រាជធានីភ្នំពេញ ៖ នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៨ មេសា ២០១៥ នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីជាប្រពន្ធ និងប្អូនប្រុសថ្លៃរបស់បុរសជនជាតិអាល្លឺម៉ង់ដែលបាញ់សម្លាប់ខ្លួន យកមកសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះឃួន ស្រីមុំ និងប្អូនថ្លៃឈ្មោះឃួន ពុទ្ធិវង្ស អាយុ៣៦ឆ្នាំ ទាំង២នាក់ជាជនជាតិខ្មែរ ។
ប្រភពបន្តថា បើតាមចម្លើយជំហានដំបូងរបស់ប្អូនថ្លៃប្រុសឱ្យដឹងថា នៅមុនពេលកើតហេតុ បងថ្លៃរបស់ខ្លួន (ជនរងគ្រោះ) បានប្រើខ្លួនឱ្យទៅយកកាំភ្លើងក្នុងថតតុនៅឯផ្ទះយកមកមន្ទីរពេទ្យ ។ លុះពេលបងថ្លៃទទួលបានកាំភ្លើងរួច ក៏បានដេញខ្លួន និងគ្រូពេទ្យឱ្យចេញពីបន្ទប់ រួចក៏ឮសំឡេងបាញ់សម្លាប់ខ្លួនតែម្តង ។
តែទោះបីជាបែបណា សមត្ថកិច្ចមិនទាន់កំណត់យកចម្លើយរបស់ប្អូនថ្លៃនោះបានទេ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្ត ខណៈដែលសង្ស័យថា អាចមានគេសម្លាប់ជនរងគ្រោះរួច យកកាំភ្លើងទៅដាក់ក្បែរនោះផងដែរ ។
គួររំលឹកថា បុរសជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានគេសង្ស័យថា បាញ់សម្លាប់ខ្លួនខណៈគេប្រទះឃើញស្លាប់ក្នុងបន្ទប់លេខ២២២ ជាន់ទី២ ក្នុងមន្ទីរពេទ្យសែនសុខ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៥០នាទីរសៀលថ្ងៃទី០៧ មេសា ២០១៥ ស្ថិតនៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មើ Schamiidtberg Wolfgam ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅផ្ទះលេខ២០ ខណ្ឌទួលគោក បានយកកាំភ្លើងម៉ាកPអាម៉ាប់បាញ់មួយគ្រាប់ចំសៀតផ្កាខាងស្តាំ ធ្លាយមកខាងឆ្វេង ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានមិនទាន់ធ្វើកោសល្យវិច័យនៅឡើយ ខណៈករណីនេះមិនដឹងថា ជាករណីបាញ់សម្លាប់ខ្លួន ឬក៏ជាឃាតកម្មនោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ