រាជធានីភ្នំពេញ ៖ គូរស្នេហ៍វ័យក្មេងមួយគូបានស្រលាញ់គ្នាចិត្ត និងចិត្តទៅវិញទៅមករហូតពង្រត់គ្នាចេញពីផ្ទះអស់រយៈពេលជិត២សប្តាហ៍ លុះត្រឡប់ចូលផ្ទះវិញត្រូវឪពុកម្តាយខាងស្រីប្តឹងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនយកទៅធ្វើការអប់រំឱ្យឪពុកម្តាយរៀបចំទុកដាក់តាមទំនៀមទំលាប់ប្រពៃណី។ ការឃាតខ្លួននេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៦ មេសា ២០១៥ នៅតាមបណ្តោយផ្លូវ៧៧BTនៅ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បើយោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ការនាំខ្លួនយុវជនជាគូស្នេហ៍វ័យក្មេងខាងលើនេះ គឺធ្វើឡើងទៅតាមសំណូមពររបស់ម្តាយខាងស្រី សុំឱ្យកងរាជអាវុធហត្ថរាជធានី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជួយនាំខ្លួនគូស្នេហ៍ទាំង២មកអប់រំ ដើម្បីឱ្យអាណាព្យាបាលចេញមុខមកផ្សះផ្សាររៀបចំអាពាហ៍ពិពាហ៍ឱ្យពួកគេតាមប្រពៃណី ជៀសវាងពួកគេនាំគ្នាពង្រត់គ្នា វាមិនសមភ្នែកញាតិ ។
សូមបញ្ជាក់ថា យុវជនខាងលើមានឈ្មោះសេង ហុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ ហើយនារីជាគូស្នេហ៍ឈ្មោះ អ៊ុង គន្ធា អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ១៥ផ្លូវ៧៧BT ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ដោយឃើញទឹកចិត្តគូស្នេហ៍ទាំង២នាក់ខាងលើ បានស្រលាញ់គ្នាស្អិតល្មួត សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានសម្រេចចិត្តធ្វើការអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះវិញ ដោយពួកគេសន្យាថា នឹងចូលស្តីដណ្តឹងរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណី ៕
ចែករំលែកព័តមាននេះ