រាជធានីភ្នំពេញ ៖ បុរសដឹកសង្សារចេញពីញ៉ាំបាយ ក៏ត្រូវក្រុមចោរដេញតាមធាក់ផ្តួលភ្ជង់ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២២ មេសា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ជាប់របងស្តាតអូឡាំពិកជ្រុងខាងត្បូង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ម៉ូតូឈ្មោះហោ ហុកហៀង អាយុ២៩ឆ្នាំ ជាមន្ត្រីឥណទានរបស់អង្គរឡូតេត្រេតឌីង មានទីលំនៅផ្ទះជួលម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិជាសូដា ឃុំជាសូដា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក់លេខភ្នំពេញ 1CE-8786
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកសង្សារម្នាក់ជាអាជីវករលក់ដូរនៅផ្សារអូឡាំពិក និងមិត្តស្រីរបស់សង្សារម្នាក់ទៀត រួមដំណើរជាមួយ ទើបមកពីដើរលេងហើយបានទៅញ៉ាំបាយនៅម្តុំរោងកុនគិរីរម្យ រួចដឹកនាងត្រឡប់ទៅផ្ទះវិញនៅម្តុំអូឡាំពិក ដោយជិះយឺតៗកំពុងតែសាសងគ្នាតាមបណ្តោយផ្លូវព្រះស៊ីហនុ ក្នុងទិសដៅពីកើតទៅលិច ហួសស្តុបវត្តមហាមន្ត្រីប្រហែល៥ម៉ែត្រ ដែលជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ក្នុងនោះមានម៉ូតូជនសង្ស័យមួយគ្រឿង បានជិះកៀរម៉ូតូជនរងគ្រោះ ហើយធាក់ផ្តួល ស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងភ្ជង់ ធ្វើឱ្យមិត្តស្រីដែលរួមដំណើរជាមួយបាននាំគ្នារត់គេចខ្លួនអស់ នៅសល់តែម្ចាស់ម៉ូតូត្រូវជនសង្ស័យប្លន់យកម៉ូតូទៅបាត់ ។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីឱ្យជួយអន្តរាគមន៍ផងដែរ ៕
ចែករំលែកព័តមាននេះ