណាបើកឱ្យ និងឃើញស្បែកជើងជនរងគ្រោះនៅខាងក្រៅទោះស្រែកហៅយ៉ាងណាក៏មិនឮ គាត់ក៏បានតោងឡើងមើលតាមប្រឡោះឥដ្ឋខ្យល់ឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ធ្វើឱ្យគាត់មានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើលតែម្តង។
បើតាមសម្ដីបងស្រីរបស់ជនរងគ្រោះត្រូវជាប្រពន្ធ សិទ្ធ សីហា ឈ្មោះនី បានឱ្យដឹងតាមទូរស័ព្ទថា រូបគាត់ និងប្រពន្ធជនរងគ្រោះនៅព្រឹកថ្ងៃកើតហេតុវេលាម៉ោង១១ បានឡើងរថយន្តឈ្នួលជិះឆ្ពោះទៅខេត្តកំពតដែលជាស្រុកកំណើររបស់ប្ដីនាង ដើម្បីទៅរស់នៅ និងធ្វើការនៅទីនោះ ហើយជនរងគ្រោះក៏មិនបានបដិសេធរឿងទៅធ្វើការ និងរស់នៅទីនោះដែរ លុះនៅវេលាម៉ោងកើតហេតុក៏មានគេទូរស័ព្ទប្រាប់គាត់ថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ តែគាត់មិនជឿស្មានតែគេនិយាយលេង លុះដឹងថា ជារឿងពិតធ្វើឱ្យគាត់ស្លុតចិត្តយ៉ាងខ្លាំង។
គាត់បន្តថា ចំពោះមូលហេតុប្អូនរបស់គាត់សម្លាប់ខ្លួននេះ គឺគាត់មិនដឹងថា មកពីអ្វីនោះទេ តែធ្លាប់ឮប្អូនរបស់គាត់ត្អូញត្អែរប្រាប់ថា ពិបាកចិត្តខ្លាំងណាស់ចង់តែចង.កសម្លាប់ខ្លួនទេ… ហើយមិនដឹងថាប្អូនរបស់គាត់ពិបាកចិត្តរឿងអ្វីដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែកាបទូរទស្សន៍ទៅចងភ្ជាប់ធ្នឹមបេតុងជាប់នឹងសរសកំពស់ប្រមាណ៣ម៉ែត្រ៕
ចែករំលែកព័តមាននេះ