រាជធានីភ្នំពេញ ៖ តាមការអះអាងរបស់អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានឱ្យដឹងនៅថ្ងៃទី២៨ មេសាថា ស្ថានភាពជំងឺរបស់អ្នកម្នាង អ៊ុក ផល្លា ព្រះជាយាសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មានសភាពធូរស្រាលហើយ បន្ទាប់ពីគ្រូពេទ្យវះកាត់រួចរាល់ ។
លោក ញ៉េប ប៊ុនជិន ឱ្យដឹងទៀតថា មកទល់ម៉ោង២និង៨នាទីរសៀលថ្ងៃទី២៨ មេសា លោកបានទទួលព័ត៌មានពីសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ថា ស្ថានភាពរបស់អ្នកម្នាង អ៊ុក ផល្លា ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យនៅទីក្រុងបាងកកភ្លាម ត្រូវបានគ្រូពេទ្យវះកាត់ផ្នែកក្បាលសម្អាតឈាមក្នុងខួរក្បាលដែលកកទទួលបានជោគជ័យជាទីគាប់ចិត្ត ។ ពេលនេះអ្នកម្នាងកំពុងតែសម្រាកដើម្បីឱ្យមានកម្លាំងឡើងវិញ ។
អ្នកនាំពាក្យដដែលឱ្យដឹងថា ខណៈដែលចូលមន្ទីរពេទ្យនោះ សម្តេចក្រុមព្រះក៏បានថតស្កេនព្រះកាយដើម្បីចង់ដឹងពីស្ថានភាពរបស់ព្រះអង្គដែរ ខណៈដែលព្រះអង្គស្ថិតក្នុងរថយន្តជាមួយអ្នកម្នាង ហើយជាលទ្ធផលព្រះអង្គមិនមានបញ្ហាអ្វីទេ ។
អ្នកម្នាង អ៊ុក ផល្លា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ មេសា តាមរយៈជើងយន្តហោះពិសេសរបស់មន្ទីរពេទ្យបាងកក ដោយមានគ្រូពេទ្យមកពីក្រុងបាងកកបានមករៀបចំបញ្ជូនអ្នកម្នាងចេញពីមន្ទីរពេទ្យកាល់ម៉ែតនៅអំឡុងម៉ោងជាង១រសៀល រួចបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ និងឡើងយន្តហោះនៅម៉ោងជិត២រសៀល ។ នៅម៉ោងជិត៣រសៀល ក៏បានទៅដល់មន្ទីរពេទ្យក្រុងបាងកក ហើយគ្រូពេទ្យចាប់ផ្តើមវះកាត់តែម្តង ។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍លើក្បួនរថយន្តសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នោះ លោក ញ៉េប ប៊ុនជិន នៅតែអះអាងថា មិនមែនជាការចៃដន្យទេ ។ លោករៀបរាប់ថា «មុននឹងកើតហេតុ លោកបាននៅចំពីមុខព្រះទីនាំងរបស់ព្រះអង្គ ពេលនោះមានរថយន្តស៊ីរ៉ែននៅពីមុខរថយន្តសម្តេចក្រុមព្រះ ព្រមទាំងមានរថយន្តអង្គរក្សបន្ទាប់មួយទៀត ។ ខ្ញុំឃើញផ្ទាល់ភ្នែក រថយន្តស៊ីរ៉ែនបានលើកដៃឱ្យរថយន្តនៅពីមុខឈប់ ព្រមទាំងបាញ់ភ្លើងសញ្ញាទៀត តែរថយន្តដឹកដីនោះនៅតែមិនឈប់ ។ នៅពេលមកដល់ រថយន្តស៊ីរ៉ែនគេចបន្តិច រថយន្តដឹកដីក៏ជ្រុលបុកចំរថយន្តសម្តេចក្រុមព្រះតែម្តង ។ រឿងនេះ ខ្ញុំគិតថាជារឿងប៉ុនប៉ងបុកតែម្តង ខ្ញុំអាចនិយាយបានថា ជាការប៉ុនប៉ងមនុស្សឃាត ប៉ុន្តែរឿងនេះទុកឱ្យសមត្ថកិច្ចស្រាវជ្រាវរកហេតុផលឱ្យបានស៊ីជម្រៅ តែក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំបានរៀបចំបណ្តឹងរួចហើយ តាមរយៈមេធាវីដើម្បីដាក់ទៅសាលាដំបូង» ។
គួររំឭកថា រថយន្ត BMW របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តដឹកដីមួយគ្រឿង បុកឡើងកំពឹតចំហៀងខាងឆ្វេង ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ មេសា នៅចំណុចខ្វិតធំ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លើកំណាត់ផ្លូវជាតិលេខ៧ រវាងក្បួនរថយន្តសម្តេចក្រុមព្រះ និងរថយន្តដឹកដី ដែលបើកបញ្ច្រាសទិសគ្នា ។
រហូតមកដល់ពេលនេះ អ្នកបើករថយន្តដែលគេចខ្លួន នៅតែមិនទាន់ចាប់បាននៅឡើយទេ ទោះបីស្គាល់អត្តសញ្ញាណហើយក្តី ។ តាមនគរបាលចរាចរណ៍អះអាងថា ការបុកនេះទំនងដោយសារអ្នកបើកបររថយន្តដឹកដីងងុយដេក ហើយសមត្ថកិច្ចរកឃើញទៀតថា រថយន្តដឹកដីនេះបានបើកជែងរថយន្តនៅពីមុខ ទើបជ្រុលទៅប៉ះរថយន្តសម្តេចក្រុមព្រះ ៕
ចែករំលែកព័តមាននេះ